(រតនគិរី)៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំនៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។
ខាងក្រោមជាខ្លឹមសារសំខាន់ៗ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំនៅខេត្តរតនគិរី៖
* អញ្ជើញមកដល់ខេត្តរតនគិរីជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់ខេត្ត ជាពិសេសវឌ្ឍនភាពក្នុងវិស័យអប់រំ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តរតនគិរី គឺជាខេត្តមួយឆ្ងាយជាងគេ ពីរាជធានីភ្នំពេញ បើធៀបជាមួយខេត្តដទៃ។ ទោះស្ថិតនៅឆ្ងាយ តែរតនគិរី មានការអភិវឌ្ឍ និងរីកចម្រើន បើធៀបនឹងអតីតកាល បន្ទាប់ពីប្រទេសបញ្ចប់សង្គ្រាម និងរក្សាបានសុខសន្តិភាពពេញលេញជិត ៣០ឆ្នាំមកនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីបានឃើញនូវការរីកចម្រើនរបស់រតនគិរី របស់ក្រុងបានលុង ត្រូវយកបានបានលុងពេលនេះ ធៀបទៅនឹងបានលុងកាលពីអតីតកាល។
* ពីលើទឹកដីខេត្តរតនគិរី ដែលជាខេត្តមួយស្ថិតក្នុងកិច្ចសហប្រតិបត្តិការ CLV កាលពីអតីតកាលនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡើងវិញ ពីគោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការ CLV។ CLV គឺជាកិច្ចសហប្រតិបត្តិការមួយ បង្កើតឡើង ដើម្បីជំរុញការអភិវឌ្ឍខេត្តភាគឦសាន ហើយមិនបានធ្វើឱ្យបាត់បង់ដីនោះឡើយ ក្នុងរយៈពេលប្រមាណ២០ឆ្នាំកន្លងមកនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍនៅខេត្តរតនគិរី គឺអភិវឌ្ឍន៍រុញផលឱ្យទទួលបានទាំងអស់គ្នា មិនមែនបោះបង់នរណា ឬលុបចោលជនជាតិដើមភាគតិចនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីកិច្ចសហប្រតិបត្តិការ CLV ត្រូវបានបិទបញ្ចប់ តែកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជាតិខាងនៅតែបន្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីការពារទឹកដីមិនអាចជ្រើសយកការធ្វើរបងនោះឡើយ គឺត្រូវជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន។ សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅតាមព្រំដែន ជាខឿនការពារទឹកដីដ៏រឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីពិសេសនៃការវិនិយោគនៅខេត្តភាគឦសាន មិនមែនជាកម្មវិធីដណ្តើមការងារ ឬដណ្តើមដីរបស់ប្រជាពលរដ្ឋនោះឡើយ គឺជាកម្មវិធីមួយជំរុញបន្ថែមដល់ការអភិវឌ្ឍនៅក្នុងខេត្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចកំពុងពិចារណាឱ្យបង្កើនថវិកាក្នុងវិស័យអប់រំ ដើម្បីពង្រាយអនុវិទ្យាល័យ និងវិទ្យាល័យឱ្យកាន់តែច្រើនឆ្លើយតបនឹងកំណើនសិស្ស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់របស់ជាតិ ហើយជាទ្រព្យដែលរីកមិនរួម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាង២០ឆ្នាំមកនេះ រតនគិរី បានប្រែក្លាយពីខេត្តគ្មានការអភិវឌ្ឍ ទៅជាខេត្តមានការអភិវឌ្ឍ។ រាជរដ្ឋាភិបាលនៅតែបន្តប្រឹងប្រែងជំរុញកិច្ចអភិវឌ្ឍន៍នៅក្នុង ដោយមិនដកដៃនោះឡើយ។ ប៉ុន្តែដើម្បីរក្សាបានកិច្ចអភិវឌ្ឍន៍ ត្រូវរក្សាឱ្យបាននូវសុខសន្តិភាព។
* មានប្រសាសន៍ដល់សុខសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ពលរដ្ឋខេត្តភាគឦសាន ដែលបានចេញមុខការពារសន្តិភាព និងបង្ហាញសច្ចភាព នៅពេលគេញុះញង់រឿង CLV កាលពីពេលកន្លងទៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាព ត្រូវប្រឹងប្រែងច្បាមយកកិច្ចអភិវឌ្ឍន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលសម្រេចបានលើការងារអប់រំនៅក្នុងខេត្តរនគិរី គឺជាការបង្ហាញឱ្យឃើញពីការច្បាមយកនូវឱកាស នៃការអភិវឌ្ឍលើការអប់រំជាមរតករបស់សម្តេចតេជោ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ត្រូវពង្រឹង គាំទ្រ និងទទួលខុសត្រូវលើមុខងារដែលរាជរដ្ឋាភិបាល និង ក្រសួងអប់រំ យុវជន និង កីឡាបានប្រគល់ជូន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់សហការ និង បន្តស្មារតីពូនជ្រំ ចូលរួមកសាង និង អភិវឌ្ឍមូលធនមនុស្សឱ្យក្លាយជាធនធានប្រកបដោយចំណេះដឹង គុណភាព គុណធម៌ និង មានសមត្ថភាពប្រកួតប្រជែងទាំងក្នុងតំបន់ និង នៅលើឆាកអន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៃគ្រប់គ្រឹះស្ថានសិក្សាក្នុងខេត្ត បន្តសហការ ដើម្បីលើកស្ទួយវិស័យអប់រំ ឱ្យកាន់តែល្អប្រសើរ តាមរយៈការផ្ដល់សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ កិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ក្នុងការពង្រឹងអភិបាលកិច្ចសាលារៀន និងការអភិវឌ្ឍប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម, ទំនើបកម្ម, ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជនសម្រាប់ជាអ្នកបន្តវេន និង ជាសសរទ្រូងដ៏រឹងមាំ សំដៅឈានឆ្ពោះដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រ និង ជំរុញការរៀនសូត្រពេញមួយជីវិត និងការអភិវឌ្ឍជំនាញ បង្កើតគំនិតផ្តួចផ្តើមដែល លើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់មនុស្សពេញវ័យ ក្នុងការទទួលបានឱកាសសិក្សាជាបន្តបន្ទាប់ ដើម្បីរក្សាការប្រកួតប្រជែង និងសម្របខ្លួននៅក្នុងកម្លាំងការងារក្នុងយុគសម័យឌីជីថល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀនចេញថ្មី និងបន្តធ្វើវិក្រឹតការគ្រូបង្រៀន ឱ្យស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន រួមទាំងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងផ្តល់ឧបករណ៍គាំទ្រចាំបាច់ ស្របតាមតម្រូវការក្នុងការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី និងការអប់រំឌីជីថល។ គ្រូបង្រៀនគឺជាបេះដូង នៃប្រព័ន្ធអប់រំ, ដូច្នេះតាមរយៈការពង្រឹងជំនាញរបស់គ្រូបង្រៀន យើងនឹងធានាបាននូវការអប់រំប្រកបដោយគុណភាព ភាពច្នៃប្រឌិតថ្មី និង ការផ្សាភ្ជាប់គំនិតច្នៃបង្កើតទាំងនោះទៅនឹងជីវភាពរស់នៅជាក់ស្តែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមន្ទីរអប់រំ យុវជន និង កីឡាខេត្ត ការិយាល័យអប់រំ យុវជន និង កីឡាស្រុក និងគណៈគ្រប់គ្រងសាលារៀនត្រូវបន្តសហការក្នុងការលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា និង ត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់ភ្លាមៗ ព្រមទាំងបង្កើនការអប់រំ អំពីសុវត្ថិភាពសុខភាពសិក្សា, សុវត្ថិភាពចំណីអាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព, ដូចជារៀបចំបន្ទប់សុខភាពស្ដង់ដា បរិស្ថានសាលារៀនបៃតងសាលារៀនស្អាតគ្មានសំរាម និងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និង អនាម័យ។ ការដោះស្រាយសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់សិស្សានុសិស្សនៅក្នុងសាលារៀន រួមបញ្ចូលទាំងកម្មវិធីអប់រំសុខភាពផ្លូវចិត្ត និង សុខុមាលភាពនៅក្នុងសាលារៀន។ សាលារៀនត្រូវតែជាកន្លែងសុវត្ថិភាពដែលចិញ្ចឹមទាំងការសិក្សា និង ការលូតលាស់ផ្លូវចិត្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមន្ទីរ និងការិយាល័យ ចំណុះក្រសួងអប់រំ យុវជន និង កីឡា និង គណៈគ្រប់គ្រងសាលារៀន ត្រូវសហការជាមួយ ភាគីពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន ជំរុញភាពជាដៃគូសាធារណៈ និងសហគមន៍ក្នុងការអប់រំ ដោយចាប់ផ្តើមអនុវត្ត នៅតាមសាលារៀនគំរូ និងសាលារៀនគោលដៅ គ.