(ភ្នំពេញ)៖ លោក លឹម សុវណ្ណរិទ្ធ អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញអំពីអត្ថបទ <<ទម្រង់ផ្ការីក ដែលប្រជាជាតិខ្មែរត្រូវការ>> នៅក្រោយពេលមានការបំផុសនូវចលនាទុច្ចរិត បំផុសបំផុល អុជអាល ដុតបញ្ឆេះកំហឹងពលរដ្ឋឱ្យខឹងស្អប់ និងប្រឆាំងរាជរដ្ឋាភិបាល ដោយប្រើប្រាស់នូវពាក្យថា <<ផ្ការីក>>។ តើទម្រង់ផ្ការីកអ្វីទៅ ដែលប្រជាជាតិខ្មែរត្រូវការនោះ?
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងរបស់លោក លឹម សុវណ្ណរិទ្ធ អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានផ្ញើមកកាន់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤៖
ឈានមកដល់រដូវធ្លាក់ខ្យល់ពីជើង អាកាសធាតុបានចាប់ផ្ដើមត្រជាក់ខ្លាំងទៅតាមរដូវ ប៉ុន្តែបរិយាកាសនយោបាយនៅកម្ពុជា មិនបានត្រជាក់ទៅតាមរដូវនោះទេ ពោលគឺអ្នកនយោបាយខ្មែរមួយចំនួន តែងតែព្យាយាមដុតបញ្ឆេះកំដៅនយោបាយជាប់ជានិច្ច រាប់ចាប់តាំងពីការទាញព្រឹត្តិការណ៍នៅតាមប្រទេសនានាភ្ជាប់មកកម្ពុជា និងការយកបញ្ហាមួយចំនួនបំភ័ន្ត និងដុតបញ្ឆេះកំហឹងពលរដ្ឋឱ្យខឹងស្អប់ និងប្រឆាំងរាជរដ្ឋាភិបាល។
ចុងក្រោយនេះ អ្នកនយោបាយប្រឆាំងបានប្រើប្រាស់ពាក្យ <<ផ្ការីក>> ដើម្បីបំផុសចរន្តប្រឆាំងរដ្ឋាភិបាល តាមរយៈការបំផុសកំហឹងពលរដ្ឋ ឱ្យមានការឈឺចាប់នឹងបញ្ហាសង្គម ដុតបញ្ឆេះបញ្ហាអធិបតេយ្យ និងរុញច្រានស្ថានការណ៍នយោបាយក្នុងស្រុកឱ្យកើនកំដៅ ដើម្បីឱ្យគេមើលឃើញថា ខ្លួនកំពុងទទួលបានការគាំទ្រ ហើយព្យាយាមអះអាងថា រដ្ឋាភិបាលកំពុងតែមានការប្រុងប្រយ័ត្នខ្លាំង ចំពោះចរន្តងើបឡើងរបស់ប្រជាពលរដ្ឋតាមការអំពាវនាវរបស់ខ្លួន។
ទោះជាយ៉ាងណានៅកម្ពុជា រដូវរំហើយបានមកដល់ខ្យល់ក៏ធ្លាក់អាកាសធាតុក៏ត្រជាក់ តែចិត្តអ្នកនយោបាយក្រៅស្រុកនៅតែបន្តក្ដៅជាប់ជានិច្ច។ ក្ដៅក៏ព្រោះតែកន្លងមកនេះ បើទោះបីជាខ្លួនព្យាយាមញុះញង់ បំប៉ោងព្រឹត្តិការណ៍ និងបំភ័ន្តការពិតដើម្បីបំផុសបំផុលឱ្យពលរដ្ឋខ្មែរ ចូលរួមបាតុកម្មដែលខ្លួនបានរៀបចំនៅបរទេស និងគម្រោងបាតុកម្មក្នុងស្រុកប្រឆាំងរដ្ឋាភិបាលក្ដី ក៏នៅតែមិនមានការចូលរួម និងគាំទ្រខ្លាំងក្លាតាមការចង់បានរបស់ខ្លួនឡើយ។
បន្ទាប់ពីការព្យាយាមជាច្រើនលើកច្រើនសារ នៅក្នុងការរៀបចំបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល និងការបង្កើតព្រឹត្តិការណ៍ ក៏ដូចជាចលនាផ្សេងៗ ដែលចុងក្រោយនេះគឺ ចលនាដែលអតីតមេដឹកនាំគណបក្សប្រឆាំងហៅថា <<ចលនាជាតិតស៊ូ>> មិនបានសម្រេច ពេលនេះអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស បានបំផុសពាក្យ <<ផ្ការីក>> ស្ទើរនៅគ្រប់សារនយោបាយដែលខ្លួនបានលើកឡើង។ <<ផ្ការីក>> ដែលលោក សម រង្ស៊ី ចង់បាននោះ ជាការចង់សាកល្បងរុញចលនាខាងក្នុងឱ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល បន្ទាប់ពីបរាជ័យនៃការរៀបចំបាតុកម្មជាបន្តបន្ទាប់នៅបរទេស ដោយពុំសម្រេចបានតាមការចង់បានរបស់ខ្លួន។
ទោះជាយ៉ាងនេះក្ដីសារញុះញង់នេះ មិនបានទទួលផលតាមការចង់បានរបស់លោក សម រង្ស៊ី ទាល់តែសោះ ព្រោះគេអាចពិចារណាបានយ៉ាងងាយថា ប្រសិនបើរឿងនេះជាការពិតមែននោះ លោក សម រង្ស៊ី ច្បាស់ជាព្យាយាមបិទបាំង និងការពារកុំឱ្យមានការលេចឮព័ត៌មាន ឬបញ្ចៀសការសង្ស័យថា សមាសភាពដែលគាំទ្រ ឬចូលរួមនៅក្នុងមហិច្ឆតាចង់បានអំណាចរបស់លោក សម រង្ស៊ី នៅក្នុងជួរគណបក្សកាន់អំណាច ឬរាជរដ្ឋាភិបាលជាក់ជាមិនខាន តែផ្ទុយទៅវិញលោកបានព្យាយាមប្រើប្រាស់សារ ដើម្បីឱ្យមេដឹកនាំបក្សកាន់អំណាច ជឿជាក់លើសារនេះទៅវិញ។ នេះហាក់ដូចជា លោក សម រង្ស៊ី ខំប្រឹងស្រមើលស្រមៃខ្លាំងពេកនៅក្នុងការរៀបចំយុទ្ធសាស្ត្រនយោបាយ រហូតដល់ចេញចំណុចខ្សោយដែលគេងាយមើលយល់យ៉ាងដូច្នេះ។
ជាមួយគ្នានេះដែរ ការមើលឃើញកាន់តែច្បាស់របស់ប្រជាពលរដ្ឋខ្មែរ អំពីចេតនានយោបាយទុច្ចរិតចំពោះប្រទេសជាតិពីសំណាក់អ្នកនយោបាយប្រឆាំង បានធ្វើឱ្យពលរដ្ឋលែងមានក្ដីសង្ឃឹម ហើយក៏គ្មានការជឿជាក់បន្ត ទៅលើក្រុមអ្នកនយោបាយប្រឆាំង ដែលតែងតែកេងចំណេញពីស្មារតីជាតិនិយមរបស់ប្រជាពលរដ្ឋផងដែរ។ ការណ៍នេះក៏បានក្លាយជាចបសម្រាប់ជីកកប់អាជីពនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដែលព្យាយាមបំភ្លៃការពិត ប្រតិដ្ឋហេតុការណ៍ ដើម្បីទាក់ទាញការគាំទ្រនិងចូលរួមនៅក្នុងសេនារីយ៉ូដណ្ដើមអំណាចរបស់ខ្លួនផងដែរ ដូចពាក្យចាស់បុរាណពោលថា <<ភូតច្រើនចាញ់អាត្មា>>។
បទពិសោធន៍ប្រវត្តិសាស្ត្រខ្មែរ ដែលបានបន្សល់ទុក គឺជាមេរៀនដ៏មានអត្ថន័យបំផុត ដែលអ្នកនយោបាយខ្មែរត្រូវតែរៀនសូត្រ ចងចាំ និងដាស់តឿនស្មារតីខ្លួនឱ្យបានជាប់ជានិច្ចថា ចាប់តាំងពីក្រោយសម័យអង្គរ ដោយសារតែការបែកបាក់សាមគ្គីភាពផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ បានធ្វើឱ្យប្រទេសជាតិមួយនេះត្រូវបាត់បង់ទឹកដី និងអធិបតេយ្យជាតិជាបន្តបន្ទាប់រៀងមក ហើយគឺជាការហុចឱកាសទៅឱ្យបរទេស អាចចូលលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ខ្មែរ អាចត្រួតត្រានិងចាត់ចែងជោគវាសនានៃអ្នកដឹកនាំ និងប្រជាជនខ្មែររហូតស្ទើតែបាត់បង់ឈ្មោះចេញពីផែនទីពិភពលោក។
ជាការពិតណាស់ ប្រជាពលរដ្ឋខ្មែរ ពិតជាឆ្អែតឆ្អន់ហើយនឹងសង្គ្រាមនិងការបែកបាក់ផ្ទៃក្នុងជាតិមិនឈប់ឈរនៅក្នុងប្រវត្តិសាស្ត្រ ពិសេសសង្គ្រាមស៊ីវិលជាង៣ទសវត្សរ៍កន្លងទៅនេះ ដូច្នេះការព្យាយាមបំផុសបំផុលប្រជាពលរដ្ឋឱ្យចូលរួមនៅក្នុង បដិវត្តន៍ដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់មួយ គឺជារឿងដែលមិនអាចទៅរួចឡើយនៅក្នុងពេលបច្ចុប្បន្ន។
