សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញានៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា រៀបចំកម្មវិធីសប្បុរសធម៌លើកទី១ នៅសាលាសិក្សាក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង (Video inside)

Posted By: RoogRog Robot | 21-Dec-2024 16:47:58

2024-12-21 04:42pm

(បាត់ដំបង)៖ សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា រួមទាំងសិស្សចៅក្រម និងព្រះរាជអាជ្ញាជំនាន់ទី១១និងទី១២ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីសប្បុរសធម៌លើកទី១ របស់សាលា ក្នុងការបរិច្ចាគសម្ភារៈសិក្សា ឯកសណ្ឋានសិស្ស អាហារ ធុងចម្រោះទឹកស្អាត ក្ដារខៀននិងថវិកា ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាអំពិលឈូង និងសាលាបឋមសិក្សាស្វាយបុប្ជា ស្ថិតក្នុងភូមិអំពិលឈូងឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

កម្មវិធីសប្បុរធម៌នេះ ប្រព្រឹត្តឡើងក្រោមគំរូសកម្មភាព និងអនុសាសន៍ណែនាំរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាល បណ្ឌិត្យសភាភូមិន្ទ យុត្តិធម៌កម្ពុជា ដោយមានលោក ហេង សុខណា នាយកសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា នៃបណ្ឌិត្យ សភាភូមិន្ទយុត្តិធម៌កម្ពុជា ជាប្រធានកម្មវិធីសប្បុរសធម៌ និងមានសមាជិកជាសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ព្រមទាំងការចូលរួមសប្បុរជនពីគ្រប់មជ្ឈដ្ឋាន ក្នុងគោលដៅជាអាទិភាពលើការងារសប្បុរធម៌ និងការអប់រំ ដល់ជនងាយរងគ្រោះជា កុមារកំព្រា កុមារក្រីក្រ សិស្ស និង និស្សិត នៅតាមសហគមន៍ ឬគ្រឹះស្ថានអប់រំនានា ដោយផ្ដល់ជាជំនួយសប្បុរធម៌ ផ្សាភ្ជាប់ការអប់រំពាក់ព័ន្ធនឹងអនាម័យ សុខមាលភាព ដើម្បីកាត់បន្ថយបញ្ហាប្រឈមក្នុងសង្គមមួយចំនួន ដូចជាគ្រឿងញៀន ក្មេងទំនើង និងអំពើអបាយមុខផ្សេងទៀតផង។

ក្រុមការងារនៃកម្មវិធីសប្បុរសធម៌របស់សាលាភូមិន្ទចៅក្រមនិងព្រះរាជអាជ្ញា នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ បានថ្លែងអំណរគុណចំពោះលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងលោកស្រី ដែលលោកទាំងពីរបានផ្តួចផ្តើមកម្មវិធីនេះឡើង និងផ្ដល់ការឧបត្ថម្ភទាំងធនធាន គំនិត និងធនធានថវិកា ក្នុងការរៀបចំបង្កើតកម្មវិធីសប្បុរធម៌នេះ។

បន្ថែមលើនេះ ក្នុងនាមលោកជាប្រធាននៃកម្មវិធី សប្បុរធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សមាជិកជាសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញាជំនាន់ទី១១ និងទី១២ នៃសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា និងសប្បុរសជន កម្មវិធីទាំងអស់ ដែលបានចូលរួមបរិច្ចាគគ្រប់រូបភាព ជួយឱ្យកម្មវិធីនាថ្ងៃនេះប្រព្រឹត្តឡើងប្រកបដោយផ្លែផ្កា។

លោកប្រធានសង្ឃឹមយ៉ាងម៉ុតមាំថា កម្មវិធីសប្បុរសធម៌របស់សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា នឹងបន្តធ្វើសកម្មភាពសប្បុរសធម៌ក្រោមពាក្យស្លោក <<ទាំងអស់គ្នាដើម្បីសប្បុរសធម៌ និងការអប់រំ>> ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការងារសប្បុរសធម៌ និងជួយឲ្យកុមារ យុវជន យល់ដឹងបន្ថែមពីចំណេះដឹងទូទៅ និងច្បាប់ លើកទឹកចិត្តឲ្យពួកគេស្រលាញ់ការសិក្សា ជាពិសេសការសិក្សាលើ វិជ្ជាជីវៈច្បាប់ ព្រមទាំងផ្ដល់លទ្ធភាព និងឱកាសឲ្យពួកគេអាចក្លាយ ជាធនធានសម្រាប់សង្គមជាតិ នាពេលអនាគត។

កម្មវិធីសប្បុរសធម៌នេះ នឹងក្លាយជាកម្មវិធីមួយជួយបណ្ដុះបណ្ដាល ដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជាសមាជិកនៃ កម្មវិធី ដែលបានទទួលកាបណ្ដុះបណ្ដាលចំណេះដឹងជាទ្រឹស្ដី និងការអនុវត្តក្នុងនីតិវិធីច្បាប់រួចមក បានទទួលបន្ថែមក្នុងការ បណ្ដុះគំនិតសប្បុរសធម៌ ដែលជាគុណធម៌ដ៏ប្រពៃរបស់មនុស្សរស់នៅក្នុងសង្គម អាចជួយឲ្យពួកគេក្លាយទៅជាធនធានចៅក្រម និងព្រះរាជអាជ្ញា ដែលមានទាំងសមត្ថភាពចំណេះដឹង និងគុណធម៌ ដើម្បីចូលរួមបម្រើដល់ការផ្ដល់សេវាយុត្តិធម៌ ដល់ប្រជាពលរដ្ឋក្នុងសង្គមផងដែរ៕











































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...