(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានព្យាយាមយ៉ាងខ្លាំងក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅជាមួយតំបន់អាស៊ីអាគ្នេយ៍ ហើយកិច្ចប្រឹងប្រែងត្រូវបានមើលឃើញ តាមរយៈការចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិក និងអាស៊ាន។ ប៉ុន្តែ កិច្ចប្រឹងប្រែងនេះនៅតែមិនទាន់អាចដោះស្រាយមន្ទិលសង្ស័យរបស់បណ្ដាមេដឹកនាំអាស៊ាន មួយចំនួនចំពោះសហរដ្ឋអាមេរិកបាននោះទេ។ ការស្ទង់មតិឆ្នាំ២០២៤ ចេញផ្សាយដោយវិទ្យាស្ថាន ISEAS–Yusof Ishak Institute មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បានបង្ហាញជាលើកដំបូងថា ប្រសិនបើបង្ខំចិត្តត្រូវជ្រើសរើស បណ្ដាមេដឹកនាំអាស៊ានភាគច្រើននឹងជ្រើសរើសឈរនៅចិន ក្នុងករណីជម្លោះរវាងអាមេរិក និងចិនផ្ទុះឡើង។
ដើម្បីពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយអាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិកបានប្រមើលឃើញថាមេដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់ កំពុងស្វែងរកដៃគូ ជាពិសេសនៅក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ច។ ហ្វីលីពីនបានពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក ក្នុងនោះរួមមានទាំងការបង្កើនចំនួនមូលដ្ឋានទ័ពដែលកងទ័ពអាមេរិកអាចចូលប្រើប្រាស់ បានទៀតផង។ ឥណ្ឌូណេស៊ី នៅតែបន្តមានមោទនភាពនៅក្នុងការធ្វើជាសហម្ចាស់ផ្ទះរៀបចំសមយុទ្ធ Exercise Garuda Shield ដែលជាសមយុទុ្ធពហុជាតិសាសន៍ប្រចាំឆ្នាំដ៏ធំមួយ ក្នុងពេលដែល យោធាឥណ្ឌូណេស៊ីមានបំណងធ្វើការជាមួយនឹងសមភាគីអាមេរិក និងដើម្បីអាចទិញអាវុធ ឬបរិក្ខារយោធាពីសហរដ្ឋអាមេរិក។
ចំណែកឯ សិង្ហបុរី ថ្មីៗនេះបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោន នៅក្នុងវិស័យ AI និងប្រព័ន្ធស្វ័យប្រវត្តិនៅក្នុងវិស័យយោធា។ ដោយឡែក កម្ពុជាដែលមានទំនាក់ទំនងស្អិតល្មួតជាមួយ ចិន ក៏កំពុងសម្លឹងរកការពង្រឹងទំនាក់ទំនងការពារជាតិជាមួយសហរដ្ឋអាមេរិកផងដែរ ជាពិសេសពាក់ព័ន្ធនឹងឱកាសទទួលបានការបណ្ដុះបណ្ដាលយោធានៅសហរដ្ឋអាមេរិក ដែលប្រទេសនានាក្នុងតំបន់ ប្រាថ្នាចង់បាន។ ក្រៅពីនេះ សហរដ្ឋអាមេរិកកំពុងបើកចំហទ្វារ នៅពេលនិយាយដល់ការគាំទ្រដល់គោលដៅសេដ្ឋកិច្ចនៅក្នុងចំណោមប្រទេសជាដៃគូរបស់ខ្លួន។ បើតាមការស្ទង់មតិខាងលើដដែល បណ្ដាមេដឹកនាំអាស៊ានសុទ្ធតែមើលឃើញថា <<បញ្ហាគ្មានការងារធ្វើ និងការថយក្រោយនៃសេដ្ឋកិច្ច>> រួមទាំងគម្លាតសង្គមសេដ្ឋកិច្ចធំខ្លាំងពេក និងអសមតុល្យប្រាក់ចំណូល គឺជាបញ្ហាប្រឈមដែលប្រទេស របស់ពួកគេត្រូវដោះស្រាយជាអាទិភាព។ នេះបានន័យអាស៊ីគ្នេយ៍ទាំងមូល ចាំបាច់ត្រូវតែរកដៃគូ។ នៅក្នុងប្រទេសវៀតណាម ទោះជាមានការច្រានចោលការស្នើសុំរបស់ទីក្រុងហាណូយដែលចង់បាន <<ឋានៈជាសេដ្ឋកិច្ចទីផ្សារ>> ក៏ពិតមែន ក៏លំហូរពាណិជ្ជកម្ម និងការវិនិយោគទ្រង់ទ្រាយធំពីសហរដ្ឋអាមេរិកនៅតែ ហូរចូលទៅកាន់វៀតណាម ក្រោមក្របខណ្ឌនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលត្រូវបាន ចុះហត្ថលេខាកាលពីឆ្នាំ២០២៣ ជាមួយការផ្ដោតលើគម្រោងវិស័យហិរញ្ញវត្ថុឯកជន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ការថែទាំងសុខភាព និងវិស័យសហគ្រាសខ្នាតតូច។
ដោយឡែក ថៃដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ មានបំណងប្រាថ្នាដូចគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអាមេរិក តួយ៉ាងក្នុងវិស័យផលិត រថយន្ដ និងការវិនិយោគលើវិស័យផលិតថាមពល ខណៈក្នុងពេលដំណាលគ្នា ក្រុមហ៊ុនអាមេរិកជាច្រើនបានចូលរួមចំណែកបង្កើតការងារជិត ៣០០ ០០០កន្លែងនៅម៉ាឡេស៊ី ហើយបានផ្ដល់ អាហាររូបករណ៍សិក្សា។ តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគខ្លះយល់ថាគោលនយោបាយអាមេរិក ហាក់នៅតែចាត់ទុកអាស៊ីអាគ្នេយ៍ជា <<ទីលានប្រយុទ្ធ>> និងយល់ថា ការចូលរួមរបស់ខ្លួននៅក្នុងតំបន់ គឺដើម្បីប្រកួតប្រជែងជាមួយចិន។ ចិនដែលជាប្រទេសមានទឹកដីធំជាងគេបំផុតនៅអាស៊ី នឹងតែងតែដើរតួនាទីសំខាន់ នៅក្នុងជោគវាសនានៃដៃគូភាគខាងត្បូង របស់ខ្លួន ដោយសារតែកត្តាប្រវត្តិសាស្ត្រ សង្គមវប្បធម៌ និងទំនាក់ទំនងសេដ្ឋកិច្ច ព្រមទាំងដោយសារទំហទឹកដី និងទីតាំងភូមិសាស្ត្រស្ថិតនៅក្បែរអាស៊ីអាគ្នេយ៍។ ម្លោះហើយ ការស្វែងរកការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នា ដោយអបក្រសោប នូវផ្នត់គំនិតថា <<ឱ្យតែខ្លួនឯងបានឈ្នះ មិនខ្វល់ពីអ្នកផ្សេង>> គឺគ្មានប្រយោជន៍នោះទេ។
ពីព្រោះថាដើម្បីប្រយោជន៍ បណ្ដាប្រទេសទាំងអស់ក្នុងតំបន់អាស៊ីគ្នេយ៍ នឹងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកត្រឹមតែជាមធ្យោបាយរក្សាតុល្យភាពទំនាក់ទំនងតែប៉ុណ្ណោះជាមួយចិន ហើយពួកគេក៏អាចធ្វើដូចគ្នានេះជាមួយបណ្ដាប្រទេសដទៃដូចជាឥណ្ឌា និងជប៉ុនជាដើម។ អាស៊ាន ឬអាស៊ីគ្នេយ៍មិនត្រឹមតែភ័យបារម្ភពីការសម្លុតគំរាមពីចិនទេ តែពួកគេក៏បារម្ភពីការសម្លុតគំរាមពី សហរដ្ឋអាមេរិកដែរ។ បើតាមក្រុមអ្នកវិភាគខាងកិច្ចការតំបន់អាស៊ីអាគ្នេយ៍ មេដឹកនាំបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ខ្វាយខ្វល់ដូចគ្នាៗពីភាពមិនស៊ីសង្វាក់គ្នារវាងគោលនយោបាយ និងការអនុវត្ត ជាក់ស្ដែងរបស់សហរដ្ឋអាមេរិក។ ពោលប្រសិនបើចាត់ទុកចិនជាការគំរាមកំហែង អាមេរិកប្រាកដជាបង្ខំឱ្យអ្នកផ្សេងធ្វើតាមខ្លួនដែរ បើមិនចង់ជាប់ទណ្ឌកម្ម។ លើសពីនេះទៅទៀត អ្វីដែលបណ្ដា មេដឹកនាំអាស៊ាននៅតែមានការសង្ស័យចំពោះអាមេរិក នោះគឺការធ្វើសោះកក្រោះដាក់ប្រទេសដែលវ៉ាស៊ីនតោនមិនសូវមើលធ្ងន់។