នៅចំពោះមុខសភាពការណ៍បច្ចុប្បន្ននៃពិភពលោក ដែលកំពុងប្រឈមនឹងវិបត្តិជាសាកលដូចជា វិបត្តិសេដ្ឋកិច្ច ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ យុទ្ធសាស្ត្រថ្មីរបស់មហាអំណាច កំណើនខ្ពស់នៃតម្រូវការសេដ្ឋកិច្ចនិងសង្គម ផ្ការីកដែលប្រជាជាតិខ្មែរត្រូវការនាពេលនេះគឺ៖
១៖ ផ្ការីកចម្រុះពណ៌ នៃនយោបាយការបរទេស ដែលកម្ពុជាត្រូវការទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលហុចផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីរក្សាស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាការពង្រឹងតួនាទីរបស់កម្ពុជានៅក្នុងកិច្ចការតំបន់និងលើឆាកអន្តរជាតិ។
២៖ ផ្ការីក ដែលជាផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកំណើនជីវភាពប្រជាជន តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារសង្គម និងគោលនយោបាយអភិវឌ្ឍជាតិប្រកបដោយចីរភាព
៣៖ ផ្ការីក ពិតប្រាកដនៅក្នុងចិត្តប្រជាជន នៅក្នុងបរិយាកាសអំណោយផលនៃសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ
៤៖ ផ្ការីក ដែលតំណាងឱ្យការរស់នៅប្រកបដោយសុដុមនីយកម្មរវាងគ្នានឹងគ្នា រវាងខ្មែរគ្រប់និន្នាការនយោបាយ សាសនា វប្បធម៌ និងគ្រប់វណ្ណៈ/សាវតាសង្គម ជាជាងការសាបព្រោះមនោគមវិជ្ជាដែលធ្វើឱ្យខ្មែរស្អប់ខ្ពើមគ្នា មើលគ្នាក្នុងភាពជាសត្រូវ ប្រកាន់បក្ខពួកឬពណ៌សម្បុរនយោបាយ។
ជារួមទាំងអ្នកនយោបាយ និងពលរដ្ឋ សុទ្ធសឹងតែមានកាតព្វកិច្ចចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាជាងការដុតបញ្ឆេះផ្ទះខ្លួនឯង ដើម្បីតែផលប្រយោជន៍សួនតួរបស់ខ្លួន ព្រោះប្រទេសជាតិនេះគឺជាផ្ទះ និងជាមាតុភូមិរបស់យើងជាជនជាតិខ្មែរទាំងអស់គ្នា។
ដូចបានលើកឡើងខាងលើ មេរៀនប្រវត្តិសាស្ត្របានបង្រៀនយើងយ៉ាងច្បាស់ថា នៅពេលដែលខ្មែរបែកបាក់ បរទេសតែងតែឆ្លៀតលូកដៃចូលកកូរកកាយកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ហើយយើងពិតជានឹងមិនអាចមានឱកាសនាំប្រទេសជាតិ ឈានឆ្ពោះទៅការរីកចម្រើនដូចអារ្យប្រទេសដទៃបានឡើយ។
ការផ្លាស់ប្ដូរអំណាចតាមរយៈការធ្វើបដិវត្តន៍ គឺជារឿងដែលត្រូវចៀសវាងឱ្យខាងតែបាន ព្រោះសង្គ្រាមងាយនឹងបង្កើត តែពិបាកនឹងបញ្ចប់ ហើយនឹងនាំមកនូវមហន្តរាយដ៏ធំធេងសម្រាប់ប្រជាជាតិទាំងមូល។ លើសពីនេះទៅទៀត អ្នកនយោបាយខ្មែរគ្រប់រូប ក៏គួរតែចាប់ភ្លឹក នឹកឈ្វេងយល់ថា ដូនតាខ្មែរបានបន្សល់នូវកេរដំណែលដ៏ច្រើនសន្ធឹកសន្ធាប់ឱ្យយើងជាអ្នកជំនាន់ក្រោយ ដូច្នេះយើងក៏គួរតែបន្សល់នូវស្នាដៃនិងសមិទ្ធផលសម្រាប់អ្នកជំនាន់ក្រោយដូចគ្នាដែរ ដូចពាក្យចាស់ពោលថា <<ទូកទៅកំពុងនៅ>> ចៀសវាងត្រូវអ្នកជំនាន់ក្រោយស្ដីបន្ទោសនិងចាត់ទុកជាគំរូអាក្រក់ក្នុងប្រវត្តិសាស្ត្រ៕