រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យស្ថានភាពផ្លូវ និងស្ពាន ចំនួន ៤ទីតាំង នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី

Posted By: RoogRog Robot | 07-Jun-2025 18:27:42

2025-06-07 06:25pm

(មណ្ឌលគិរី)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយគណៈប្រតិភូក្រសួង នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ ចំនួន ៤ទីតាំង នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដូចខាងក្រោម៖

*ទីតាំងទី១៖ ផ្លូវល្បាយក្រួសក្រហម មានប្រវែង ២៣គ.ម តភ្ជាប់ពីសង្កាត់យក្ខឡោម ក្រុងបានលុង ទៅកាន់ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។ ផ្លូវនេះត្រូវបានស្ថាបនាក្នុងឆ្នាំ២០២០ ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។ ដោយសារមានកំណើននៃការធ្វើចរាចរណ៍ និងការដឹកជញ្ជូន បច្ចុប្បន្នផ្លូវបានទទួលរងការខូចខាត និងមានស្ថានភាពលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសចុះពិនិត្យ លោករដ្ឋមន្ដ្រី បានណែនាំដល់នាយកដ្ឋានផ្លូវលំ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តធ្វើការជួសជុលបន្ទាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាបណ្ដោះអាសន្ន ហើយនិងពិនិត្យលទ្ធភាពដាក់ខ្សែផ្លូវនេះ ទៅក្នុងផែនការស្ថាបនាផ្លូវរបស់គម្រោងដៃគូអភិវឌ្ឍន៍ ឬក្នុងផែនការថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

*ទីតាំងទី២៖ ផ្លូវក្រាលដីល្បាយក្រួស ប្រវែង ៩គ.ម ទទឹង ៩ម៉ែត្រ តភ្ជាប់ពីភូមិព្រួក ទៅដល់ភូមិបាកាង ឃុំបាកាង ស្រុកលំផាត់ ខេត្តរតនគិរី។ ផ្លូវនេះ បានចាប់ផ្ដើមស្ថាបនាកាលពីខែឧសភា ឆ្នាំ២០២៤ ដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រី បានណែនាំដល់ទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងពន្លឿនការសាងសង់ឱ្យបានលឿនដូចមានក្នុងកិច្ចសន្យាការងារ។

*ទីតាំងទី៣៖ ស្ពានបេឡេតិ៍ ប្រវែង ២៧ម៉ែត្រ ទទឹង ៥,៣ម៉ែត្រ ឆ្លងកាត់អូរទទឹង តភ្ជាប់ពីភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ទៅកាន់ភូមិនាងដី ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។ ស្ពាននេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចំនួន ៧ ភូមិ សរុបចំនួន ១៩៦៩ គ្រួសារ ដោយងាយស្រួលធ្វើដំណើរឆ្លងកាត់ចេញចូល ការប្រកបរបរកសិកម្ម ការដឹកជញ្ជូនទំនិញ និងកសិផលនានា ពីទីជនបទដាច់ស្រយាល ទៅកាន់ទីប្រជុំជន ជាពិសេស ការធ្វើដំណើរនៅក្នុងរដូវវស្សា លែងជួបការលំបាក ដូចពេលមុនទៀតហើយ

*ទីតាំងទី៤៖ ជាប្រភេទកម្រាលល្បាយកំទេចថ្មភ្នំ មានប្រវែងសរុប ៣១,១០គ.ម ដែលចែកចេញជា ២កំណាត់។ កំណាត់ទី១ (ស្រែសង្គម-សុខសាន្ត) មានប្រវែង ២០,៥០ គ.ម មានទទឹងខ្នងលើ ៧ម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៧៦ ត្រង់ចំណុចភូមិក្បាលកោះ ឃុំស្រែសង្គម ស្រុកកោះញែក ភ្ជាប់ទៅទីតាំងត្រង់ចំណុចភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក និងកំណាត់ទី២ (អបួនលើ-អូរអញ្ជ័រ) មានប្រវែង ៩,៦០គ.ម ទទឹងខ្នងលើ ៦ម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិ៧៦ ត្រង់ចំណុចភូមិអន្រ្តេះ ឃុំអបួនលើ ស្រុកកោះញែក ភ្ជាប់ទៅកាន់ភូមិក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

បច្ចុប្បន្ន ក្រសួងកំពុងសិក្សាគ្រោងប្លង់លម្អិត ដែលសកម្មភាពសាងសង់អាចនឹងចាប់ផ្តើមដំណើរការនៅដើមត្រីមាសទី២ ឆ្នាំ២០២៦ ដោយស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង មានទទឹងខ្នងលើក្រាលកៅស៊ូ/បេតុងទំហំ ៦ម៉ែត្រ និងចិញ្ចើមផ្លូវជាប្រភេទល្បាយក្រួស ១ ម៉ែត្រសងខាង ក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...