សាសនិកឥស្លាមកម្ពុជាចំនួន១,២០០នាក់ហើយ បានចេញដំណើរពីកម្ពុជា ទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើបុណ្យធម្មយាត្រាហាជ្ជ ដែលជាជើងចុងក្រោយ

Posted By: RoogRog Robot | 28-May-2025 16:20:53

2025-05-28 11:15pm

(ភ្នំពេញ)៖ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមកម្ពុជា ចំនួន១៤៧នាក់ ទៅបំពេញកាតព្វកិច្ចបុណ្យធម្មយាត្រាហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជើងទី៧ ដែលជាជើងចុងក្រោយទៅតាមរយៈក្រុមហ៊ុនឯកជន។

ការចេញដំណើរនេះ បានធ្វើឡើងចាប់ពីថ្ងៃ២០ ខែឧសភា រហូតទៅដល់ថ្ងៃទី២៧ ខែឧសភានេះ ខណៈសាសនិកឥស្លាមកម្ពុជាចំនួន១៧នាក់ផ្សេងទៀត ដែលទទួលបានការឧបត្ថម្ភពីព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សីស អាល់ស៊ូអ៊ូឌ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់ មហាំម៉ាត់ ពិន សាល់ម៉ាន់ ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជា ទៅធ្វើបុណ្យហាជ្ជសម្រាប់ឆ្នាំ២០២៥ នឹងចេញដំណើរនៅថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ។

សម្រាប់ឆ្នាំ២០២៥នេះ មានសាសនិកឥស្លាមកម្ពុជា ចំនួន១២០០ រូប ចំណាយថវិកាសរុបចំនួន ជាង៦,៦០០,០០០ដុល្លារអាមេរិក ដោយក្នុងម្នាក់ៗចំណាយប្រមាណ៥,៥០០ដុល្លារអាមេរិក ដើម្បីទៅធ្វើបុណ្យហាជ្ជ។

កាលពីឆ្នាំ២០២៤ កន្លងទៅ អ្នកទៅធ្វើបុណ្យហាជ្ជ មានចំនួន ៩៦៥នាក់ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២៥ នេះមានការកើនឡើងចំនួនជាង២០០នាក់ ដែលនេះ ហើយដោយសារប្រទេសយើងមានសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមានភាពងាយស្រួលក្នុងការចេញដំណើរទៅប្រតិបត្តិសាសនា។

ក្នុងឱកាសនោះ លោក ណុះ ស្លេះ បានថ្លែងថាការចេញដំណើររបស់សាសនិកឥស្លាមកម្ពុជា នាពេលនេះ បានបង្ហាញឲ្យឃើញថា សព្វថ្ងៃសាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស មានជីវភាពធូរធារ និងការវិវត្តស្ថានភាពរស់នៅរបស់ខ្លួនឆ្ពោះទៅមុខជាបន្តបន្ទាប់ ដែលជាចំណែកមួយនៃការកើនឡើងនៃសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ជាចុងក្រោយ លោកបានផ្តាំផ្ញើ និងការជូនពរដល់បណ្តាអ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជនាថ្ងៃនេះ ព្រមទាំងអ្នកចេញដំណើរជាបន្តបន្ទាប់ សូមប្រកបដោយសេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម។

សូមជម្រាបថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីអញ្ជើញទៅប្រារព្វបុណ្យនេះ នៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត៕














News Source: freshnewsasia.com
LATEST NEWS
វិទ្យុពេលព្រឹក - ឧសភា ២៩, ២០២៥
MORE NEWS CLICK HERE...