សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ប្រាប់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពីជំហរ៤ចំណុចរបស់កម្ពុជា និងថ្លែងអំណរគុណដែលយកចិត្តទុកដាក់ចំពោះស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ

Posted By: RoogRog Robot | 06-Jun-2025 19:59:08

2025-06-06 07:56pm

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងប្រាប់ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ អំពីជំហរ ៤ចំណុចរបស់កម្ពុជា ទាក់ទងនឹងបញ្ហាព្រំដែនជាមួយភាគីថៃ។

តាមរយៈបណ្ដាញសង្គម សម្ដេចបវរធិបតី បានអះអាងថា ល្ងាចនេះ សម្តេចបានពិភាក្សាតាមទូរសព្ទជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ដោយសម្តេចបាន ចូលរួមអបអរសាទរចំពោះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណ ដែលលោកបានយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។

សម្ដេចបានបន្ថែមទៀតថា៖

ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ៖

១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ

២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីអោយបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាអោយនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី

៣. បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ

៤. បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...