(វ៉ាស៊ីនតោន)៖ ទំនាក់ទំនងរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមហាសេដ្ឋីមានជាងគេនៅលើពិភពលោក លោក Elon Musk ម្ដងឡើងខ្ពស់ ម្ដងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែទំនាក់ទំនងរវាងមនុស្សកំពូលទាំង២នាក់បានប្រេះឆាពេញទំហឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ជាច្រើនខែបន្ទាប់ពីត្រូវបានគេមើលឃើញថាជាសម្ព័ន្ធភាពមួយមិនអាចបំបែកបំបាក់នៅសេតវិមាន។ ការខ្វែងគំនិតគ្នាជុំវិញគោលនយោបាយពន្ធរបស់លោក ត្រាំ បានឡើងកម្ដៅជាអតិបរមាប៉ុន្មានថ្ងៃមកនេះ ខណៈលោក Elon Musk បានព្រលយសម្ដីផ្លែផ្កាថាលោក ត្រាំ គួរតែត្រូវបានគេដំណើរការនីតិវិធីដកចេញពីតំណែង។
ទំនាស់រវាងលោក ត្រាំ និងលោក Musk គឺមួយផ្នែកធំពាក់ព័ន្ធនឹងគោលនយោបាយ តែឥលូវបានក្លាយជាជម្លោះរឿងផ្ទាល់ខ្លួន ដោយក្នុងសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមជាបន្តបន្ទាប់ លោក Musk បានប្រើពាក្យសម្ដីផាំងៗវាយប្រហារលោក ត្រាំ ជាមួយការអះអាងដោយគ្មានភស្តុតាងថាលោក ត្រាំ ជាមនុស្សម្នាក់មានឈ្មោះក្នុងសំណុំរឿង Epstein។ សំណុំរឿង Epstein ជាឯកសារមានជាប់ពាក់ព័ន្ធនឹងជនរំលោភបំពានផ្លូវភេទ គឺលោក Jeffrey Epstein និងមនុស្សដែលជិតស្និទ្ធនឹងរូបលោក។ ដោយហេតុថាផ្នែកជាច្រើននៃឯកសារទាំងនេះបន្តស្ថិតនៅជាអាថ៌កំបាំង វាបានបង្កឱ្យមានការសង្ស័យ និងការសន្និដ្ឋានដោយគ្មានមូលដ្ឋានអំពីមនុស្សដែលមានឈ្មោះនៅក្នុងឯកសារនេះ។ ជាការវាយបកទៅវិញ លោក ត្រាំ បានគំរាមផ្ដាច់កិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលអាមេរិកជាមួយបណ្ដាក្រុមហ៊ុនរបស់លោក Musk និងហៅមហាសេដ្ឋីរូបនេះជាមនុស្សឆ្កួត។ មិនតែប៉ុណ្ណោះ លោក ត្រាំក៏បានអះអាងដែរថារូបលោកបានប្រាប់ឱ្យលោក Musk ចាកចេញពីសេតវិមាន។ ដូច្នេះតើទំនាក់ទំនងផ្អែមល្ហែមរវាងលោក ត្រាំ និងលោក Musk ប្រែជាប្រេះឆាយ៉ាងដូចម្ដេច?
