ប្រកាសតែងតាំងឧត្ដមសេនីយ៍ត្រី សុខា រ៉ានាថ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ជំនួសលោក សែ វុទ្ធី ដែលទទួលតំណែងថ្មី

Posted By: RoogRog Robot | 02-May-2024 16:18:33

2024-05-02 03:14pm

(ស្វាយរៀង)៖ ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងបំពាក់ឋានន្តរស័ក មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។

ពិធីប្រកាសនេះ មានការចូលរួមពីលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធច្រើនរូបទៀតផងដែរ។

លោក ប៉េង ពោធិ៍សា បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះឧត្ដមសេនីយ៍ សែ វុទ្ធី ជាថ្នាក់ដឹកនាំកងកម្លាំងមួយរូប ពោរពេញដោយសមត្ថភាព ដែលក្នុងរយៈពេលនៃការកាន់មុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង រយៈពេល ៩ឆ្នាំ កន្លងមកនេះ មិនត្រឹមតែបានចូលរួមដឹកនាំគ្រប់គ្រង និងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហការល្អជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ដោយបានបង្កើតស្នាដៃធំៗជាច្រើនក្នុងការងារថែរក្សា ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងខេត្ត ជាពិសេសការកសាងសមិទ្ធផលនានាជាច្រើន សម្រេចបានស្ទើរគ្រប់ក្រុង ស្រុក នៅទូទាំងខេត្ត ។

លោកបន្តថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឧត្ដមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តថ្មី ដែលបានប្រកាសតែងតាំងមុខតំណែងនៅថ្ងៃនេះ នឹងបន្តខិតខំប្រឹងបែងយកអស់សមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន វិន័យបទបញ្ជាក្រមសីលធម៌កងម្លាំង និងគោរពឋានានុក្រមការងារ ប្រកបដោយសុឆន្ទៈបុរេសកម្ម អន្តរសកម្ម ការសហការ សាមគ្គីភាពឯកភាពផ្ទៃក្នុង ការទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធភាព នៃការដឹកនាំគ្រប់គ្រងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តខេត្តស្វាយរៀង។

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បានថ្លែងថា យោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់ អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ កងរាជអាវុធហត្ថបានសម្រួចការធ្វើកំណែទម្រង់ (ប្រមូលផ្តុំ, រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាពការងារ)។សម្រាប់ពិធីនាពេលនេះការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរ បរិយាកាស ទីកន្លែងធ្វើការងារ។

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បានបន្ថែមថា ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ៖ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន, រៀបចំធនធានមនុស្សឱ្យស្របនិងសមត្ថភាពជំនាញ និងនិស្ស័យ, ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន, ជាការផ្លាស់ប្តូរបរិយាកាសការងារ ចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យស្ថាប័ន អង្គភាព រីកចម្រើនព្រមៗគ្នា។ ម្យ៉ាងទៀតមានឱកាសទទួលបានការសិក្សា រៀនសូត្រ ដើម្បីបង្កើនសមត្ថភាព តាមឱ្យទាន់ការវិវឌ្ឍន៍ថ្មីៗនៃសភាពការណ៍។

លោកបន្តថា ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថ សូមថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ដែលបានជួយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំបញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តស្វាយរៀង សម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយ កិត្តិយស ទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និងសូមជូនពរលោកឧត្តមសេនីយ៍ ទទួលតួនាទី ភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ។

ទន្ទឹមនេះក៏សូមផ្តាំផ្ញើដល់ឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ ត្រូវយកចិត្តទុកដាក់នូវតួនាទីភារកិច្ចស្នូលដូចជា៖ ការគ្រប់គ្រងមនុស្ស ត្រូវយល់ដឹងពីការហូបចុក,ស្លៀកពាក់,ស្នាក់នៅ,សុខភាព- អប់រំ រៀនសូត្រ, មធ្យោបាយធ្វើដំណើរ- កំសាន្តសប្បាយ និងដោះស្រាយទុក្ខលំបាកការងារ -ថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់ការងារ-គ្រប់គ្រងអចលនទ្រព្យ-ដំណើរការ ការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព។ ការងារកសាងអង្គភាព ទីកន្លែងធ្វើការងារ (អគារ,ការិយាល័យ និងកន្លែងធ្វើការងារ) ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រទីកន្លែងសម្រាប់ការស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព។
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...