តំណាងលោក ម៉ៅ សុផាន់ អញ្ជើញប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្គមថ្មី ខេត្តព្រះវិហារ

Posted By: RoogRog Robot | 25-Jun-2024 13:08:56

2024-06-25 01:05pm

(ព្រះវិហារ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្គមថ្មី និងឃុំទាំង៥ នៃរដ្ឋបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានរៀបចំពិធីប្រកាសជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានលោក វ៉ា សឿន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ តំណាងលោក ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរស្រុក មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងក្រុមការងារស្រុក ឃុំ ភូមិជាច្រើនរូបទៀត។

នៅក្នុងសេចក្តីសម្រេចដែលចុះហត្ថេលខាដោយលោក ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលជួយដ្ឋានខេត្តព្រះវិហារ បានប្រកាសតែងតាំងលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្គមថ្មី និងប្រកាសតែងតាំងលោក អ៊ូ សៅឌី ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំរើនលោក គង់ វិបុល ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្តៅ លោក ម៉ៅ វណ្ណារិទ្ធ ប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំត្បែងមួយ លោក ធួន សេងកេង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរអាង និងលោក នៅ ចាន់គង់ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរណសិរ្យ។

នៅក្នុងឱកាសនេះលោក វ៉ា សឿន បានថ្លែងថា រាជរដ្ឋាភិបាលបានរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយបានចាត់តាំងសមាជិក សមាជិកា រាជរដ្ឋាភិបាល មន្ត្រីរាជការ កម្លាំងតាមក្រសួង ស្ថាប័ន អង្គភាព ឱ្យចូលជាសមាជិក ក្រុមការងារនេះតាមឋានានុក្រមគ្រប់លំដាប់ថ្នាក់ សំដៅចូលរួមគាំទ្រនិងអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រ គោល នយោបាយ និងកម្មវិធីកណែទម្រង់នានារប់ស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា ចូលរួមបំផុសចលនាឱ្យមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនល់គ្រប់វិស័យ។

ក្នុងនាមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់, លោក វ៉ា សឿន បានថ្លែងគូសបញ្ជាក់អំពីរបៀបរបបការងារ និងការទទួលខុសត្រូវរបស់ក្រុមការងារចុះមូលដ្ឋានស្រុក និងឃុំ ដោយក្រុមការងារចុះមូលដ្ឋានមានតួនាទីតម្រង់ទិសគាំទ្រ និងជំរុញការលើក កម្ពស់សមត្ថភាពស្ថប័នមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវនិងភាពជាម្ចាស់របស់មូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយនិងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយការឆ្លើយតបសំណើរ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ត្រូវសហការគាំទ្រដល់មូលដ្ឋានដែលក្រុមការងារចុះបំពេញការងារ ធ្វើការវាយតម្លៃអំពីសមាសភាព ស្ថាប័ន ធនធានមនុស្ស សក្តានុពល នៃការអភិវឌ្ឍមូលដ្ឋាន សមិទ្ធិផល បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ដើម្បីធ្វើការគាំទ្រដល់មូលដ្ឋាន ក្នុងការរៀបចំផែនការសកម្មភាព សម្រាប់អនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយនិងកម្មវិធីកំណែទម្រង់នានា សំដៅជំរុញការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានា នៅមូលដ្ឋានឱ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ ត្រូវទទួលខុសត្រូវក្នុងការដឹកនាំ និងចាត់ចែងអនុវត្តការងារចុះមូលដ្ឋានរបស់ខ្លួន ដោយផ្អែកតាមការណែនាំរបស់រាជរដ្ឋាភិបាល និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រះវិហារ។ ចំពោះអនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ និងសមាជិកក្រុមការងារចុះមូលដ្ឋាន ស្រុក និងឃុំទាំង៥ ត្រូវបំពេញការងារតាមការចាត់តាំង និងប្រគល់ភារកិច្ច និងចូលរួមប្រជុំតាមការកំណត់របស់ប្រធានក្រុមការងារ។

ដោយឡែកលោក សំ លាងទ្រី ដែលទើបតែទទួលបានការតែងតាំងនាពេលនេះ បានថ្លែងនូវការគោរពអរគុណនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលបានផ្តល់សេចក្តីទុកចិត្តតែងតាំងរូបលោកជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្គមថ្មី ក៏ដូចជាតែងតាំងប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង៥ នៃស្រុកសង្គមថ្មី នាពេលនេះ។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្គមថ្មី ក៏ដូចជាក្រុមការងារទាំងអស់លោក សំ លាងទ្រី បានថ្លែងប្តេជ្ញាចិត្តដោយអនុវត្តតាមច្បាប់បទដ្ឋានគតិយទ្ធនានា គោរពគោលការណ៍ និងអនុសាសន៍របស់រាជរដ្ឋាភិបាល ពិសេសចូលរួមចំណេកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីឱ្យស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ ទទួលបាននូវការអភិវឌ្ឍរីកចម្រើន បន្ថែមទៀត។

ជាមួយគ្នានេះ លោកប្តេជ្ញាពង្រឹងពង្រីកសាមគ្គីភាព ឯកភាពឱ្យមានភាពល្អប្រសើរ បន្តលើកកម្ពស់សមត្ថភាពធនធានមនុស្សនិងពង្រឹងប្រសិទ្ធិភាពការអនុវត្តការងារ បន្តលើកកម្ពស់និងពង្រឹងភាពស្អាតស្អំ នៅក្នុងរដ្ឋបាលសាធារណៈ បន្តលើកកម្ពស់និងពង្រឹងប្រសិទ្ធភាពនៃច្បាប់និងប្រព័ន្ធយុត្តិធម៍ បន្តពង្រឹងអភិបាលកិច្ច វិស័យឯកជន និងធុរៈកិច្ច៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...