លោក​ ត្រាំ មិនចាប់អារម្មណ៍និយាយជាមួយលោក Musk ទេ, ផ្ទុយពីរបាយការណ៍មុននេះដែលថា អ្នកទាំងពីរគ្រោងនឹងសន្ទនាគ្នា

Posted By: RoogRog Robot | 06-Jun-2025 09:50:21

2025-06-06 08:46pm

(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនចាប់អារម្មណ៍ក្នុងការនិយាយជាមួយអតីតសម្ព័ន្ធមិត្តរបស់លោក គឺមហាសេដ្ឋី Elon Musk នោះទេ ចំពេលមានជម្លោះដ៏ជូរចត់ជុំវិញច្បាប់កាត់បន្ថយពន្ធរបស់លោកប្រធានាធិបតី។ ការអះអាងនេះ វាផ្ទុយពីរបាយការណ៍មុននេះដែលថា អ្នកទាំងពីរគ្រោងនឹងសន្ទនាគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥។

កាលពីព្រឹកថ្ងៃសុក្រ មន្ត្រីសេតវិមានម្នាក់ទៀតបាននិយាយថា លោក ត្រាំ និងលោក Musk នឹងនិយាយគ្នានៅថ្ងៃសុក្រ ដែលដំណឹងនេះបានជួយឲ្យភាគហ៊ុនក្រុមហ៊ុន Tesla ស្ទុះឡើងវិញរហូតដល់ ៥% ក្នុងការជួញដូរមុនម៉ោង បន្ទាប់ពីបានធ្លាក់ចុះជាប្រវត្តិសាស្ត្រជាង ១៤% កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែមន្ត្រីសេតវិមានចុងក្រោយបានបញ្ជាក់ថា គ្មានការហៅទូរស័ព្ទណាមួយត្រូវបានគ្រោងទុកសម្រាប់ថ្ងៃនោះទេ។

ជម្លោះបានចាប់ផ្តើមប៉ុន្មានថ្ងៃមុន នៅពេលដែលលោក Musk ដែលទើបចាកចេញពីតួនាទីជាទីប្រឹក្សារដ្ឋាភិបាល បានបរិហារច្បាប់កាត់បន្ថយពន្ធ និងចំណាយរបស់លោក ត្រាំ ថាជា <<រឿងគួរឱ្យស្អប់ខ្ពើម>> ដែលនឹងបន្ថែមបំណុលជាតិ ៣៦.២ពាន់ពាន់លានដុល្លារ។ ការប្រឆាំងរបស់លោក Musk បានធ្វើឲ្យការអនុម័តច្បាប់នេះ (ដែលជាអាទិភាពរបស់លោក ត្រាំ) កាន់តែស្មុគស្មាញនៅព្រឹទ្ធសភា។

កាលពីថ្ងៃព្រហស្បតិ៍ ការប្រឈមមុខដាក់គ្នាបានកើនឡើងខ្លាំង ដោយលោក ត្រាំ បានគំរាមលុបកិច្ចសន្យារដ្ឋាភិបាលរបស់ក្រុមហ៊ុនលោក Musk ហើយលោក Musk បានឆ្លើយតបដោយគាំទ្រការអំពាវនាវឲ្យទម្លាក់លោក ត្រាំ ពីតំណែង។

គួរបញ្ជាក់ថា ការដួលរលំនៃសម្ព័ន្ធភាពរវាងលោក ត្រាំ និងលោក Musk ដែលធ្លាប់ជាអ្នកគាំទ្រដ៏សំខាន់ម្នាក់របស់លោក អាចនឹងមានផលវិបាកផ្នែកនយោបាយយ៉ាងជ្រាលជ្រៅសម្រាប់រដ្ឋបាលលោក ត្រាំ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...