២៨​ថ្ងៃ នៃយុទ្ធនាការ «១ម៉ឺនរៀល​ ១ម៉ឺននាក់» មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគ២,៨៥៩,៨០៨ដុល្លារ, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់សប្បុរសជន ឲ្យបន្ដចូលរួមគាំទ្រ

Posted By: RoogRog Robot | 24-Jun-2024 23:03:42

2024-06-25 12:59pm

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល២៨​ថ្ងៃ នៃយុទ្ធនាការ <<១ម៉ឺនរៀល​ ១ម៉ឺននាក់>> ឆ្នាំ​២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ១៩៩,៨៨១នាក់​ ​សរុបជាទឹកប្រាក់​មានចំនួន​២,៨៥៩,៨០៨ដុល្លារអាម៉េរិក។ នេះបើតាមការបង្ហោះក្នុង Facebook ផ្លូវការ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

បន្ថែមពីនោះទៀត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកឡើងផងដែរថា <<នាងខ្ញុំសូមគោរពថ្លែងអំណរគុណ ចំពោះការគាំទ្រយ៉ាងផុលផុស និងសូមអំពាវនាវដល់បងប្អូនសប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការនៃការរក្សានិរន្តរភាព កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា​ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ។ សូម​អរគុណ>>។

សូមជម្រាបថា យុទ្ធនាការ <<១ម៉ឺនរៀល ១ម៉ឺននាក់>> ដែលមានរយៈពេលពេញ ១ខែមិថុនានេះ ជាយុទ្ធនាការកៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំមួយដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា និងមានគោលបំណង រួមគ្នាជាធ្លុងមួយ ក្នុងស្មារតី <<ខ្មែរជួយខ្មែរ>> ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានលើកឡើងថា <<ការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាភារកិច្ចរបស់ពលរដ្ឋកម្ពុជាគ្រប់រូប>>។

សម្រាប់យុទ្ធនាការ <<១ម៉ឺនរៀល ១ម៉ឺននាក់>> របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅឆ្នាំ២០២៤នេះ មានលក្ខណៈកាន់តែពិសេស ដោយលោកជំទាវបណ្ឌិតប្រធានកិត្តិយស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពីធីបើកយុទ្ធនាការកាលពីថ្ងៃទី១ ខែមិថុនា ព្រមទាំងបានចូលរួមកម្មវិធី <<វនយាត្រាអង្គរ>> កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីជាការគាំទ្របន្ថែមដល់យុទ្ធនាការ <<១ម៉ឺនរៀល ១ម៉ឺននាក់>> ឆ្នាំ២០២៤។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនដែលមានបំណងចូលរួមនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា, សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះតាមបណ្ដាញសង្គមរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬលេខគណនីធនាគារ ដូចមានក្នុងរូបខាងក្រោម៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...