រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ នៅប្រទេសឡាវ

Posted By: RoogRog Robot | 27-Nov-2024 15:35:03

2024-11-27 03:32pm

(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គតំណាងប្រទេសកម្ពុជា នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ ក្នុងទីក្រុងហ្លួងប្រាបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សូមជម្រាបថា កិច្ចប្រជុំនេះដើម្បីពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពការងាររបស់គណៈកម្មការទន្លេមេគង្គក្នុងឆ្នាំ២០២៤ ផែនការអនុវត្តឆ្នាំ២០២៥-២០២៦ និងដើម្បីបន្តធ្វើការផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីកិច្ចសហប្រតិបត្តិការតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពបរិស្ថាន សង្គម និងសេដ្ឋកិច្ច នៃតំបន់អាងទន្លេមេគង្គ។

ក្នុងកិច្ចប្រជុំនេះលោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានលើកឡើងពីជំហររបស់កម្ពុជាក្នុងការផ្តល់នូវកិច្ចសហប្រតិបត្តិការពេញលេញជាមួយបណ្តាប្រទេសជាសមាជិក និងដៃគូសហប្រតិបត្តិការជាច្រើនទៀត ដើម្បីនាំមក​នូវសមិទ្ធផលនិងជោគជ័យថ្មីៗ​ក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេមេគង្គឆ្នាំ២០២១-២០៣០ ផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ និងសេចក្តីថ្លែងការណ៍ ទីក្រុងវៀងច័ន្ទ នៃកិច្ចប្រជុំកំពូល​គណៈកម្មការទន្លេមេគង្គលើកទី៤ ឆ្ពោះទៅសម្រេចបាននូវអាងទន្លេមេគង្គដែលមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច យុត្តិធម៌សង្គម បរិស្ថានល្អ និងមានភាពធន់នឹងអាកាសធាតុ។

ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី ក៏បានលើកឡើងពីបញ្ហាប្រឈមដែលកំពុងតែមានការកើនឡើងជាលំដាប់ក្នុងអាងទន្លេមេគង្គ ជាពិសេសការឡើងកម្ដៅនៃភពផែនដី គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលមានសភាពកាន់តែញឹកញាប់ និងធ្ងន់ធ្ងរឡើងក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយបានបង្កឱ្យមានផលប៉ះពាល់កាន់តែខ្លាំងក្នុងទម្រង់ផ្សេងៗមកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាននិងសង្គម និងមកលើសេដ្ឋកិច្ច។

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការទន្លេមេគង្គ និងបានស្នើឱ្យគ្រប់ភាគីបន្តកិច្ចប្រឹងប្រែងរួមគ្នាដោះស្រាយ និងកាត់បន្ថយហានិភ័យនិងផលប៉ះពាល់នានា​ដែលបានបង្ក​ឡើងដោយអាកាសធាតុ និងវិនិយោគបន្ថែមទៀតសម្រាប់ជាដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងដោយចីរភាព ដើម្បីបន្តជួយដល់ប្រទេសជាសមាជិក ដោះស្រាយបញ្ហាប្រឈម​ដែលកំពុងកើតមាន ឱ្យកាន់តែមានប្រសិទ្ធភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...