សម្តេចធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែរីកចម្រើន ធំធាត់ប្រកបដោយសុខភាពល្អ

Posted By: RoogRog Robot | 02-May-2024 16:41:37

2024-05-02 03:35pm

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ថា លំហសេរីភាពសារព័ត៌មាន នៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ ធ្នាប់ល្អប្រសើរ។

ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផលព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។

តាមរយៈសារលិខិត ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមអបអរសាទរជាមួយបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងប្រកបមុខរបរ អាជីពវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា និងនៅលើពិភពលោកទាំងមូល នៅក្នុងឱកាសនៃការប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅក្រោម ប្រធានបទ <<សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន>> ដែលបង្ហាញពីសារៈសំខាន់នៃតួនាទីសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ក្នុងបរិបទនៃវិបត្តិបរិស្ថានសកល នាពេលបច្ចុប្បន្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ច្បាប់ ស្តីពីរបបសារព័ត៌មាន ពាក់ព័ន្ធនឹងសិទ្ធិ និងសេរីភាពខាងសារព័ត៌មាន បានកំណត់ពីការត្រួតពិនិត្យ មុនពេលបោះពុម្ពផ្សាយត្រូវបានហាមឃាត់ ដើម្បីរក្សានូវឯករាជ្យនៃសារព័ត៌មាន។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលស្គាល់នូវការគោរពសិទ្ធិមនុស្ស ដូចមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញា និងអនុសញ្ញាទាំងអស់។

ក្នុងយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម <<ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន>> របស់ក្រសួងព័ត៌មាន, សម្តេចធិបតីនាយករដ្ឋមន្ត្រី សូមវាយតម្លៃខ្ពស់ ចំពោះការផ្តួចផ្តើមរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាការកំណត់និយាមស្តង់ដាប្រតិបត្តិ ស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ និងលុបបំបាត់ការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការយកចិត្តទុកដាក់លើការកសាង និងអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការរៀបចំការបណ្តុះបណ្តាលនានា ជាកត្តាចាំបាច់ ដែលក្នុងន័យនេះ សម្តេចសូមគាំទ្រលើទិសដៅយុទ្ធសាស្ត្រ របស់ក្រសួងព័ត៌មាន ស្តីពី ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ក្នុងដំណើរការការដ្ឋានកំណែទម្រង់របស់ខ្លួន៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...