សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យពង្រឹងភាសាខ្មែរ សម្រាប់សិស្សថ្នាក់បឋម (Video inside)

Posted By: RoogRog Robot | 27-Jul-2024 12:37:45

2024-07-27 12:32pm

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងជំរុញឲ្យពង្រឹងការសិក្សាមុខវិជ្ជាភាសាខ្មែរ សម្រាប់សិស្សានុសិស្សនៅថ្នាក់បឋមសិក្សា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា អាណត្តិដំបូងនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងជំរុញពង្រឹងបឋមសិក្សាឲ្យកាន់តែរឹងមាំ ដើម្បីឈានទៅកម្រិតផ្សេងទៀត។

យោងតាមការថ្លែង នៅព្រឹកថ្ងៃសៅរ៍​ ទី២៧​ ខែកក្កដា​ ឆ្នាំ២០២៤ ពីខេត្តកំពង់ឆ្នាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញសិស្សសាលា ត្រូវមានទាំងចំណេះដឹង សីលធម៌ និងគុណធម៌។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា <<កូនខ្មែរ ត្រូវចេះភាសាខ្មែរ និងគណិតឲ្យខ្លាំង ឲ្យរឹងមាំ ព្រោះបើមិនអីចឹងទេ យើងពិបាក។ អីចឹងបាននៅសាលាឯកជនបរទេសខ្លះ ថ្ងៃមុនខ្ញុំឲ្យក្រសួងអប់រំធ្វើម៉េច សាលាបរទេសក៏ដោយ ស្អីក៏ដោយ ត្រូវតែដាក់ភាសាខ្មែរឲ្យកូនខ្មែររៀន អាហ្នឹងខ្ញុំបញ្ជាឲ្យបាន។ សម្រាប់យើង ខ្ញុំគិតថា បឋមសិក្សានេះគឺដូចគ្នា ព្រោះក្មេងជាក្រដាស <<ស>> អីចឹងលោកគ្រូអ្នកគ្រូ ឪពុកម្តាយគិតមើល ម្ង៉ៃយើងមានតែ ២ម៉ោង បើយើងយកតែពាក់កណ្តាលនេះទៅរៀនភាសាអង់គ្លេសហើយ យើងនៅសល់តែ ១ម៉ោងទៀតសម្រាប់បំប៉នគណិត បំប៉នជំនាញផ្សេងៗ បំប៉នភាសាខ្មែរ។ អានេះ គឺយើងថ្នាក់តូច ដល់ថ្នាក់ទី៤ ដូចយើងបន្ថែមទៀត>>។

សម្តេចបានបន្តថា <<ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំគិតថា ចំណេះដឹងទូទៅរបស់គាត់សំខាន់ បានន័យថា គាត់រៀនចំណេះដឹងទូទៅ ភាសាអង់គ្លេសល្អហើយ ប៉ុន្តែដំណាក់កាលនេះ សម្រាប់យើងមិនទាន់ទៅដូច ប៊ែលធី អីគេរៀនជាភាសាអង់គ្លេស។ ខ្ញុំថា ត្រូវតែពង្រឹងភាសាខ្មែរ និងគណិត។ អីចឹង ម៉ោងយើងដាក់ឲ្យគាត់ស្គាល់ A B C អីទេ សម្រាប់ពីថ្នាក់ទី១ ដល់ទី៣។ តើមានឪពុកម្តាយណាខ្លះ ដែលចង់ពង្រឹងភាសាខ្មែរ និងគណិត ដើម្បីឲ្យកូនមានមូលដ្ឋាន ទៅកម្រិតវិទ្យាល័យ? ទាំងអស់ (មានច្រើន>>។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការភ្ជាប់ទំនាក់ទំនងរវាងគ្រូបង្រៀន ជាមួយអាណាព្យាបាលជារឿងសំខាន់ ដើម្បីដឹងអំពីស្ថានភាពរបស់សិស្ស។

សូមជម្រាបថា កន្លងទៅរាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) ដែលដឹកផ្ទាល់ដោយសម្តេចធិបតី។

លេខាធិការដ្ឋាន គ.វ.អ. ជាសេនាធិការក្នុងការដឹកនាំ សម្របសម្រួល និងជួយបំពេញបន្ថែមលើចំណុចខ្វះខាត ក្នុងវិស័យអប់រំកន្លងមក សំដៅឈានទៅសម្រេចតាមគោលដៅ នៃវិធានការគន្លឹះ ដែលត្រូវអនុវត្តនូវសកម្មភាពសំខាន់ៗមានជាអាទិ៍៖ ការជ្រើសរើសសាលារៀនគោលដៅកម្រិតបឋមសិក្សា, ការជ្រើសរើសគ្រូបង្គោល ដែលជាអតីតនាយកសាលាធ្លាប់មានស្នាដៃល្អ, ការចងក្រស្នាដៃនៃឧត្តមានុវត្តរបស់សាលាជោគជ័យ និងផ្តល់វគ្គបណ្តុះបណ្ដាលគ្រូបង្គោល, ការចុះអនុវត្តវគ្គគាំទ្រដល់សាលាគោលដៅផ្ទាល់, ព្រមទាំងការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល ជាដើម៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...