មេដឹកនាំស្តីទីបង់ក្លាដែស ប្រកាសថានឹងរៀបចំការបោះឆ្នោតសកល នៅខែមេសា ឆ្នាំ២០២៦

Posted By: RoogRog Robot | 07-Jun-2025 10:16:16

2025-06-07 10:14am

(ដាក្កា)៖ មេដឹកនាំស្តីទីនៃប្រទេសបង់ក្លាដែស លោក Muhammad Yanus កាលពីថ្ងៃសុក្រ ទី៦ ខែមិថុនា បានប្រកាសឱ្យដឹងថា បង់ក្លាដែសនឹងរៀបចំការបោះឆ្នោតសកល នៅខែមេសា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋាភិបាលបណ្តោះអាសន្នរបស់ដោយ លោក Yanus បានដឹកនាំប្រទេសអាស៊ីខាងត្បូង ដែលមានប្រជាជន១៧៣លាននាក់នេះ ចាប់តាំងតែពីខែសីហា ឆ្នាំ២០២៤មក នៅពេលដែលអតីតនាយករដ្ឋមន្រ្តីលោកស្រី Sheikh Hasina បានចុះចេញពីតំណែងនិងរត់ភៀសខ្លួនទៅ​ប្រទេសឥណ្ឌា ក្រោយពេលផ្ទុះបាតុកម្មដ៏កក្រើកប្រឆាំងរដ្ឋាភិបាលលោកស្រី។

យ៉ាងណាមិញ រដ្ឋាភិបាលរបស់លោក Yanus ក៏បានរងសម្ពាធខ្លាំងផងដែរ អំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ខាងក្រុមប្រឆាំង រួមមានគណបក្សជាតិនិយមបង់ក្លាដែស BNP បានទាមទារឱ្យមានការបោះឆ្នោតឆាប់ៗ ដោយព្រមានអំពីអស្ថិរភាព និងការមិនពេញចិត្តក្នុងចំណោមប្រជាជន ប្រសិនបើការបោះឆ្នោតមិនប្រប្រព្រឹត្តទៅមុនដំណាច់ឆ្នាំនេះ។

គួរបញ្ជាក់ថា មេដឹកនាំគណបក្ស BNP និងជាអតីតនាយករដ្ឋមន្រ្តី គឺលោកស្រី Khaleda Zia ត្រូវបានតុលាការទម្លាក់ចោល​ការចោទប្រកាន់កាលពីខែមករា ដើមឆ្នាំនេះ ក្នុងសំណុំរឿងពុករលួយឆ្នាំ២០០៨។ ប្រការនេះបើកផ្លូវឱ្យលោកស្រី អាចចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតសកលថ្មីបាន។ រីឯគណបក្ស Awami League របស់លោកស្រី Hasina កាលពីខែឧសភា ត្រូវបានហាមឃាត់មិនឱ្យចូលរួមការបោះឆ្នោតឡើយ។ ដោយឡែក​ លោក Yanus ដែលមិនស្ថិតនៅគណបក្សនយោបាយណាទាំងអស់នោះ ធ្លាប់បាននិយាយថា រូបលោកមិនមានចំណាប់អារម្មណ៍ចូលរួមប្រកួតប្រជែងទេ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...