គណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រឡេស្តេ ចង់សិក្សាស្វែងយល់ពីគោលនយោបាយវិនិយោគឧស្សាហកម្ម និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

Posted By: RoogRog Robot | 03-Jul-2025 21:01:02

2025-07-03 08:52pm

(ភ្នំពេញ)៖ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសទីម័រឡេស្តេ ដឹកនាំដោយលោក Elias De Jesus Fatima ប្រធានសម្របសម្រួលការិយាល័យកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងកំណែទម្រង់។

នៅក្នុងជំនួបនេះគណៈប្រតិភូសួងពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រឡេស្តេ បង្ហាញបំណងស្វែងយល់ពីគោលនយោបាយវិនិយោគ ការសម្របសម្រួលជំរុញអនុវត្តគោលនយោបាយឧស្សាហកម្ម និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើមលោ កអគ្គលេខាធិការរងបានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។

លោក នុត អ៊ុនវ័ណរ៉ា ក៏បានជម្រាបជូនគណៈប្រតិភូដោយសង្ខេបអំពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ច្បាប់ស្តីពីវិនិយោគ, គោលនយោបាយដែលពាក់ព័ន្ធនឹងការវិនិយោគ និងការជំរុញអភិវឌ្ឍវិស័យឧស្សាហកម្ម, ការលើកទឹកចិត្តវិនិយោគ, វិស័យអាទិភាព,យន្តការគាំទ្រដល់ការវិនិយោគ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានចុះហត្ថលេខាទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ហើយដែលបានបង្កលក្ខណៈឲ្យកម្ពុជាពង្រីកទីផ្សារសម្រាប់ទំនិញរបស់ខ្លួនទៅក្នុងតំបន់ និងសកលលោក។

ក្នុងជំនួបពិភាក្សានេះក៏មានការធ្វើបទបង្ហាញអំពីសាវតានៃការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, ស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសនាពេលបច្ចុប្បន្ន, ប្រភេទនៃគម្រោងវិនិយោគនៅក្នុងតំបន់, និងបរិមាណនៃការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសទៅកាន់ប្រទេសនានាផងដែរ។

មានមតិក្នុងជំនួបនេះគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសទីម័រឡេស្តេ បានសម្តែងនូវការកោតសរសើចំពោះភាពរីកចម្រើនរបស់កម្ពុជា និងការដាក់ចេញនូវគោលនយោបាយនានាដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងបានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងចែករម្លែកនូវបទពិសោធន៍និងមេរៀនល្អៗដែលកម្ពុជាបានជួបប្រទះហើយដែលគណៈប្រតិភូនឹងប្រមូលធាតុចូលទាំងនេះដើម្បីរៀបចំគោលនយោបាយ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...