ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដាក់ក្តីរំពឹងថា នៅដំណាច់ឆ្នាំនេះ កម្ពុជានឹងអនុម័តគម្រោងវិនិយោគលើស ៤០០គម្រោង ដែលជាប្រវត្តិថ្មីមិនធ្លាប់មាន (Video inside)

Posted By: RoogRog Robot | 27-Nov-2024 08:57:02

2024-11-27 03:52pm

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) រំពឹងថា នៅដំណាច់ឆ្នាំ២០២៤ខាងមុខនេះ គម្រោងវិនិយោគប្រមាណ៤០០គម្រោង ឬលើសនេះ នឹងត្រូវអនុម័ត ដែលជាប្រវត្តិថ្មីមិនធ្លាប់មាន សម្រាប់ CDC ពីមុនមក។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គិតមកទល់ពេលនេះ រាជរដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគចំនួន​ ៣៧៩គម្រោង ដែលមានទុនវិនិយោគប្រមាណ ៦ពាន់លានដុល្លារ កើនឡើង ១២៩គម្រោង បើធៀបនឹងឆ្នាំ២០២៣ ដែលមានតែ ២៦៨គម្រោង ​មានទំហំ ៤.៩ពាន់លានដុល្លារសហរដ្ឋអាមេរិក ​ហើយលោកសង្ឃឹមថា រហូតដល់ដំណាច់ឆ្នាំ២០២៤នេះ នឹងអាចទទួលបានគម្រោងវិនិយោគរហូត ៤០០គម្រោង។

លោកមានប្រសាសន៍ថា <<យើងខិតខំធ្វើយ៉ាងណាជំរុញយ៉ាងតិចឱ្យបាន ២១ទៀត ឱ្យលើសបាន៤០០ បើបានលើស៤០០ គឺជាលើកទី១ នៃប្រវត្តិសាស្រ្តរបស់CDC ដែលយើងអនុម័តគម្រោងលើស៤០០។ យើងសង្ឃឹមច្រើនណាស់ ពេលដែលយើងបានធ្វើទស្សនកិច្ចទៅអឺរ៉ុប យើងស្តាប់ភាសាក្រុមអ្នកវិនិយោគថា ខ្ញុំចង់រកទីតាំង ដើម្បីបណ្តាក់ទុននៅកម្ពុជា អីចឹងយើងសង្ឃឹមថាមានក្រុមហ៊ុន មកពីសហរដ្ឋអាមេរិក កាណាដា អឺរ៉ុប។ ប៉ុន្តែក៏យើងត្រូវរៀបចំផ្ទះយើងឱ្យស្អាត​>>។

លោកមានប្រសាសន៍ថា ​កម្ពុជាបានវិនិយោគិន វិនិយោគលើវិស័យទាក់ទាញមួយចំនួន ដូចជា វិស័យអេឡិចត្រូនិក មេកានិក កែច្នៃកសិផល ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលជាដើម។

​ជាមួយគ្នានេះ លោកសង្ឃឹមច្រើន ក្នុងការទទួលបានអ្នកវិនិយោគបន្ថែមទៀតនៅឆ្នាំក្រោយ ដោយសារក្រុមហ៊ុនមួយចំនួន​មានបំណងចង់រើទីតាំងវិនិយោគ ជាពិសេសការរើសទីតាំងពីប្រទេសចិន មកកាន់ប្រទេសផ្សេងទៀត ហើយកម្ពុជារង់ចាំ​ទទួលស្វាគមន៍ការវិនិយោគមកពីបរទេស ​មិនថាវិនិយោគបរទេសមកពីចិន ​ឬពីប្រទេសណានោះទេ ខណៈច្បាប់វិនិយោគរបស់​កម្ពុជាមិនមានការរើសអើងនោះទេ ឱ្យតែវិនិយោគិនគោរពច្បាប់វិនិយោគនៅកម្ពុជា នោះ​នឹងអនុម័តឱ្យបណ្តាក់ទុននៅកម្ពុជា។

ទន្ទឹមគ្នានេះ លោកបានលើកឡើងពីកាលានុវត្តភាពជាច្រើន ដែលកម្ពុជាមាន​ ក្នុងការទាក់ទាញវិនិយោគិនបរទេស ដូចជាកត្តាសុខសន្តិភាព មានប្រជាជនពេញវ័យក្មេងច្រើន និងមានទីផ្សារទូលំទូលាយ ព្រមទាំងមានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីអឺរ៉ុប និងប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលជាតក្តាដ៏សំខាន់ ក្នុងការទាក់ទាញវិនយោគិន៕


















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...