ស្ថានទូតបារំាងប្រចាំកម្ពុជា រៀបចំទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅបារាំង លើកទី៣

Posted By: RoogRog Robot | 06-Jun-2025 12:04:28

2025-06-06 11:57am

(ភ្នំពេញ)៖ ស្ថានទូតបារំាងប្រចាំកម្ពុជា បានរៀបចំទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅប្រទេសបារាំង ឬតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាបារាំង ស្ថិតក្រោមប្រធានបទ <<អ្នកមានទេពកោសល្យដើម្បីផ្លាស់ប្តូរ​ពិភពលោក>> ដោយមានអ្នកចូលរួមជាង ៦០០នាក់ នៅក្នុងបរិវេណស្ថានទូត ដើម្បីសម្រួលដល់ការពិភាក្សាផ្លាស់ប្តូរយោបល់ បើកចក្ខុវិស័យការងារ និងពង្រឹងបណ្តាញអតីតនិស្សិតកម្ពុជាមកពីបារាំង ដែលបច្ចុប្បន្នមានសមាជិកជាង១ ២០០នាក់។

ពិធីនេះបានធ្វើឡើងនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ គោលដៅសំខាន់ដើម្បីពង្រឹងចំណងទាក់ទងរវាងអតីតនិស្សិតកម្ពុជា ដែលទទួលបានសញ្ញាប័ត្រពីប្រទេសបារាំង ជាមួយជ័យលាភីអាហារូបករណ៍បារាំង France Excellence ដែលនឹងចាកចេញទៅក្នុងពេលខាងមុខ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នដៃគូផ្សេងៗ។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីឱកាសសិក្សា និងការងារ ដែលទទួលបានពីការសិក្សានៅប្រទេសបារាំង ក៏ដូចជាតម្លៃបន្ថែមនៃភាសាបារាំងនៅលើទីផ្សារការងារនៅកម្ពុជា។

រៀបចំឡើងរួមគ្នាជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ព្រឹត្តិការណ៍ខាងលើមានការដាក់បង្ហាញស្តង់ចំនួន៣០ ដែលជាលំហសន្ទនាដ៏រីករាយអំពីឱកាសការងារ ការចងក្រងបណ្តាញ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជាវិស្វកម្ម សុខាភិបាល សេដ្ឋកិច្ច នីតិសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ។ ការជួបជុំនេះទទួលបា ការគាំទ្រពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងសមាជិក ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដៃគូឧបត្ថម្ភ រួមមានអង្គការ France Volontaires ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ហាងសម្ភារៈកីឡាដេកាត្លុង សណ្ឋាគារ Sofitel Angkor Phokeetra Golf & Spa Resort និងធនាគារ Bred Bank Cambodia។

នាឱកាសនោះ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការសិក្សាដ៏ល្អរបស់អតីតនិស្សិតកម្ពុជា ក៏ដូចជាការរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងការពង្រឹង​ចំណងទាក់ទង​បារាំង-កម្ពុជា។ ដោយជ្រើសរើសឧត្តមសិក្សាបារាំង លោកអ្នកទទួលបានចំណេះដឹងផ្នែកភាសា ជំនាញផ្នត់គំនិតទូលំទូលាយ និងបទពិសោធន៍ ដែលនាំទៅកាន់ចក្ខុវិស័យការងារ និងអាជីព ទាំងនៅកម្ពុជា និងនៅបរទេស។

លោកទូតបានបន្ថែមថា ភាសាបារំាង និងការសិក្សានៅប្រទេសបារាំងគឺជាកម្លាំងចលករដ៏ខ្លាំងនៃឱកាសទទួលបានការងារ។ ប្រទេសបារាំងស្ថិតក្នុងលំដាប់ទី៤ លើពិភពលោក ដែលទទួលនិស្សិត​បរទេស​ឱ្យទៅសិក្សា​ច្រើនជាងគេ ហើយក៏ជាប្រទេសគោលដៅទី៤សម្រាប់និស្សិតកម្ពុជាផងដែរ។ ក្នុងបរិបទនៃការប្រកួតប្រជែងកាន់តែស្វិតស្វាញ ប្រទេសបារាំងរក្សាបានភាពទាក់ទាញដ៏ខ្លាំង ដែលគាំទ្រដោយភាពរស់រវើកនៃហ្វ្រង់កូហ្វូនី និងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក ដែលបារំាងបានដាក់ចេញតាំងពីឆ្នាំ២០១៨។

