កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបង្ហោះបាឡុងផ្ទុកសំរាមជាង ៣០០បាឡុងថ្មីទៀត ឆ្លងព្រំប្រទល់ចូលទឹកដីខ្លួន

Posted By: RoogRog Robot | 24-Jun-2024 23:20:27

2024-06-25 01:16pm

(សេអ៊ូល)៖ យោធាទីក្រុងសេអ៊ូល បានអះអាងនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកទៅដោយសំរាម ចំនួនរាប់រយបាឡុងទៀត ឆ្លងព្រំប្រទល់ចូលមកក្នុងទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤។

អគ្គសេនាធិការដ្ឋានរួមនៃយោធាកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាង បានបង្ហោះបាឡុងប្រហែល៣៥០បាឡុង កាលពីយប់ថ្ងៃចន្ទ​សប្តាហ៍នេះ ហើយប្រមាណជា១០០បាឡុង បានធ្លាក់នៅកូរ៉េខាងត្បូង ភាគច្រើនក្នុងខេត្ត Gyeonggi ភាគខាងជើង ព្រមទាំងនៅរដ្ឋធានីសេអ៊ូល។ ថង់ដែលចងភ្ជាប់ជាមួយ បាឡុងទាំងនោះ គឺភាគច្រើនផ្ទុកសំណល់ក្រដាសប៉ុណ្ណោះ ហើយមិនបង្កហានិភ័យសុវត្ថិភាព ចំពោះ​សាធារណជនឡើយ។

គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះ កូរ៉េខាងជើង ក៏ធ្លាប់បានបង្ហោះបាឡុងសំរាមរាប់រយបាឡុង ឆ្លងចូលកូរ៉េខាងត្បូងផងដែរ ដោយនិយាយថា វាគឺជាចំណាត់ការសងសឹក សម្រាប់សកម្មភាពបង្ហោះបាឡុង ដែលផ្ទុកខិត្តប័ណ្ណឃោសនា ប្រឆាំងរបបដឹកនាំទីក្រុងព្យុងយ៉ាង ចូលទៅខាង​ទឹកដីកូរ៉េខាងជើង ដោយក្រុមសកម្មជនកូរ៉េខាងត្បូង។ ជាការឆ្លើយតប ចំពោះការបង្ហោះបាឡុងសំរាមរបស់កូរ៉េខាងជើង ទីក្រុងសេអ៊ូលបានសម្រេចផ្អាកទាំងស្រុង នូវកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ដែលមានគោលដៅ បន្ធូរបន្ថយភាពតានតឹង ហើយចាប់ផ្តើម​ការប្រើប្រាស់ឧបករណ៍បំពងសំឡេង ដើម្បីឃោសនាប្រឆាំងកូរ៉េខាងជើង នៅតាមបណ្តោយតំបន់ព្រំដែន ឡើងវិញ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...