(ភ្នំពេញ)៖ បន្ទាប់ពីថៃបានសម្រេចបិទច្រកព្រំដែនអន្តរជាតិនានា ជាមួយកម្ពុជា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា នឹងធ្វើភាគីទាំងពីររងការខាតបង់ ប៉ុន្តែការណ៍នេះអាចជាឱកាសមួយដែលកម្ពុជា ត្រូវលើកទឹកចិត្ត បង្កើនដាំ និងផលិតទំនិញសម្រាប់ការប្រើប្រាស់ក្នុង ជាជាងនាំចូលពីប្រទេសជិតខាង។
នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ថៃ បានសម្រេចច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងស្ទឹងបត់ រួមទាំងច្រកទ្វារតំបន់ និងច្រករបៀងផ្សេងៗផងដែរ។ នេះបើតាម អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការបិទច្រកព្រំដែននាពេលនេះ គឺជាឱកាសមួយក្នុងការលើកទឹកចិត្តមួយដល់អ្នកផលិតនៅក្នុងស្រុក បង្កើនការដាំ និងផលិត សម្រាប់ផ្គត់ផ្គង់ក្នុង ជាជាងការនាំចូលទំនិញពីថៃ។
លោកកត់សម្គាល់ថា កន្លងមកកម្ពុជានាំចូលទំនិញពីថៃច្រើនទាំងបន្លែ និងទំនិញប្រើប្រាស់ផ្សេងៗ ដោយសារតែមានតម្លៃទាបជាងបន្លែផលិតក្នុងស្រុក។ ដូច្នេះ ការបិទព្រំដែន គឺជាឱកាសក្នុងការលើកទឹកចិត្តឱ្យកសិករដាំឡើងវិញនូវប្រភេទបន្លែ ដំណាំរួមផ្សំ និងផលិតផលកសិកម្មសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ទន្ទឹមគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ ការបិទព្រំដែននេះ នឹងធ្វើឱ្យភាគីទាំងពីរ គឺកម្ពុជា-ថៃ រងការខាតបង់ តែយ៉ាងណា ភាគីដែលនាំចេញច្រើន គឺជាអ្នករងការខាតបង់ច្រើនជាងគេ។
តែយ៉ាងនេះក្តី លោកមិនចង់ឱ្យករណីនៃជម្លោះព្រំដែននេះ ប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះ ព្រោះវានឹងធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងសងខាង ជាពិសេសអ្នករស់នៅតាមព្រំដែន។
លោកសង្ឃឹមថា ថ្នាក់នាំនៃប្រទេសទាំងនឹងចរចាគ្នា រកដំណោះស្រាយដោយសន្តិវិធី និងធ្វើដំណើរការនៃធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងធម្មតាឡើងវិញ។
ក្នុងរយៈពេល៤ខែឆ្នាំ២០២៥នេះ កម្ពុជា-ថៃ សម្រេចបានទំហំពាណិជ្ជកម្ម ប្រមាណ១.៤ពាន់លានដុល្លារ ក្នុងនោះ ថៃនាំចូលទំនិញមកកម្ពុជាប្រមាណ១.១៦ពាន់លានដុល្លារ ខណៈកម្ពុជានាំចេញទៅថៃវិញ មានទំហំ៣២៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា។
ដោយឡែកកាលពីឆ្នាំ២០២៤ ភាគីទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មប្រមាណជាង៤.២ពាន់លានដុល្លារ កើនឡើង១៥.៥% ក្នុងនោះកម្ពុជានាំចេញទៅថៃ ប្រមាណ ៨៤៤លានដុល្លារ ខណៈនាំចូលកម្ពុជា មានទំហំប្រមាណ ៣.៤ពាន់លានដុល្លារ៕