នៅឆ្នាំនេះតាមរយៈការគាំទ្ររបស់ស្ថានទូតបារាំង និងកិច្ចខិតខំប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និស្សិត ១៧នាក់ (ក្នុងនោះស្រី៨នាក់) បានទទួលអាហារូបករណ៍ France Excellence នឹងចាកចេញទៅសិក្សានៅប្រទេសបារំាងក្នុងបវេសនកាលខាងមុខ។ ចាប់តាំងពីឆ្នាំ២០២១ និស្សិតកម្ពុជា ៥៥៥នាក់បានជ្រើសរើសបន្តការសិក្សានៅប្រទេសបារាំង តាមរយៈកម្មវិធីអាហារូបករណ៍ France Excellence អាហារូបករណ៍ Eiffel កម្មវិធី DFMS (សញ្ញាប័ត្រវេជ្ជសាស្រ្តជំនាញ) និង DFMSA (សញ្ញាប័ត្រវេជ្ជសាស្រ្តជំនាញជាន់ខ្ពស់) ក៏ដូចជាតាមរយៈសហហិរញ្ញប្បទានសាធារណៈ និងឯកជន (ក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រុមហ៊ុន Minthacare)។ និស្សិតកម្ពុជាជាច្រើននាក់ទៀតបន្តការសិក្សានៅប្រទេសបារាំងតាមរយៈហិរញ្ញវត្ថុផ្ទាល់ខ្លួន។

លោកឯកអគ្គរដ្ឋទូតបារាំងបានរំលឹកផងដែរ អំពីលទ្ធភាពសម្រាប់អតីតនិស្សិត ដែលទទួលបានសញ្ញាប័ត្របរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតនៅប្រទេសបារាំង ក៏ដូចជាសម្រាប់សហព័ទ្ធ និងកូនៗជាអនីតិជនរបស់ពួកគេ ក្នុងការទទួលបានទិដ្ឋាការស្នាក់នៅរយៈពេលខ្លីក្នុងតំបន់ស៊ែនហ្គែន ដែលមានសុពលភាពពី១ទៅ៥ឆ្នាំ។ ទិដ្ឋាការនេះនឹងអនុញ្ញាតឱ្យពួកគេស្នាក់នៅរយៈពេលសរុបក្រោម៩០ថ្ងៃ នៅក្នុងប្រទេសអឺរ៉ុបចំនួន២៩ ទៅតាមសុពលភាពនៃលិខិតឆ្លងដែន។ ការស្នើសុំទិដ្ឋាការធ្វើឡើងដោយផ្ទាល់នៅមជ្ឈមណ្ឌល TLS Contact ដែលជាភ្នាក់ងារផ្តល់សេវាសម្រាប់ស្ថានទូត។

ទិវាអតីតនិស្សិតដែលធ្លាប់សិក្សានៅបារាំងធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្ត <<សូមស្វាគមន៍មកកាន់ប្រទេសបារាំង>> ដែលមានគោលដៅទទួលស្វាគមន៍និស្សិតបរទេសចំនួន ៥០០ ០០០នាក់នៅឆ្នាំ២០២៧ ព្រមទាំងចូលរួមលើកកម្ពស់ហ្វ្រង់កូហ្វូនី ដែលផ្តោតលើការងារ និងកិច្ចសហប្រតិបត្តិការ។ គាំទ្រដោយមូលនិធិ Equipe France ព្រឹត្តិការណ៍ខាងលើក៏ជាពេលវេលាចែករំលែកបទពិសោធន៍​សិក្សារបស់អតីតនិស្សិត​និយាយភាសាបារាំង និងឱកាសការងារនៅក្នុងទីផ្សារការងារកម្ពុជា តាមរយៈកិច្ចពិភាក្សាតុមូល និងសំណួរ-ចម្លើយ ដែលជំរុញឱ្យមានសាមគ្គីភាពនៃសហគមន៍អ្នកប្រើប្រាស់ភាសាបារាំង៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...