(ភ្នំពេញ)៖ ក្រុមប្រឹក្សាឃុំ បានទទួលពាក្យបណ្ដឹងចំនួន ១បណ្ដឹង ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង២៥ ក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅទូទាំងប្រទេស គឺមានពាក្យបណ្ដឹងតវ៉ាសុំរក្សាទុកឈ្មោះចំនួន ១បណ្ដឹង ដែលពាក្យបណ្ដឹងនេះត្រូវបានដាក់ទៅក្រុមប្រឹក្សាឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ពាក្យបណ្ដឹងនេះត្រូវបានក្រុមប្រឹក្សាឃុំធិបតី លើកយកមកពិនិត្យ និងប្រជុំសម្រេចដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ ហើយជាលទ្ធផលក្រុមប្រឹក្សាឃុំបានសម្រេចយល់ព្រមតាមពាក្យបណ្ដឹង។ ដោយឡែកនៅថ្នាក់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ពុំបានទទួលពាក្យបណ្ដឹងណាមួយឡើយ។
សូមជម្រាបជូនថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ត្រូវបានបិទផ្សាយជាសាធារណៈកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅតាមសាលាឃុំ សង្កាត់ និងទីប្រជុំជនណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេស ព្រមទាំងមានបង្ហោះផ្សាយនៅលើអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH ដើម្បីឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ហើយអាចធ្វើការប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់ទាក់ទងនឹងបញ្ជីទាំងពីរនេះទៅក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ (ថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២៥ ជាថ្ងៃចុងក្រោយ) តាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធី រួមនឹងប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥។
ជារួមដំណើរការនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ គឺបានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសល្អប្រសើរ មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានការគំរាមកំហែង។
សូមបញ្ជាក់ជូនថា គ.ជ.ប នឹងរៀបចំបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ដែលតាមប្រតិទិន ការផ្ដល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការត្រូវធ្វើនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥៕