(ភ្នំពេញ)៖ កម្ពុជា-កាណាដាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី តាមរយៈជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ដោយឈរលើគោលការណ៍ប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់។
ការជំរុញនេះ ធ្វើឡើង ក្នុងជំនួបរវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយ លោកស្រី Sara Wilshaw ឧបការីជាន់ខ្ពស់អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ និងជាស្នងការពាណិជ្ជកម្មនៃប្រទេសកាណាដា នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា តាមរយៈការផ្លាស់ប្តូរបេសកកម្មធុរកិច្ច ជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ដោយឈរលើគោលការណ៍ប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់។
ទន្ទឹមគ្នានេះ នៅល្ងាចទី២៨ ខែឧសភា ឆ្នាំ២០២៥ ដដែល លោកស្រី ចម និម្មល បានអនុញ្ញាតជូន លោក Dominic Jacques អនុប្រធានធនាគារជាតិនៃកាណាដា និងជាតំណាងក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ ដោយភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញវិស័យធុរកិច្ចកម្ពុជា-កាណាដា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការផ្គូផ្គងធុរកិច្ច និងការបង្កើតមជ្ឈមមណ្ឌលពាណិជ្ជកម្មឯកជននៅកាណាដា។
ក្នុងជំនួបនេះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការសម្របសម្រួល និងបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យវិនិយោគគិនកាណាដា បន្តមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដោយកម្ពុជាជាទីតាំងសក្តានុពលមួយ សម្រាប់ការពង្រីកបណ្តាញធុរកិច្ចក្នុងតំបន់។
សូមជម្រាបថា បន្ទាប់ពីមានជំនួបទាំងពីរខាងលើ កម្ពុជាបានពិធីជប់លៀងទទួលស្វាគមន៍គណៈប្រតិភូគណៈប្រតិភូធុរកិច្ចកាណាដា មកកាន់ប្រទេសកម្ពុជាផងដែរ។
ក្នុងឱកាសនេះផងដែរ លោកស្រី ចម និម្មល បានជម្រាបជូនពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគកម្ពុជា ដល់គណៈប្រតិភូធុរកិច្ចកាណាដា ដោយរំលេចឡើងនូវបរិយាកាសវិនិយោគអំណោយផល និងទីផ្សារ ទូលំទូលាយ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីដែលកម្ពុជា ជាសមាជិក។
គួរបញ្ជាក់ផងដែរថា គណៈប្រតិភូដែលអញ្ជើញមកលើកនេះ ជាគណៈប្រតិភូធុរកិច្ចកាណាដាធំបំផុតដែលមកបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា ដែលមានការចូលរួមដោយតំណាងចំនួន ៩០ នាក់ មកពីស្ថាប័នធុរកិច្ចកាណាដា ប្រមាណជាង ៨០ ដើម្បីស្វែងរកឱកាសពាណិជ្ជកម្ម និងវិនិយោគ៕