អ្នកគាំទ្រ​ និងអ្នកប្រឆាំងប្រធានាធិបតី​កូរ៉េខាងត្បូង​ លោក​ Yoon ចេញតវ៉ា​រៀងៗខ្លួន​ នៅកណ្តាលក្រុងសេអ៊ូល

Posted By: RoogRog Robot | 21-Dec-2024 18:38:53

2024-12-21 06:32pm

(សេអ៊ូល)៖​ ក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំងប្រធានាធិបតីកូរ៉េខាងត្បូង លោក​ Yoon Suk Yeol បាននាំគ្នាធ្វើការតវ៉ាតទល់គ្នា​ នៅក្នុងទីក្រុងសេអ៊ូល​ នាថ្ងៃសៅរ៍ ទី២១​ ខែធ្នូ​នេះ​មួយសប្តាហ៍ក្រោយការបោះឆ្នោតដកតំណែងរបស់​សភា​ ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ក្រុមអ្នកប្រឆាំង លោក​ Yoon រាប់ម៉ឺននាក់អាយុចន្លោះពី​ ២០ឆ្នាំ​ ទៅ​៣០ឆ្នាំ​ បានប្រមូលផ្តុំគ្នានៅរសៀលម៉ោង​ ៣​ ដោយមានគ្រវីដំបងភ្លើង K-Pop និងសញ្ញាដែលសរសេរពាក្យថាឱ្យចាប់ខ្លួន​ លោក​ Yoon​ ជាដេីម។ រីឯក្រុមអ្នកគាំទ្រលោក Yoon ជាច្រើនពាន់នាក់ ដែលភាគច្រើនមានវ័យចំណាស់ និងជាក្រុមអ្នកអភិរក្សនិយម ប្រឆាំងនឹងការដកតំណែងលោក Yoon ហេីយគាំទ្រឱ្យស្តារអំណាចរបស់លោកឡើងវិញ បានប្រមូលផ្តុំគ្នាតាំងពីពាក់កណ្តាលថ្ងៃត្រង់មក។

គិតត្រឹមម៉ោង​ ៤រសៀល​ (ម៉ោងនៅសេអ៊ូល)​ បាតុកម្មគាំទ្រ និងប្រឆាំងលោក Yoon នៅសង្កាត់​Gwanghwamun កណ្តាលរដ្ឋធានីសេអ៊ូល​ មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ណាមួួយទេ។

គួរបញ្ជាក់ថា​ អំណាចប្រធានាធិបតីរបស់ លោក​ Yoon ត្រូវបានព្យួរ ប៉ុន្តែលោកនៅតែកាន់តំណែង។ លោកមិនបានអនុវត្តតាមការកោះហៅផ្សេងៗដោយអាជ្ញាធរស៊េីបអង្កេតនោះទេ។ លោកក៏មិនបានឆ្លើយតបចំពោះបំណងសួរនាំពីតុលាការធម្មនុញ្ញ​ ដែលជាអ្នកសម្រេចដក ឬស្ដារអំណាចប្រធានាធិបតីរបស់លោកឡើងវិញដែរ។ តុលាការ​ធម្មនុញ្ញកូរ៉េខាងត្បូង​ គ្រោង​​បើក​សវនាការ​ត្រៀម​ខ្លួន​លើក​ដំបូង​ នៅ​ថ្ងៃ​សុក្រសប្តាហ៍ក្រោយ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...