ក្រសួងទេសចរណ៍ និងសមាគមទីភ្នាក់ងារទេសចរណ៍កូរ៉េ (KATA) រួមគ្នាជំរុញចំនួនទេសចរកម្ពុជា-កូរ៉េក្លាយជាទីផ្សារនាំមុខគ្នា

Posted By: RoogRog Robot | 07-Jun-2025 16:24:22

2025-06-07 04:18pm

(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Lee Jin Seok ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កូរ៉េ (KATA) និងសហការីដែលមានសមាជិកជិត២៣,០០០នាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើ កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ នាពន្លារបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងទេសចរណ៍របស់សមាគមនាំមុខគេមួយនៅប្រទេសកូរ៉េ ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជា ដល់ប្រជាជនកូរ៉េ ក៏ដូចជាវិនិយោគិនកូរ៉េដែលចាប់អារម្មណ៍វិនិយោគ លើវិស័យទេសចរណ៍ឲ្យមកទស្សនា និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងជាលំដាប់។

ដើម្បីសម្រេចឲ្យបាននូវទស្សនវិស័យនេះ ភាគីទាំងពីរបានឯកភាពសិក្សាពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា និងការរៀបចំទស្សនកិច្ចស្វែងយល់ (FAMTRIP) នាពេលខាងមុខដ៏ឆាប់ៗនេះ ដើម្បូអាចមកពិនិត្យដោយផ្ទាល់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ជាពិសេសគឺការស្វែងយល់ច្បាស់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...