ចិននឹងផ្តោតលើការរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យនៅឆ្នាំ២០២៥

Posted By: RoogRog Robot | 26-Dec-2024 05:22:25

2024-12-26 08:17pm

(ប៉េកាំង)៖ សារព័ត៌មាន China Construction News បានរាយការណ៍ថា កិច្ចប្រឹងប្រែងដើម្បីរក្សាស្ថិរភាព និងទប់ស្កាត់ការធ្លាក់ចុះបន្ថែមទៀតនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននឹងបន្តទៅមុខទៀតនៅឆ្នាំ២០២៥។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាសែត China Construction News បានរាយការណ៍បន្ទាប់ពីសន្និសីទការងារដែលធ្វើឡើងដោយនិយតករលំនៅឋានចិនដែលបញ្ចប់នៅថ្ងៃពុធថា ប្រទេសចិននឹងជំរុញយ៉ាងខ្លាំងក្លានូវកំណែទម្រង់ប្រព័ន្ធលក់លំនៅឋានពាណិជ្ជកម្ម និងពង្រីកវិសាលភាពនវានុវត្តភូមិក្នុងទីក្រុងឱ្យលើសពីផែនការដែលកន្លងមកគ្រោងនឹងបន្ថែមចំនួន ១លានយូនីត។

កាសែត China Construction News បានរាយការណ៍ថា ប្រទេសចិននឹងគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការផ្គត់ផ្គង់លំនៅឋានពាណិជ្ជកម្ម ខណៈពេលដែលបង្កើនការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យ ដើម្បីជួយដោះស្រាយបញ្ហារស់នៅរបស់ប្រជាពលរដ្ឋចំណូលថ្មី យុវជន និងពលករចំណាកស្រុកក្នុងចំនួនច្រើន។

ក្រុមអ្នកបង្កើតគោលនយោបាយចិនបានបង្កើនកិច្ចប្រឹងប្រែងធ្វើឱ្យអចលនទ្រព្យរស់ឡើងវិញដោយបានដាក់ចេញវិធានការថ្មីៗ ដើម្បីជំរុញតម្រូវការទិញផ្ទះ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញយុទ្ធនាការគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍ជាប់បំណុលច្រើនដែលបានបង្កឱ្យមានវិបត្តិនៅឆ្នាំ២០២១។

ចាប់តាំងពីខែកញ្ញាមក វិធានការដែលមានបំណងលើកទឹកចិត្តឱ្យមានការទិញផ្ទះរួមមានទាំងការកាត់បន្ថយអត្រាប្រាក់កម្ចីទិញផ្ទះ និងប្រាក់បង់មុនដំបូងអប្បបរមា ក៏ដូចជាការលើកទឹកចិត្តពន្ធដើម្បីកាត់បន្ថយថ្លៃដើមប្រតិបត្តិការទិញផ្ទះ។

សន្និសីទដដែលបានឱ្យដឹងថា ទីផ្សារអចលនទ្រព្យបានបង្ហាញពីសន្ទុះស្ថិរភាពមួយចំនួន ដោយប្រតិបត្តិការទិញផ្ទះក្នុងខែតុលា និងខែវិច្ឆិកា បានមើលឃើញមានកំណើនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំនេះ។

ទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃផ្ទះនៅក្នុងប្រទេសចិនបានធ្លាក់ចុះក្នុងល្បឿនយឺតបំផុតក្នុងរយៈពេល ១៧ខែក្នុងខែវិច្ឆិកា ដែលគាំទ្រដោយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យវិស័យនេះរស់ឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...