NATO បញ្ជាក់ឡើងវិញនូវការគាំទ្រអ៊ុយក្រែន ក្រោយការបាញ់មីស៉ីលបាលីស្ទីគរបស់រុស្ស៉ី

Posted By: RoogRog Robot | 27-Nov-2024 15:46:34

2024-11-27 03:39pm

(ព្រុចសែល)៖ សមាជិកអង្គការណាតូ (NATO) បានគូសបញ្ជាក់ឡើងវិញនូវការគាំទ្រចំពោះទីក្រុងកៀវ អំឡុងកិច្ចពិភាក្សារវាងក្រុមមន្រ្តី ជុំវិញចំណាត់ការឆ្លើយតប​ទៅនឹងការបាញ់មីស៉ីលបាលីស្ទីគរបស់រុស្ស៉ី លើអ៊ុយក្រែនកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ឯកអគ្គរដ្ឋទូតតំណាងឱ្យប្រទេសជាសមាជិកទាំង ៣២ របស់ណាតូ បានទទួលរបាយការណ៍ពីមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវ ស្នើឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាណាតូ-អ៊ុយក្រែន ដែលជាវេទិកាកិច្ចសហប្រតិបត្តិការគ្នា។ លោកស្រី Nataliia Galibarenko ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំណាតូ គូសបញ្ជាក់ថា <<ប្រធានទីភ្នាក់ងារស៉ើបការណ៍សម្ងាត់យោធា និងមេបញ្ជាការស្តីទីនៃកងទ័ពអាកាសអ៊ុយក្រែន បានចូលរួមប្រជុំតាមអនឡាញ ហើយរាយការណ៍ជូនសម្ព័ន្ធភាពណាតូ អំពីការវាយប្រហាររបស់រុស្ស៉ី និងលទ្ធភាពនៃផលវិបាក>>។ លោកស្រីបន្ថែមថា <<អ្នកទាំងពីរ​បាន​សង្កត់​ធ្ងន់​ទៅ​កាន់​ដៃគូ​ថា ការ​វាយ​ប្រហារ​ដ៏​សាហាវ​នេះ​ គឺរុស្ស៉ីចង់បង្ហាញកម្លាំងយោធា និង​​ប៉ុនប៉ង​​បំភិត​បំភ័យ​សម្ព័ន្ធមិត្ត>>។

ក្រោយកិច្ចប្រជុំ ណាតូបានចេញសេចក្តីថ្លែងការណ៍រួមមួយថា <<ការវាយប្រហាររបស់រុស្ស៉ីលើតំបន់ Dnipro ត្រូវបានមើលឃើញថាជាការប៉ុនប៉ងថ្មីទៀត ដើម្បីវាយប្រហារ​​ប្រជាជន​ស៉ីវិល​នៅ​អ៊ុយក្រែន និង​បំភិត​បំភ័យ​អ្នក​ដែលជួយ​គាំទ្រ​អ៊ុយក្រែន ខណៈ​កំពុងការពារ​ខ្លួន​ ប្រឆាំង​​សកម្មភាព​ឈ្លានពាន​ខុស​ច្បាប់>>។

គួរបញ្ជាក់ថា លោក ពូទីន បានអះអាងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ទីក្រុងមូស្គូបានវាយប្រហារទីតាំងយោធាអ៊ុយក្រែន ជាមួយនិងមីស៉ីលផ្លោងរយៈចម្ងាយមធ្យមថ្មីមួយទៀត ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ដែលអនុញ្ញាតឱ្យទីក្រុងកៀវវាយប្រហារទឹកដីរុស្ស៉ី ដោយប្រើអាវុធទំនើបៗរបស់លោកខាងលិច៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...