អធិការបតីអាល្លឺម៉ង់៖ សមាជិកសភាអាមេរិកខ្លះ មិនយល់ពីទំហំនៃការបំពាក់អាវុធរបស់រុស្ស៊ីទេ

Posted By: RoogRog Robot | 06-Jun-2025 09:15:52

2025-06-06 08:12pm

(ប៊ែរឡាំង)៖ សមាជិកសភាអាមេរិកមួយចំនួនមិនយល់អំពីទំហំនៃយុទ្ធនាការផលិតសព្វាវុធរបស់រុស្ស៊ីនោះទេ។ នេះបើតាមការថ្លែងរបស់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃសុក្រ ទី៦ ខែមិថុនា មួយថ្ងៃបន្ទាប់ពីលោកបានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥។

លោក Merz បានប្រាប់សន្និសីទធុរកិច្ចមួយនៅទីក្រុងប៊ែរឡាំងថា <<ខ្ញុំបានជួបជាមួយសមាជិកព្រឹទ្ធសភាមួយចំនួននៅវិមាន Capitol Hill ហើយបានប្រាប់ពួកគេឲ្យពិនិត្យមើលការបំពាក់អាវុធឡើងវិញដែលរុស្ស៊ីកំពុងធ្វើ>>។ រុស្ស៊ីបានប្ដូររោងចក្រការពារជាតិរបស់ខ្លួនឲ្យផលិតពេញម៉ោងចាប់តាំងពីការឈ្លានពានអ៊ុយក្រែនឆ្នាំ ២០២២ ហើយបានចុះកិច្ចព្រមព្រៀងសព្វាវុធជាមួយកូរ៉េខាងជើង និងអ៊ីរ៉ង់ ដែលជំរុញឲ្យមន្ត្រីអឺរ៉ុបព្រមានថា ទីក្រុងមូស្គូអាចនឹងមានសមត្ថភាពវាយប្រហារលើទឹកដីណាតូក្នុងពេលឆាប់ៗនេះ។

លោក Merz ដែលជាមេដឹកនាំអភិរក្សនិយម គឺជាមេដឹកនាំអឺរ៉ុបចុងក្រោយគេដែលបានទៅជួបលោក ត្រាំ ដើម្បីព្យាយាមបញ្ចុះបញ្ចូលលោកឲ្យបន្តគាំទ្រអ៊ុយក្រែន និងសន្តិសុខអឺរ៉ុបតាមរយៈណាតូ។ លោក Merz បាននិយាយថា លោកមានការធានាឡើងវិញដោយពាក្យសម្តីរបស់លោក ត្រាំ ក្នុងពេលជួបគ្នាជាសាធារណៈ ជាពិសេសការដែលលោក ត្រាំ បញ្ជាក់ថា សហរដ្ឋអាមេរិកគ្មានគម្រោងដកខ្លួនចេញពីអង្គការណាតូទេ។

លោក Merz បានគាំទ្រការទាមទាររបស់លោក ត្រាំ ឲ្យសមាជិកណាតូប្តេជ្ញាចិត្តបង្កើនការចំណាយការពារជាតិដល់ ៥% នៃផលិតផលក្នុងស្រុកសរុបនាពេលអនាគត។ កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានស្វាគមន៍ការប្តេជ្ញាចិត្តនោះ ហើយបានប្រាប់លោក Merz ថា កងកម្លាំងអាមេរិកនឹងនៅតែបន្តឈរជើងក្នុងប្រទេសអាល្លឺម៉ង់។

លោក Merz បានសង្កត់ធ្ងន់នៅថ្ងៃសុក្រថា​ <<ទោះបីយើងចូលចិត្តវាឬអត់ក៏ដោយ យើងនឹងនៅតែពឹងផ្អែកលើសហរដ្ឋអាមេរិក... សម្រាប់រយៈពេលដ៏យូរខាងមុខទៀត>>។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Merz បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់អឺរ៉ុបអំពីការគំរាមកំហែងពីសន្តិសុខ និងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវការប្តេជ្ញាចិត្តបន្តរបស់សហរដ្ឋអាមេរិកចំពោះការការពារទ្វីបអឺរ៉ុប៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...