ស្រីលង្កានឹងសន្សំប្រាក់បាន ៥ពាន់លានដុល្លារពីកិច្ចព្រមព្រៀង រៀបចំបំណុលទ្វេភាគី ឡើងវិញ

Posted By: RoogRog Robot | 02-Jul-2024 23:03:11

2024-07-02 09:59pm

(កូឡុំបូ)៖ ប្រធានាធីបតីស្រីលង្កាបានឱ្យនៅថ្ងៃ អង្គារ ថា ប្រទេសនៅអាស៊ីខាងត្បូងមួយនេះនឹងសន្សំប្រាក់ចំនួន៥ ពាន់លានដុល្លារអាមេរិកបន្ទាប់ពីបានរៀបចំបំណុលទ្វេភាគីរបស់ខ្លួនឡើងវិញ ដែលភាគច្រើនជំពាក់ប្រទេសចិន ដែលការសន្សំនេះកើតមាន ឡើងតាមរយៈការកាត់បន្ថយអត្រាការប្រាក់ និងការបន្លាយពេលសងបំណុលកាន់តែយូរជាងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ប្រទេសដីកោះមួយនេះបានបរាជ័យក្នុងការសងបំណុលបរទេសរបស់ខ្លួនក្នុងឆ្នាំ២០២២ ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានដែលបានធ្វើឱ្យខ្វះស្បៀងអាហារ ប្រេង និងថ្នាំពេទ្យរយៈពេលរាប់ខែ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ ថា លោកប្រធានាធិបតី Ranil Wickremesinghe បាននិយាយថា កិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីសប្តាហ៍មុនបានធានាឱ្យមានការផ្អាកសងបំណុលរហូតដល់ឆ្នាំ២០២៨ ដោយបានបន្លាយរយៈពេលកម្ចីចំនួនប្រាំបីឆ្នាំ និងកាត់បន្ថយអត្រាការប្រាក់ជាមធ្យម ២,១ភាគរយ។

លោក Wickremesinghe បានថ្លែងថា ម្ចាស់កម្ចីទ្វេភាគីដែលដឹកនាំដោយប្រទេសចិន ដែលជាម្ចាស់បំណុលធំបំផុតរបស់រដ្ឋាភិបាលស្រីលង្កាមិនយល់ព្រមក្នុងការបន្ធូរបន្ថយបំណុលរបស់ពួកគេ ប៉ុន្តែលក្ខខណ្ឌដែលបានព្រមព្រៀងគ្នានឹងជួយដល់ប្រទេសស្រីលង្កា។

លោក Wickremesinghe បានប្រាប់សភាក្នុងពេលថ្លែងសុន្ទរកថាដំបូងរបស់លោកទៅកាន់រដ្ឋសភាថា៖ <<ជាមួយនឹងវិធានការរៀបចំបំណុលឡើងវិញដែលយើងបានព្រមព្រៀង យើងនឹងសន្សំប្រាក់បានចំនួន ៥ពាន់លានដុល្លារ>>។

កម្ចីមួយចំនួនរបស់ប្រទេសស្រីលង្កាដែលបានខ្ចីពីប្រទេសចិនមានអត្រាការប្រាក់ខ្ពស់ដែលកើនឡើងដល់ទៅជិត ៨ភាគរយបើធៀបទៅនឹងប្រាក់កម្ចីពីប្រទេសជប៉ុនដែលជាអ្នកផ្តល់ប្រាក់កម្ចីធំទីពីរដែលមានតិចជាង ១ភាគរយ។ ប្រទេសស្រីលង្កាបានចុះកិច្ចព្រមព្រៀងផ្សេងៗគ្នាជាមួយប្រទេសចិន និងម្ចាស់បំណុលទ្វេភាគីផ្សេងទៀត រួមមានទាំងប្រទេសជប៉ុន បារាំង និងឥណ្ឌា។ នេះបើ យោងតាមទីភ្នាក់ងារ ព័ត៌មាន AFP៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...