អគ្គលេខាធិការអាស៊ាន ជួបថ្នាក់ដឹកនាំជប៉ុន ជួបសារព័ត៌មានជប៉ុន និងចូលរួមវេទិកានីកេ

Posted By: RoogRog Robot | 23-May-2024 22:34:44

2024-05-23 09:28pm

(ជប៉ុន)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Tokura Masakazu ប្រធានសហព័ន្ធធុរកិច្ចជប៉ុន Keidanren។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណចំពោះវត្តមានរបស់ធុរកិច្ចជប៉ុន នៅក្នុងអាស៊ាន ហើយបានអញ្ជើញក្រុមហ៊ុនជប៉ុនបន្ថែមទៀត ទៅពង្រីកធុរកិច្ច និងការវិនិយោគនៅគ្រប់ប្រទេសសមាជិកអាស៊ាន ដើម្បីស្វែងរកសក្តានុពលពេញលេញដែលតំបន់មាន។

នៅរសៀលថ្ងៃព្រហស្បតិ៍ លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយលោកជំទាវ Kamikawa Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងអាស៊ាន-ជប៉ុន និងបានរិះរកវិធីដើម្បីជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន ដែលមានសារៈសំខាន់ មានអត្ថន័យ និងមានប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីរក៏បានឯកភាពធ្វើការជិតស្និទ្ធរួមគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ស្របតាមសេចក្តីប្រកាសចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដៃគូទុកចិត្តបានអាស៊ាន-ជប៉ុន និងផែនការអនុវត្ត ដែលបានអនុម័តក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។

នៅរសៀលថ្ងៃព្រហស្បតិ៍ដដែលនេះ អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់ស្ថានីយទូរទស្សន៍ TV Tokyo ។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានផ្តល់ទស្សនវិស័យអំពីវិធីដែលអាស៊ាន និងជប៉ុន អាចធ្វើការរួមគ្នា ដើម្បីសម្រេចបានអព្យាក្រឹតកាបោន។

បណ្ឌិត កៅ គឹមហួន ក៏បានចែករំលែកពីទស្សនៈរបស់គាត់ ចំពោះឱកាសយ៉ាងធំធេងសម្រាប់ប្រជាជនអាស៊ាន និងជប៉ុន តាមរយៈការខិតខំពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ព្រមទាំងរិះរកវិស័យកិច្ចសហប្រតិបត្តិការថ្មីៗ នៅក្នុងក្របខណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន។

បន្ទាប់មកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់កាសែត Nikkei Asia។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈអំពីអាទិភាពបច្ចុប្បន្នរបស់អាស៊ាន រួមទាំង កិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ហើយបានបកស្រាយអំពីកិច្ចការផ្សេងទៀត ដែលអាស៊ាន បាននិងកំពុងធ្វើក្នុងការរួមចំណែកដល់ដំណើរការកំពុងបន្តនៃការកសាងសហគមន៍អាស៊ាន ក៏ដូចជាក្នុងការចូលរួមជាមួយដៃគូខាងក្រៅ ដូចជាប្រទេសជប៉ុន សម្រាប់ជាប្រយោជន៍ទៅវិញទៅមកនៃប្រជាជនទាំងពីរ។

ដោយឡែកនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងវេទិកានីកេអនាគតអាស៊ីលើកទី ២៩ និងបានឡើងថ្លែងលើប្រធានបទ <<ការរួមបញ្ចូលគ្នាឌីជីថលឆ្លងកាត់ព្រំដែន៖ ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក>>។

អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាចលករជំរុញថ្មីរបស់អាស៊ាន សម្រាប់នវានុវត្តន៍ ផលិតកម្ម និងកំណើនសេដ្ឋកិច្ច និងបានរំលេចថា កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលនឹងបញ្ចប់នៅឆ្នាំ២០២៥ គ្រោងបង្កើនការចូលរួមរបស់សេដ្ឋកិច្ចឌីជីថលចំនួនទ្វេដង ទៅដល់ ២ ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៣០។

លោកបណ្ឌិត ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការជំរុញការតភ្ជាប់ឌីជីថល និងគំនិតផ្តួចផ្តើមបរិយាប័្ននឌីជីថល ក្នុងការដោះស្រាយបញ្ហាគម្លាតឌីជីថលនៅក្នុងអាស៊ាន ហើយក៏បានគូសរំលេចពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែត នៅក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែលកាន់តែសំខាន់ជាងពេលណាណាទាំងអស់ ដើម្បីឱ្យអាស៊ានមានភាពធន់ ដែលអាចឆ្លើយតបនឹងការគំរាមកំហែង និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណែត៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...