រថក្រោះ​អ៊ីស្រាអែល ​ទម្លាយ​ចូល​តំបន់​ភាគ​ខាងជើង និង​ខាងត្បូង​ហ្គាហ្សា ខណៈ​ការ​ប្រយុទ្ធ​កាន់តែ​ខ្លាំង​ឡើង

Posted By: RoogRog Robot | 30-Jun-2024 22:49:26

2024-06-30 09:46pm

(គែរ)៖ កាលពីថ្ងៃអាទិត្យ កងកម្លាំងអ៊ីស្រាអែលបានទម្លាយចូលទៅក្នុងសង្កាត់ Shejaiya ភាគខាងជើងតំបន់ Gaza Strip ហើយក៏បានចូលទៅដល់ភាគខាងលិច និងកណ្តាលនៃទីក្រុង Rafah ផងដែរ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៦នាក់ និងបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

អ្នកស្រុកបាននិយាយថា រថក្រោះរបស់អ៊ីស្រាអែល ដែលបានត្រឡប់ទៅកាន់សង្កាត់ Shejaiya កាលពីបួនថ្ងៃមុន បានបាញ់គ្រាប់ផ្លោងដាក់ផ្ទះជាច្រើនខ្នង ដែលធ្វើឱ្យគ្រួសារទាំងនោះជាប់គាំងនៅខាងក្នុង និងមិនអាចចាកចេញបាន។

យោធាអ៊ីស្រាអែលអះអាងថា នៅក្នុងសង្កាត់ Shejaiya ខ្មាន់កាំភ្លើងប៉ាឡេស្ទីនជាច្រើននាក់ត្រូវបានសម្លាប់ អាវុធត្រូវបានរកឃើញ ហើយហេដ្ឋារចនាសម្ព័ន្ធយោធាត្រូវបានគេកំណត់គោលដៅ។ ស្លាបប្រដាប់អាវុធនៃក្រុមហាម៉ាស់ និងជីហាតអ៊ីស្លាម បានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរទាំងនៅទីប្រជុំជន Shejaiya និងទីក្រុង Rafah ដោយក្រុមយុទ្ធជនរបស់ពួកគេ បានប្រើប្រាស់គ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ និងគ្រាប់បែកត្បាល់ប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល។

គួរបញ្ជាក់ថា ជាងប្រាំបីខែបន្ទាប់ពីសង្រ្គាមផ្លូវអាកាស និងដីគោករបស់អ៊ីស្រាអែលនៅហ្គាហ្សា ក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅតែបន្តអាចវាយបកនៅក្នុងតំបន់ដែលសន្មតថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល។ កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលអារ៉ាប់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក មិនទាន់ទទួលបានជោគជ័យក្នុងការធានាបទឈប់បាញ់នោះទេ។ ក្រុមហាម៉ាស់ទាមទារឱ្យបញ្ចប់សង្គ្រាម និងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអែលទទូចឱ្យផ្អាកបណ្តោះអាសន្នក្នុងការប្រយុទ្ធរហូតដល់ក្រុមហាម៉ាស់ត្រូវបានលុបបំបាត់៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...