អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស ចេញមកបញ្ជាក់ជាថ្មី ករណីលុបឈ្មោះមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន ពាក់ព័ន្ធករណីជម្លោះជាមួយអ្នករត់តាក់ស៉ី មិនមែនករណីធ្វើទារុណកម្មជនជាតិចិនឡើយ

Posted By: RoogRog Robot | 18-Oct-2024 13:06:50

2024-10-18 01:00pm

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកបញ្ជាក់ជាថ្មី ករណីវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យលុបឈ្មោះចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ បានអះអាងថា ការលុបឈ្មោះចេញពីក្របខ័ណ្ឌនេះ មិនពាក់ព័ន្ធនឹងករណីការធ្វើទារុណកម្មលើជនជាតិចិនម្នាក់រហូតដល់ស្លាប់នោះទេ គឺជាករណីជម្លោះរវាងអតីតលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន និងឈ្មោះ ហូ ទ្រី អ្នករត់តាក់ស៊ីដឹកអីវ៉ាន់ ដែលបានកើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តប៉ៃលិន។

ការចេញមកបញ្ជាក់ជាថ្មីរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី ក្រោយមានការផ្សព្វផ្សាយដោយយល់ច្រឡំពីសំណាក់អ្នកសារព័ត៌មាន បន្ទាប់ពីឃើញអនុក្រឹត្យលុបឈ្មោះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់បែបនេះថា <<ខ្ញុំបាទ សូមគោរពបញ្ជាក់ថា ការលុបឈ្មោះនេះ មិនពាក់ព័ន្ធនឹងករណីការធ្វើទារុណកម្មលើជនជាតិចិនម្នាក់រហូតដល់ស្លាប់នោះទេ គឺជាករណីជម្លោះរវាងអតីតលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន និងឈ្មោះ ហូ ទ្រី អ្នករត់តាក់ស៊ីដឹកអីវ៉ាន់ ដែលបានកើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តប៉ៃលិន>>៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...