* ពីរាត្រីទឹកឃ្មុំអស់ជាច្រើនខែ មុននឹងសង្រ្គាមពាក្យសម្ដីរវាងលោក ត្រាំ និងលោក Musk ផ្ទុះឡើង ទំនាក់ទំនងរវាងកំពូលមនុស្សទាំង២ហាក់ជាសម្ព័ន្ធភាពនយោបាយមួយដែលមិនអាចត្រូវបានបំបែកបំបាក់បានឡើយ។ លោក Musk បានយកលុយចេញពីហោប៉ាវផ្ទាល់ជិត ២០០លានដុល្លារ ដើម្បីជួយឃោសនារកសំឡេងឆ្នោតឱ្យលោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២៤។ ប៉ុន្មានថ្ងៃក្រោយទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោត លោក ត្រាំ បានប្រកាសតែងតាំងលោក Musk ឱ្យដឹកនាំអង្គភាពថ្មីមួយ នោះគឺអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ហើយសូម្បីតែឈ្មោះអង្គភាពថ្មីនេះក៏ដាក់តាមការចង់បានរបស់លោក Musk ផងដែរ។ ប៉ុន្មានសប្ដាហ៍ដំបូងនៃអាណត្តិទី២របស់លោក ត្រាំ លោក Musk បានក្លាយជាមនុស្សមានឥទ្ធិពលម្នាក់ក្នុងរដ្ឋបាលលោក ត្រាំ តែព្រមពេលជាមួយគ្នា លោកទទួលរងការរិះគន់យ៉ាងខ្លាំងដែរ។ នៅក្រោមការដឹកនាំរបស់លោក Musk DOGE បានបណ្ដេញបុគ្គលិករដ្ឋាភិបាលសហព័ន្ធរាប់ម៉ឺននាក់ និងកាត់បន្ថយ ឬកាត់ផ្ដាច់ជំនួយតែម្ដងសម្រាប់ទីភ្នាក់ងារមួយចំនួនតួយ៉ាងដូចជា USAIDជាដើម។
ឥទ្ធិពលខ្លាំងពេករបស់លោក Musk បែបនេះហើយ បានធ្វើឱ្យអ្នកនយោបាយប្រជាធិបតេយ្យហៅមហាសេដ្ឋីរូបនេះថា <<លោកប្រធានាធិបតី Elon>> ធ្វើឱ្យលោក ត្រាំក្ដៅស្លឹកត្រចៀក។ ប៉ុន្តែ លោក ត្រាំ និងលោក Musk នៅតែអួតសម្ញែងពីភាពផ្អែមល្ហែម។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីខែកុម្ភៈ លោក ត្រាំ និងលោក Musk បានសរសើរលើកជើងគ្នាទៅវិញទៅមក។ លោក ត្រាំ បានសរសើរថា លោក Musk ធ្វើកិច្ចការបានល្អ និងជាមេដឹកនាំម្នាក់ រីឯលោក Musk បាននិយាយថាខ្ញុំស្រឡាញ់លោកប្រធានាធិបតី។
* ក្លាយទៅជារាត្រីទឹកខ្មេះតាមពិតទៅ លោក ត្រាំ និងលោក Musk ក៏ធ្លាប់បានប៉ះសម្ដីនឹងគ្នាពីមុនមកដែរ។ ជាឧទាហរណ៍ កាលពីខែកក្កដា ឆ្នាំ២០២២ លោក Musk បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមថាលោក ត្រាំ កាន់តែចាស់ ណាស់ទៅហើយ មិនសមជាប់ឆ្នោតធ្វើជាប្រធានាធិបតីទេ។ លើសពីនេះ លោក Musk ថែមទាំងបានគាំទ្រគូប្រជែងរបស់លោក ត្រាំ ក្នុងការបោះឆ្នោតបឋមនៃគណបក្សសាធារណរដ្ឋកាលពីឆ្នាំ២០២៤ គឺលោក Ron DeSantis ទៀតផង។ ប៉ុន្តែ ក្រោយមានហេតុការណ៍ប៉ុនប៉នធ្វើឃាតលោក ត្រាំ បរាជ័យ កាលពីខែកក្កដា ឆ្នាំ២០២៤ ក្នុងទីក្រុង Butler រដ្ឋ Pennsylvania លោក Musk ស្រាប់តែប្ដូរចិត្តងាកទៅគាំទ្រលោក ត្រាំវិញ និងបានហែរហមលោក ត្រាំ ចូលរួមក្នុងការវិលត្រឡប់ទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្នុងទីក្រុង Butler សាជាថ្មី កាលពីខែកញ្ញា ឆ្នាំមុន។ នៅក្នុងភាសានយោបាយ គេនិយាយថា <<គ្មានទេមិត្តរហូត ហើយក៏គ្មាននោះដែរសត្រូវរហូត គឺមានតែផលប្រយោជន៍ប៉ុណ្ណោះ>>។ ឧទាហរណ៍ដូចជាករណីលោក ត្រាំ និងលោក Musk។ កាលពីប៉ុន្មានខែមុន មានពាក្យចចាអារ៉ាមថាក្រុមមនុស្សជំនិតរបស់លោក ត្រាំ និងលោក Musk បានឈ្លោះប្រកែកគ្នាក្នុងជំនួបបិទទ្វារមួយ។ រហូតដល់ខែមេសាកន្លងទៅនេះ ទើបលោក Musk បានប្រកាសថាលោកនឹងកាត់បន្ថយពេលវេលាធ្វើការនៅ DOGE ក្នុងពេលដែលតួនាទីរបស់ហាក់ ត្រូវបានកាត់បន្ថយ ដោយលែងសូវមានឈ្មោះលើក្របទំព័រមុខសារព័ត៌មានអាមេរិកធំៗ ហើយក៏មិនសូវបង្ហាញមុខជាប់លាប់នៅការិយាល័យពងក្រពើនោះដែរ។
រហូតដល់ខែឧសភា ទើបសញ្ញានៃការបែកបាក់គ្នាបានលេចចេញជារូបរាង ជាពិសេសក្រោយលោក Musk រិះគន់គោលនយោបាយពន្ធ និងសំណើកញ្ចប់ថវិការបស់រដ្ឋបាលលោក ត្រាំ ដែលគេស្គាល់ថា សេចក្ដីព្រាងច្បាប់ One Big Beautiful Bill Act។ <<ខ្ញុំពិតជាខកចិត្តដែលបានឃើញសេចក្ដីព្រាងច្បាប់លើការចំណាយដ៏ធំសម្បើម ដែលនឹងបង្កើនឱនភាពកញ្ចប់ថវិកា ពោលមិនមែនកាត់បន្ថយនោះទេ ហើយវា នឹងបំផ្លាញការងារដែលក្រុមការងារ DOGE កំពុងធ្វើ>>។ នេះជាការបញ្ជាក់របស់លោក Musk ប្រាប់កម្មវិធី Sunday Morning របស់ទូរទស្សន៍ CBS ដោយបន្ថែមថាលោកមិនសប្បាយចិត្តទេចំពោះទិដ្ឋភាព មួយចំនួននៃសេចក្ដីព្រាងច្បាប់ខាងលើ។ ក្រោយមកទៀត លោក ត្រាំ និងលោក Musk បានបង្ហាញខ្លួនជាសាធារណៈជាមួយគ្នានៅឯការិយាល័យពងក្រពើជាទីដែលលោក ត្រាំ បានសាទរការបិទបញ្ចប់តួនាទី របស់លោក Musk ក្នុងនាមជាបុគ្គលិកពិសេសរបស់រដ្ឋាភិបាលអាមេរិក។ នៅពេលនោះ លោក ត្រាំ បាននិយាយថាលោក Musk នឹងមិនចាកចេញពិតប្រាកដពីក្រុមការងាររបស់លោកទេ។ ក៏ប៉ុន្តែក្រោយ ដើរចេញពីរដ្ឋាភិបាលលោក ត្រាំ លោក Musk មិនត្រឹមតែបង្ហាញពីគំនិតជំទាស់នឹងសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកាខាងលើនោះទេ ដោយលោកបានបង្ហាញជំហរប្រឆាំងនឹងសេចក្ដីព្រាងច្បាប់នេះតែម្ដង។
សេចក្ដីព្រាងច្បាប់របស់លោក ត្រាំ ត្រូវបានសភាតំណាងរាស្ត្រអាមេរិកបោះឆ្នោតអនុម័ត និងបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា។ លោក Musk បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម X ថា <<ខ្ញុំសូមទោស តែខ្ញុំមិនអាចទ្រាំបានទៀតនោះទេ។ សេចក្ដីព្រាងច្បាប់ចំណាយដ៏សម្បើម និងដ៏អាម៉ាសនេះគឺពិតជាគួរឱ្យស្អប់ខ្ពើម។ វាជារឿងដ៏អាម៉ាសសម្រាប់អ្នកដែលបោះឆ្នោតគាំទ្រ ហើយថាតើពួកអ្នកដឹងទេថាពួកអ្នក កំពុងធ្វើខុស>>។ ជាការឆ្លើយតប លោក ត្រាំ បានលើកឡើងក្នុងជំនួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅឯការិយាល័យពងក្រពើកាលពីថ្ងៃព្រហស្បតិ៍ថា <<ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ ពីព្រោះ Elon យល់យ៉ាងច្បាស់ពីសេចក្ដីព្រាងច្បាប់នេះជាងនរណាទាំងអស់>>។ ប៉ុន្មានម៉ោងមកទៀត លោក ត្រាំ បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមថាលោកបានស្នើឱ្យលោក Musk ចាកចេញពីសេតវិមាន។ តាមលោក ត្រាំ ប្រតិកម្មខឹងសម្បាររបស់លោក Musk គឺជាការសងសឹកទៅនឹងគោលនយោបាយរថយន្ដអគ្គិសនីរបស់លោក។ <<ខ្ញុំស្នើឱ្យគាត់ចាកចេញពីសេតវិមាន។ ខ្ញុំបានដណ្ដើមយកអំណាចខាងរថយន្ដអគ្គិសនីរបស់គាត់ដែលបង្ខំឱ្យមនុស្សគ្រប់គ្នាត្រូវទិញរថយន្ដអគ្គិសនីដែលគ្មាននរណាចង់បាន ហើយគាត់បានដឹងអស់ជាច្រើនខែថាខ្ញុំនឹងធ្វើរឿងនេះ។ គាត់កំពុងក្លាយជាមនុស្សឆ្កួត>>។ នេះជាការបន្ថែមរបស់លោក ត្រាំ។ លោក Musk វិញបានបង្ហោះសាររិះគន់សេចក្ដីព្រាងច្បាប់របស់លោក ត្រាំ និងអះអាងថាបើគ្មានរូបលោក ម្ល៉េះលោក ត្រាំ ក៏មិនអាចជាប់ឆ្នោតជាប្រធានាធិបតីបានដែរ។ លោក Musk បានគូសបញ្ជាក់ដូច្នេះថា <<បើគ្មានខ្ញុំទេ ម្ល៉េះលោក ត្រាំចាញ់ឆ្នោតបាត់ទៅហើយ...នេះជាការមិនចេះដឹងគុណ>>។
គួរបញ្ជាក់ថា ថាតើនឹងរឿងអ្វីកើតឡើង គ្មាននរណាអាចទាយទុកមុនបានទេ។ ថ្វីបើលោក Musk មានប្រជាប្រិយភាពក្នុងចំណោមអ្នកសាធារណរដ្ឋ ក៏ពិតមែន តែប្រជាប្រិយភាពនេះមានមួយផ្នែកទទួលបានពីទំនាក់ទំនងជាមួយលោក ត្រាំ។ លោក ត្រាំ បានបង្ហាញឱ្យគេឃើញរួចហើយថារូបលោកមានចេតនាប្រើប្រាស់អំណាចរបស់រដ្ឋាភិបាលប្រឆាំងគូប្រជែងរបស់លោក ជាពិសេស ក្រោយការចេញបញ្ជាឱ្យបើកការស៊ើបអង្កេតលើរដ្ឋបាលរបស់អតីតប្រធានាធិបតី ចូ បៃដិន។ លោក ត្រាំ ក៏បានព្រមានដែរថាមុខជំនួញក្រុមហ៊ុនរបស់លោក Musk នឹងស្ថិតក្នុងហានិភ័យ ក្នុងនោះមានដូចជាក្រុមហ៊ុន SpaceX និង Starlink ជាមួយការគំរាមផ្ដាច់កុងត្រាជាមួយបណ្ដាក្រុមហ៊ុនរបស់លោក Musk។ លោក Musk វិញក៏មានឥទ្ធិពលលើរបៀបវារៈមួយចំនួនរបស់លោក ត្រាំផងដែរ។ ក្នុងសុន្ទរកថា ស្បថចូលកាន់តំណែង លោក ត្រាំ បានបង្ហើបពីមហិច្ឆតាចង់ដោតទង់ជាតិអាមេរិកនៅលើភពព្រះអង្គារ។ តែលោក Musk កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថាលោកមានផែនបញ្ឈប់ការប្រើប្រាស់រ៉ុក្កែត SpaceX មួយដែលអាមេរិក ត្រូវការប្រើដើម្បីទៅដល់ស្ថានីយ៍អវកាសអន្តរជាតិ ជាការសងសឹកទៅនឹងពាក្យសម្ដីរបស់លោក ត្រាំ៕