ចិនបដិសេធថា គ្មានមហិច្ឆតាបង្កើតមូលដ្ឋានយោធា នៅប្រទេសដែនកោះប៉ាស៉ីហ្វិក

Posted By: RoogRog Robot | 03-Jul-2025 17:00:36

2025-07-03 04:55pm

(ស៊ូវ៉ា)៖ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ស្ថានទូតចិនប្រចាំនៅប្រទេសហ្វ៊ីជី បានចេញមុខបដិសេធចំពោះការចោទប្រកាន់ដែលថា ទីក្រុងប៉េកាំងមានមហិច្ឆតាចង់កសាងមូលដ្ឋានយោធា ឬបង្កើតដែនឥទ្ធិពលនៅតាមបណ្តាប្រទេសដែនកោះនៃតំបន់ប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យស្ថានទូតចិន បាននិយាយថា <<ការចោទប្រកាន់ថា ចិនកសាងមូលដ្ឋានទ័ពនៅប៉ាស៉ីហ្វិក គឺជារឿងមិនពិត>>។ ការបដិសេធនេះធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីនៃប្រទេសដែនកោះហ្វ៊ីជី លោក Sitiveni Rabuka បានលើកឡើងថា ក្រុមប្រទេសដែនកោះនៅប៉ាស៉ីហ្វិក កំពុងប្រឈមជាមួយប្រទេសមហាអំណាចដូចជាចិន ដែលព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួន។ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Rabuka បាននិយាយថា ប្រទេសរបស់លោក មានកិច្ចសហប្រតិបត្តិការអភិវឌ្ឍជាមួយចិន ប៉ុន្តែលោកជំទាស់ចំពោះចិនបង្កើតមូលដ្ឋានយោធា នៅក្នុងតំបន់ប៉ាស៉ីហ្វិក។

អ្នកនាំពាក្យស្ថានទូតចិន បានលើកឡើងថា ហ្វ៊ីជីនិងចិន គោរពអធិបតេយ្យជាតិរបស់គ្នាទៅវិញទៅមក ហើយអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ចិនមិនចាប់អារម្មណ៍ចំពោះ​ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ឬក៏ចង់បាននូវអ្វីដែលហៅថាដែនឥទ្ធិពលនោះទេ ខណៈវត្តមានរបស់ចិននៅប៉ាស៉ីហ្វិក គឺផ្តោតទៅលើការសាងសង់ផ្លូវនិងស្ពាន ដើម្បីលើកកម្ពស់ជីវភាពប្រជាជន មិនមែនផ្តោតលើការដាក់ឈរជើងកងទ័ព ឬបង្កើតមូលដ្ឋានយោធាឡើយ។

គួរបញ្ជាក់ថា ស្របពេលដែលមិនមានវត្តមានយោធានៅប៉ាស៉ីហ្វិក ចិនមានវត្តមានប៉ូលិសនៅប្រទេសដែនកោះសូឡូម៉ុន គិរីបាទី និងវ៉ានូទូ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...