រដ្ឋាភិបាលអាល្លឺម៉ង់ បន្តការគាំទ្រការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា

Posted By: RoogRog Robot | 03-Jul-2024 00:12:13

2024-07-02 11:09pm

(ភ្នំពេញ)៖ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានអះអាងថា រដ្ឋាភិបាលអាល្លឺម៉ង់នៅតែបន្តគាំទ្រការអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានអះអាងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូត បានរំឭកអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង់ ហើយក្នុងអាណត្តិការទូតរបស់លោករយៈពេលជាង២ឆ្នាំមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់-កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

លោកឯកអគ្គរដ្ឋទូត បានអះអាងថា រដ្ឋាភិបាល អាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច របស់កម្ពុជា តាមរយៈការលើកទឹកចិត្ត និងជំរុញឱ្យ វិនិយោគិនអាល្លឺម៉ង់មកវិនិយោគបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងការចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យ សុខាភិបាល និងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់។

លោកឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបើកស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប និងបានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបយ៉ាងឆាប់រហ័ស និងគាំទ្រលើការបើកស្ថានកុងស៊ុលនេះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជំនួបជាមួយលោកឯកអគ្គរដ្ឋទូត គឺជាឱកាសដ៏ល្អមួយ សម្រាប់ពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងចក្ខុវិស័យរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងការស្វាគមន៍ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការបង្កើតស្ថានកុងស៊ុល កិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប ដើម្បីសម្រួលការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ព្រមទាំងសម្រួលនូវវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។

សម្តេចធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួនបន្ថែមទៀត ដូចជាការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអភិរក្ស ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត និងកិច្ចសហប្រតិបត្តិការលើវិស័យបោះសម្អាតមីននៅកម្ពុជា៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...