វៀតណាមរកចំណូលបានជិត ៣ពាន់លានដុល្លារពីការនាំចេញអង្ករនៅឆមាសទី១

Posted By: RoogRog Robot | 02-Jul-2024 23:09:28

2024-07-02 10:03pm

(ហាណូយ)៖ យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ៤,៦៨លានតោនក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូលជិត ៣ ពាន់លានដុល្លារ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

តួលេខនេះបង្ហាញពីកំណើន ១០,៤% បើគិតជាបរិមាណ និងកើនឡើង ៣២% បើគិតពិតម្លៃ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កាសែត VN Express បានរាយការណ៍ថា ប្រទេសវៀតណាមប្រមូលផលស្រូវលើផ្ទៃដីចំនួន ៣,៤៨លានហិចតានៅឆមាសទី១ ឆ្នាំ២០២៤ កើនឡើង ០,៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នផលជាមធ្យមបានកើនឡើងដល់ ៦,៧តោនក្នុងមួយហិចតា កើនឡើង ០,៧តោនក្នុងមួយហិចតា ដែលនាំឱ្យទិន្នផលសរុបកើនឡើងដល់ ២៣,៣លានតោន កើនឡើង ១,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះដែរ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានចំណាយថវិកាប្រមាណ ៦៧០លានដុល្លារអាមេរិក លើការនាំចូលអង្ករពីប្រទេសផ្សេងទៀត ដែលជាចម្បងនាំចូលពីកម្ពុជានិងឥណ្ឌា។ ទោះបីមានឋានៈជាប្រទេសនាំចេញអង្ករធំទីពីររបស់ពិភពលោកក៏ដោយ ក៏វៀតណាមនៅតែនាំចូលអង្ករប្រភេទខ្លះសម្រាប់ផលិតចំណីសត្វ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...