ក្រុមហ៊ុនចំនួន២០ នឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែងសម្រាប់យុវជន នៅក្នុងពិព័រណ៍ការងារដ៏ធំនៅអគារ KAMPUS

Posted By: RoogRog Robot | 02-May-2024 16:07:01

2024-05-02 03:05pm

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំងអាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំយកក្រុមហ៊ុន សហគ្រាសធំៗចំនួន២០ មកជ្រើសរើសបុគ្គលិកសរុបចំនួន ៥,៤០០នាក់។

កញ្ញា តាំង សុខឡេង មន្ត្រីផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន MEKONGNET បានលើកឡើងថា MEKONGNET បានចូលរួមសហការជាមួយ NEA ជាច្រើនលើកច្រើនសារមកហើយ ក្នុងនោះមានទាំងពិព័រណ៌ការងារថ្នាក់ជាតិ, វេទិកាការងារ និងកិច្ចសម្ភាសការងារជាដើម។ កញ្ញាបានបន្តថា៖ <<ពេលយើងមានតម្រូវការបុគ្គលិក ពិតណាស់យើងតែងតែនឹកដល់ NEA មុនគេ>>។

កញ្ញាបញ្ជាក់បន្តថា ជាក់ស្តែងក្នុងឱកាសចូលរួមក្នុងពិព័រណ៌ការងារ និងមគ្គទេសន៍អាជីពនាថ្ងៃទី៩-១០ ខាងមុខនេះ MEKONGNET នឹងនាំយកឱកាសការងារជាច្រើនកន្លែង និងជាច្រើនតួនាទីសម្រាប់ផ្តល់ជូនដល់សាធារណជន ពិសេសអ្នកស្វែងរកការងារធ្វើ។ កញ្ញាបញ្ជាក់បន្ថែមថា ការសហការជាមួយនឹង NEA គឺជួយឱ្យក្រុមហ៊ុនទទួលបានបេក្ខជនល្អៗ និងអាចជួយផ្សព្វផ្សាយពីក្រុមហ៊ុនរបស់យើងដល់សាធារណជនទូទៅឱ្យបានស្គាល់ស្ថាប័នរបស់យើងផងដែរ។

ជាមួយគ្នានេះ លោក ចាប់ ចំណាន មន្ត្រីទំនាក់ទំនងដៃគូពាណិជ្ជករ ដែលបានចូលរួមក្នុងពិព័រណ៌ការងារនៅ KAMPUS កាលពីឆ្នាំ២០២៣ កន្លងទៅ ហើយបានសម្ភាសការងារ ជាប់ជាមួយធនាគារ Wing បានលើកឡើងថា លោកបានចូលរួមក្នុងពិព័រណ៌ការងារ និងមគ្គទេសន៍អាជីព កាលពីឆ្នាំ២០២៣ ហើយបានទទួលការប្រឹក្សាយោបល់ពីមន្ត្រី NEA និងទទួលបានគន្លឹះជាច្រើនក្នុងការត្រៀមខ្លួនដាក់ពាក្យរកការងារ។ ជាលទ្ធផល លោក ចំណាន បានសម្ភាសជាប់ការងារភ្លាមៗជាមួយធនាគារ Wing នាពេលនោះតែម្តងដែរ។

លោកបន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៌ការងារ និងមគ្គុទេសអាជីពដែលរៀបចំឡើងដោយ NEA បានផ្តល់សារៈប្រយោជន៍ជាច្រើនដល់យុវជនដូចជា ការផ្តល់ចំណេះដឹង ផ្តល់ជាឱកាសការងារជាច្រើនកន្លែងជូនទៅដល់បងប្អូនដែលកំពុងស្វែងរកការងារ និងផ្តល់ជាការប្រឹក្សាយោបល់ជូនទៅដល់ប្អូនៗនិស្សិតដើម្បីតម្រង់ទិសការងារ។ លោក អំពាវនាវ ឲ្យយុវជនដែលចង់បានការងារឆាប់រហ័ស សូមអញ្ជើញទៅចូលរួមឲ្យបានច្រើនកុះករ។

ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារ នៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗចំនួន២០។

សូមជម្រាបថា ពិព័រណ៍ការងារនេះ ក៏នឹងមានរៀបចំជាវេទិកាចែករំលែកចំណេះដឹង បទពិសោធន៍ និងគន្លឹះសំខាន់ៗដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ និងការហាត់ធ្វើកម្មសិក្សាការងារផងដែរ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...