(ហ័ងសាន-ចិន)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងអំពីព័ត៌មានមិនពិតពីខេត្តព្រះសីហនុ ដើម្បីវាយប្រហារ អុចអាល ញុះញង់ឱ្យអ្នកវិនិយោគមានការភ័យខ្លាច។
ក្នុងនាមរដ្ឋបាលខេត្តលោកសូមបញ្ជាក់ថា ព័ត៌មានទាំងនោះ គឺជាព័ត៌មានមិនពិតប្រាកដទេ លោកធានាអះអាងការពារ សន្តិសុខ សុវត្ថិភាពជូនដល់អ្នកវិនិយោគឱ្យបានល្អប្រសើរ។ ព្រោះថាបេសកកម្មរបស់រដ្ឋបាលខេត្តគឺ៖ <<សុខសុវត្ថិភាពរបស់អ្នកវិនិយោគ គឺជាកាតព្វកិច្ចរបស់យើងខ្ញុំ>> ហើយ <<ភាពជោគជ័យលើអាជីវកម្មរបស់អ្នកវិនិយោគ គឺជាភាពរីករាយរបស់យើងខ្ញុំ>>។
លោកអភិបាលខេត្តក៏បានស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនចិនទាំងអស់ ដែលមានបំណងជ្រើសរើសខេត្តព្រះសីហនុ ជាគោលដៅវិនិយោគ ព្រមទាំងអញ្ជើញធុរជន និងវិនិយោគិន ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅខេត្តព្រះសីហនុ។
ការប្រកាសស្វាគមន៍បែបនេះរបស់លោកអភិបាលខេត្តព្រះសីហនុ បានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ នៅក្នុងឱកាសដែលសមាគមវិនិយោគិនលើកកម្ពស់ការអភិវឌ្ឍន៍កម្ពុជា-អាស៊ាន ដែលមានលោកចាន់ រតនា ជាប្រធាន រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគម ទាំងកម្ពុជា ទាំងចិន បានរៀបចំវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅទីក្រុងហ័ងសាន ខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន។
ពិធីនេះដោយមានការចូលរួមពីលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ សមាជិកសមាគមអភិវឌ្ឍន៍សហគ្រិនកម្ពុជា-អាស៊ាន ក្នុងប្រទេសចិន អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អគ្គនាយក នាយកក្រុមហ៊ុន អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស និងសមាជិក សមាជិកាទាំងអស់ប្រមាណជាង២០០នាក់ ចំនួន៤៥ ក្រុមហ៊ុន។
ថ្លែងបើកវេទិកានេះ លោកអភិបាលខេត្តព្រះសីហនុ បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាពជា <<មិត្តដែកថែប និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ>> របស់ប្រទេសទាំងពីរ កម្ពុជា-ចិន ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នារវាងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ គំនិតផ្តួចផ្តើម <<ខ្សែក្រវាត់ និងផ្លូវ>> របស់លោកប្រធានាធិបតី ស៊ី ជីនពីង។
លោកអភិបាលខេត្តព្រះសីហនុ បានបន្ថែមថា ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិន ខេត្តព្រះសីហនុបានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុង នៃប្រទេសចិនចំនួន២០ រួមទាំងខេត្តអានហ៊ួយ ដែលទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ។
វេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅខេត្តអានហ៊ួយ នាពេលនេះ គឺមានគោលបំណងដើម្បីពង្រឹង និងពង្រីកការទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ ព្រមទាំងស្វែងរកដៃគូវិនិយោគលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អចលនទ្រព្យ ការដឹកជញ្ជូន និងវិស័យមួយចំនួនទៀតដែលមានសក្តានុពល។
លោកអភិបាលខេត្តបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ សូមធានាជូនអ្នកវិនិយោគិនទាំងអស់ នូវការផ្តល់លើកទឹកចិត្ត តាមរយៈកម្មវិធី ជំរុញការវិនិយោគពិសេស ព្រមទាំងផ្តល់សេវាកម្មឆាប់រហ័ស ប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងការសម្របសម្រួល ការលើកទឹកចិត្ត និងធានាសន្តិសុខ សុវត្ថិភាពដល់អ្នកវិនិយោគគ្រប់រូប និងមានសុទិដ្ឋិនិយម តាមរយៈវេទិកានេះ អ្នកវិនិយោគនឹងទទួលបានព័ត៌មានពិត និងច្បាស់លាស់ ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការវិនិយោគនៅខេត្តព្រះសីហនុ។
ក្នុងនោះផងដែរ លោក ចាន់ រតនា ក៏បានលើកបង្ហាញអំពីលទ្ធភាពសមាជិករបស់សមាគម ដែលបានចូលរួមចំណែកក្នុងការអភិឌ្ឍន៍ខេត្តព្រះសីហនុ ក្នុងនោះមានជាអាទិ៍សួនឧស្សហកម្ម ជៀន ហ័រ ដែលមានទំហំ១៣០ហិកតា ដែលបាននិងកំពុងអភិវឌ្ឍគម្រោងទី១ លើផ្ទៃដី ៥០ហិកតា ក្នុងស្រុកព្រៃនប់ សម្រាប់បំពេញវិស័យឧស្សាហកម្មពហុបំណង។
ចំពោះវិស័យទេសចរណ៍ សមាគមក៏បានបង្ហាញនូវទីតាំងផ្សេងៗពីគ្នា ដូចជាទីតាំងអភិវឌ្ឍន៍អេកូទេសចរណ៍ វប្បធម៌ធម្មជាតិ ប្រាសាទព្រលឹងបន្ទាយទ័ព និងទីតាំងអេកូទេសចរណ៍ ឆ្នេរសមុទ្រ ធម្មជាតិព្រៃកោងកាង។ល។
ក្នុងវេទិកានេះក៏មានបទបង្ហាញរបស់វាគ្មិនពាក់ព័ន្ធនឹងសក្តានុពល និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ ព្រមទាំងផ្តល់ពេលវេលាសម្រាប់កម្មវិធីសំណួរ ចម្លើយ ដោយបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយជូនវិនិយោគិន និងធុរជនផងដែរ៕