ចិន បើកដំណើរការផ្លូវហោះហើរថ្មី នៅកៀកនឹងដែនកោះរបស់តៃវ៉ាន់

Posted By: RoogRog Robot | 19-Apr-2024 17:06:11

2024-04-19 03:59pm

(ប៉េកាំង)៖ និយ័តករអាកាសចរណ៍ចិន បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានបើកដំណើរការផ្លូវហោះហើរថ្មីទៅកាន់ទីក្រុងចំនួនពីរ គឺ Xiamen និង Fuzhou ដោយខ្សែរត់ស្ថិតនៅកៀកនឹងកោះ Kinmen និង Matsu របស់តៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ ២០២៤។

កាលពីខែមករា តៃវ៉ាន់ធ្លាប់បង្ហាញការខឹងសម្បារ បន្ទាប់ចិនសម្រេចជាឯកតោភាគី ក្នុងផ្លាស់ប្តូរផ្លូវហោះហើរលេខ M503 ដែលស្ថិតនៅជិតខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់ ហើយផ្លូវហោះហើរថ្មីទៅកាន់ទីក្រុង Xiamen និង Fuzhou នាពេលនេះ គឺតភ្ជាប់ទៅផ្លូវហោះហើរ M503។ នៅពេលនោះ ចិននិយាយថា ផ្លូវដែលខ្លួនបានបើកគឺចេញពីខាងលិចទៅខាងកើត ឬអាចនិយាយបានទិសដៅឆ្ពោះទៅតៃវ៉ាន់ ចេញពីទីក្រុង Xiamen និង Fuzhou ដោយគ្រាន់តែពេលនោះមិនទាន់ប្រកាសផ្លូវការ។

មកដល់ថ្ងៃសុក្រនេះ និយ័តករអាកាសចរណ៍ចិន បានបញ្ជាក់ថា ផ្លូវនោះឥឡូវនេះបានដំណើរការហើយ ដោយបន្ថែមថា នឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែឧសភា ហើយវានឹងបង្កើនសុទិដ្ឋិនិយមថែមទៀតនៃដែនអាកាស ជុំវិញអាកាសយានដ្ឋាន Fuzhou។ វាក៏នឹងជួយបំពេញតម្រូវការអភិវឌ្ឍនៃជើងហោះហើរ តាមបណ្តោយឆ្នេរសមុទ្រចិន ធានាសុវត្ថិភាព បង្កើនសមត្ថភាពឆ្លើយតបនឹងព្យុះ និងធ្វើឱ្យប្រតិបត្តិការហោះហើរមានប្រក្រតីភាព។

គួរបញ្ជាក់ថា ក្រោយការប្រកាសបើកដំណើរការផ្លូវរត់ថ្មីនេះ តៃវ៉ាន់ បាននិយាយថា ការសម្រេចចិត្តរបស់ចិនមានជាហានិភ័យ ផ្នែកសុវត្ថិភាពនៃការហោះហើរ និងគ្មានការពិគ្រោះយោបល់គ្នា។ តៃវ៉ាន់ ក៏នឹងទាមទារឱ្យយន្តហោះដែលរត់នៅលើផ្លូវថ្មីនោះ ត្រឡប់ទៅវិញផងដែរ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...