ជាឧទាហរណ៍៖ កាលពីឆ្នាំ២០២៣ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបញ្ជូនអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ឱ្យចូលរួមប្រជុំកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតាជំនួសរូបលោក ហើយលោក បៃដិនផ្ទាល់បានយកជើងជាន់ដីឥណ្ឌូណេស៊ីដែលបងធំអាស៊ាន តែម្ដងគត់អំឡុងចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលីកាលពីឆ្នាំ២០២២។ ស្រដៀងគ្នានេះដែរ លោក ចូ បៃដិន បានធ្វើទស្សនកិច្ចទៅកាន់កម្ពុជា អំឡុងកម្ពុជាជាប្រធានអាស៊ាន ខណៈលោកបញ្ជូនរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ទៅកាន់ទីក្រុងភ្នំពេញ ក្រោយកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La ក្នុងឆ្នាំនេះ ក្នុងគោលបំណងហាក់ត្រឹមតែសាកល្បងជួសជុលទំនាក់ទំនងទ្វេភាគីឡើងវិញតែប៉ុណ្ណោះ មិនមែនជាការតាំងចិត្តនោះទេ។
បណ្ដាប្រទេសជាសមាជិកអាស៊ានខ្លះ ក៏មិនពេញចិត្តផងដែរចំពោះអ្វីដែលពួកគេយល់ថាជា <<ស្ដង់ដារ២>>។ ថ្នាក់ដឹកនាំកម្ពុជាមានអារម្មណ៍ថាពួកគេត្រូវបានប្រដៅណែនាំពីប្រជាធិបតេយ្យ និងសេរីភាព ខណៈអាមេរិកបិទភ្នែក ឬធ្វើមិនឃើញពីការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធើណិតនៅក្នុងប្រទេសវៀតណាម។ ជាការពិតណាស់ ការចាត់ទុកដៃគូគឺមិនអាចស្មើភាពគ្នានោះទេ ប៉ុន្តែនៅក្នុងករណីអាស៊ាន គម្លាតខ្លាំងពេកនៃភាពមិនស្មើគ្នានឹងទទួលបានមកវិញនូវការសង្ស័យច្រើន ជាជាងលើកកម្ពស់ភាពគួរឱ្យទុកចិត្តបានលើសហរដ្ឋអាមេរិកក្នុងនាមជាអ្នកការពារប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា ដូចដែលបានលើកឡើងខាងលើ បណ្ដាមេដឹកនាអាស៊ានគឺមានភាពប្រាកដនិយម ហើយពេញចិត្តនឹងការបន្តចាប់យកឱកាសធ្វើកិច្ចសហប្រតិបត្តិការជាមួយអាមេរិកផង និងប្រទេសជាដៃគូ ផ្សេងទៀតផង ជាផ្នែកមួយនៃគោលនយោបាយការបរទេស និងយុទ្ធសាស្ត្រពហុទិស។ ដូច្នេះប្រធានាធិបតីអាមេរិកនៅអាណ្តិថ្មីមិនថាជាលោកស្រី កាម៉ាឡា ហារីស ឬលោក ដូណាល់ ត្រាំ នឹងត្រូវប្រឈម ជាមួយតំបន់អាស៊ីអាគ្នេយ៍ ដែលមានទិសដៅច្រើនជាមួយមេដឹកនាំថ្មីៗឡើងដឹកនាំប្រទេស។ ហ្វីលីពីននឹងកាន់តែបង្កើនការធ្វើសកម្មភាពដោះស្រាយបញ្ហាជាមួយចិននៅសមុទ្រចិនខាងត្បូង ខណៈម៉ាឡេស៊ី នៅក្រោមការដឹកនាំរបស់លោក Anwar Ibrahim និងកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត មានទំនោរខិតជិតទៅរកចិន។ រីឯ ឥណ្ឌូណេស៊ីនឹងកាន់តែមានគោលនយោបាយការបរទេស ម៉ឺងម៉ាត់ នៅក្រោមការដឹកនាំរបស់លោក Prabowo ជាពិសេសចំពោះលោកខាងលិច ហើយវៀតណាម និងសិង្ហបុរី នឹងនៅតែរក្សាគោលនយោបាយការបរទេស នោះគឺរៀនរស់នៅជាមួយគ្រប់មហាអំណាច និងប្រទេសជាដៃគូទាំងអស់៕