វ.អ ដោយត្រូវបន្តធ្វើសុខុដុមនីយកម្ម និង រៀបចំសេចក្ដីណែនាំអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបំផុសស្មារតីចូលរួមតាមគោលការណ៍ស្ម័គ្រចិត្តសម្រាប់គាំទ្រដល់ការបន្ថែមមុខវិជ្ជាថ្មីៗ ឬការបន្ថែមម៉ោងអនុវត្ត ដើម្បីឱ្យសិស្សចំណាយពេលកាន់តែច្រើននៅក្នុងសាលារៀនក្រោមការគ្រប់គ្រង និងដឹកនាំរបស់គ្រូបង្រៀន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ យុវជន និង កីឡា និងភាគីពាក់ព័ន្ធក្នុងសហគមន៍ មាតា បិតា និងអាណាព្យាបាល សូមសហការក្នុងការបន្តអភិវឌ្ឍកុមារ និងយុវជន ឱ្យមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាពរបស់ខ្លួន និង ប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម មានសីលធម៌ និងការរស់នៅក្នុងភាពជាពលរដ្ឋល្អ តាមរយៈការបំផុសចលនា <<កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ>> កម្មវិធីយុវជនស្ម័គ្រចិត្ត និងការលើកទឹកចិត្តឱ្យយុវជនចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និង ជំនាញទន់ដល់យុវជនសំដៅឆ្លើយតបបាន ទៅនឹងឱកាសការងារ និង ភាពរឹងមាំនៃកោសិកាសង្គម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានភាពនៃសង្គមនីមួយៗ គឺស្តែងពីសកម្មភាពរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម។ ក្រុងបានលុងអត់សំរាម អានាម័យល្អ គឺស្តែងពីឥរិយាបថនៃការរស់នៅរបស់ប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឥរិយាបថល្អនៃការរស់នៅរបស់ប្រជាពលរដ្ឋ គឺផ្តើមចេញពីការអប់រំនៅក្នុងសាលា។ ការអប់រំសីលធម៌រស់នៅនេះ គឺផ្តើមដំបូងពីការអនុវត្តន៍ និងការអប់រំរបស់គ្រូ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឥរិយាបថនៃការរស់នៅរបស់មនុស្ស មិនមែនបណ្តាលមកពីសង្គមនោះទេ ព្រោះផលនៃសង្គមកើតចេញពីសកម្មភាពរបស់មនុស្ស។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកជាឧទាហរណ៍នៃប្រទេសមហាអំណាច ដែលជាប្រទេសមានការអប់រំខ្ពស់ដូចគ្នា តែឥរិយាបថរស់នៅរបស់ប្រជាពលរដ្ឋមិនដូចគ្នា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងពេលធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកកាន់ខេត្តរតនគិរី សម្តេចបានឆ្លៀតឈ្វេងយល់ពីបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើទំនាស់ព្រំដែនរវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី គ្រាកម្ពុជាកំពុងរៀបចំការប្តឹងទៅ ICJ ក្នុងជម្លោះព្រំដែនជាមួយថៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តលើកកម្ពស់វិស័យ កីឡា ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និង សុខុមាលភាពល្អកាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុមគំនិតច្នៃប្រឌិត និង មានការតស៊ូស្វិតស្វាញ។ ជាមួយគ្នានេះ, ពង្រឹងការគ្រប់គ្រងវិស័យអប់រំកាយ និង កីឡា ពង្រឹងយន្តការ ដែលមានស្រាប់រួមទាំងសហព័ន្ធកីឡា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្តុះបណ្តាលធនធានមនុស្ស និង ការលើកទឹកចិត្តដែលជាកត្តាចម្បងក្នុងការបង្កើនប្រសិទ្ធភាព និង គុណភាពនៃការត្រៀមខ្លួនរបស់អត្តពលិក និង ការពង្រឹងគុណភាពនៃការប្រកួតកីឡាគ្រប់កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងអប់រំ យុវជន និង