ទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

Posted By: RoogRog Robot | 07-Jun-2025 19:57:34

2025-06-07 07:52pm

(ប៉ៃលិន)៖ លោក អ៉ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។

លោក អ៉ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មការពារបូរណៈភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តប៉ៃលិនហើយបើទោះបីជាសម្តេច មិនបានមកជួបបងប្អូនដោយផ្ទាល់ក្តី ក៍សម្តេចតែងតែនឹករលឹកដល់កងកម្លាំងរបស់យើងជានិច្ច។

ទេសរដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្ននេះសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានស្ថានភាពឡើងកម្តៅខ្លាំង នៅចំណុចមុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី រហូតដល់មានការប៉ះទង្គិចគ្នាដោយអាវុធ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធរបស់យើងនៅទីនោះ គឺចាំស្តាប់នូវបទបញ្ជា និងគោលការណ៍ពីមេបញ្ជាការពីប្រមុខរាជរដ្ឋាភិបាល ហើយបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលា បើមានករណីឈ្លានពានណាមួយលើបូរណៈភាពទឹកដីប្រទេសកម្ពុជា។

ទេសរដ្ឋមន្ត្រី អ៉ី ឈាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ចជូនកងទ័ព និងគ្រួសារកងទ័ពឱ្យរស់រៀនមានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូនកូនក្មួយជំនាន់ក្រោយ។

សូមបញ្ជាក់ថា ជានិច្ចជាកាលទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកស្រីបណ្ឌិត បាន ស្រីមុំ តែងតែចុះសួរសុខទុក្ខ និងឧបត្ថម្ភគាំទ្រដល់កងកម្លាំងជាប្រចាំ ហើយក្នុងឱកាសនេះផងដែរ ក៍បាននាំមកនូវអំណោយដ៏ថ្លៃថ្លារបស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន តាមបណ្តាអង្គភាព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិនរួមមាន៖ ស្បៀងអាហារ សម្ភារៈ និងថវិកា ព្រមទាំងអណ្តូងទឹកស្អាតចំនួន ០៦អណ្តូងផងដែរ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...