កីឡា, គ្រឹះស្ថានសិក្សារដ្ឋ និង ឯកជន ត្រូវសហការគ្នាក្នុងការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ និង គណិតវិទ្យានៅគ្រប់កម្រិតដើម្បីរៀបចំសិស្ស និង និស្សិតឱ្យកាន់តែប្រសើរឡើង និង ទទួលបាននូវបំណិនសតវត្សរ៍ទី២១ ជាពិសេសជំរុញការបំពាក់បំប៉នជំនាញ និង បច្ចេកវិទ្យា ដែលជាតម្រូវការទីផ្សារការងារ និង ធុរកិច្ចពង្រឹងការបណ្តុះបណ្តាល និងការផ្លាស់ប្តូរជំនាញ ស្របនឹងតម្រូវការទីផ្សារការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និង សិស្សានុសិស្សជួយថែរក្សានូវសមិទ្ធផលដ៏ថ្លៃថ្លានេះឱ្យមានអនាម័យល្អ សោភណភាពស្អាត បរិស្ថានល្អ មានផាសុកភាព និង ស្ថិតស្ថិរយូរអង្វែង សម្រាប់ជាថ្នាលបណ្តុះបណ្តាលកុមារ និង យុវជនកម្ពុជាយើងបន្តទៅមុខទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំសិស្សានុសិស្ស យុវជន យុវនារីទាំងអស់ បន្តខិតខំរៀនសូត្រ និងសិក្សាស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និង ចូលរួមធ្វើអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិទាំងមូល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសថៃ កម្ពុជាប្រើយន្តការចំនួនរួមមាន៖ យន្តការទ្វេភាគី, យន្តការអន្តរជាតិ និងការប្រើកម្លាំងតបត បើថៃប្រើកម្លាំងបំពានលើកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អរគុណប្រជាពលរដ្ឋខ្មែរ ដែលជួយទប់ទល់មិនឱ្យបញ្ហាព្រំដែនកម្ពុជា-ថៃ រីករាលដាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋខ្មែរ កុំឱ្យបញ្ហានៅមុំ៣ ក្លាយទៅជាជម្លោះជាតិសាសន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋថៃ មិនមែនស្អប់ខ្មែរទាំងអស់នោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថៃមានជនជ្រុលនិយម អំពាវនាវឱ្យចាប់បញ្ជូនពលករខ្មែរត្រឡប់មកស្រុក និងឈប់លក់ទំនិញឱ្យខ្មែរ។ ប៉ុន្តែការអំពាវនាវរបស់ក្រុមជ្រុលនិយមនេះ មិនមានការធ្វើតាមនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយកជម្លោះព្រំដែនកម្ពុជា-ថៃ ទៅ ICJ មិនមែនជាការបញ្ឆេះសង្គ្រាមទេ តែជាការរំលត់បញ្ហា។ តុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចបែបណា កម្ពុជានឹងទទួលយក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនបោះបង់យន្តការទ្វេភាគីនោះឡើយ ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ប្តឹងទៅកាន់តុលាការ ICJ ក៏ដូចជាការបញ្ចប់កិច្ចសហប្រតិបត្តិការ CLV មិនមែនធ្វើតាមការលើកឡើងរបស់ក្រុមប្រឆាំងនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តុលាការយុត្តិធម៌អន្តរជាតិ ICJ មានបណ្តឹងច្រើនណាស់សម្រាប់ដោះស្រាយ មិនមែនអង្គុយចាំតែដោះស្រាយរឿងរបស់កម្ពុជានោះទេ។ ការទទួលយកបណ្តឹង គឺគេពិនិត្យលើបញ្ហានោះល្អិតល្អន់ណាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនចង់ឱ្យបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដែលបន្សល់រាប់រយឆ្នាំមកនោះ ឱ្យបន្តនៅស្រពិចស្រពិល និងបង្កើតជាបញ្ហាបន្តទៀតនោះឡើយ។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលប្រកាន់យកជំហរប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់កងទ័ពទាំងអស់ ដែលបានត្រៀមលក្ខខណៈរួចជាស្រេចក្នុងការឆ្លើយតប បើមានការឈ្លានពានដោយកម្លាំងប្រដាប់អាវុធ។
* សម្តេចធិបតី ហ៊ុន ម៉ាណែតបានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង១០៖៣៧នាទី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