ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែន តំបន់មុំបី ខេត្តព្រះវិហារ

Posted By: RoogRog Robot | 29-May-2025 03:22:29

2025-05-29 10:19am

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពនៃ ការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នាព្រឹកព្រលប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅព្រំដែន ក្នុងតំបន់មុំបី ខេត្តព្រះវិហារ។

ការថ្លែងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា។

ខាងក្រោមជាខ្លឹមសារនៃប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ៖

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋស្ងប់ចិត្តលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយជឿជាក់លើការដោះស្រាយរវាងរាជរដ្ឋាភិបាលទាំងពីរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលរុញឱ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សព្វាវុធ និងកងទ័ព ដែលបានបញ្ជូនទៅកាន់ព្រំដែន មិនមែនដើម្បីវាយថៃ ឬធ្វើសង្គ្រាមនោះទេ តែជាការត្រៀមបម្រុងចំពោះយថាហេតុអាក្រក់ណាមួយកើតឡើង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហេតុការណ៍ផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ មិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ថៃនោះឡើយ។ សម្តេចតេជោ សន្និដ្ឋានថា ហេតុការណ៍នេះ អាចបង្កឡើងដោយបុគ្គល ឬអង្គភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហេតុការណ៍នៅព្រំដែនកម្ពុជា-ថៃ កាលពីម្សិលមិញ គឺខុសគ្នានឹងព្រឹត្តិការណ៍ឈ្លានពានកែវគិរីស្វារៈកាលពីឆ្នាំ២០០៨។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងសង្គ្រាមនៅព្រះវិហារ និងប្រាសាទតាមាន់ធំ និងតាក្របីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ គឺកម្ពុជាប្រើប្រាស់ភាពអត់ធ្មត់ខ្ពស់បំផុតរហូតដល់កងទ័ពងឿងឆ្ងល់។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា ក្នុងសង្គ្រាមនោះទីបញ្ជាការដ្ឋានគឺចេញពីផ្ទះរបស់សម្តេចតែម្តង ហើយបញ្ជាតាមប្រព័ន្ធវីដេអូ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីពេលនោះ នាយឧត្តមសេនីយ៍ ជា តារា និង ឈិន ច័ន្ទពណ៌ បានស្នើសុំសម្តេចប្រើកាំភ្លើងធំបាញ់ចូល៤០គីឡូម៉ែត្រទៅក្នុងប្រទេសថៃ តែសម្តេចមិនប្រើនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងទ័ព និងសព្វាវុធ ដែលបញ្ជូនទៅព្រំដែនមិនមែនដើម្បីវាយថៃនោះទេ តែករណីមានការឈ្លានពាន គឺកម្ពុជាប្រើសិទ្ធិការពារបូរណភាបទឹកដី និងអធិបតេយ្យជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងទស្សនកិច្ចនៅក្រៅប្រទេស តែសម្តេចបានធ្វើការជាប់ប្រចាំលើបញ្ហាព្រំដែន ហើយដឹងពីភូមិសាស្ត្រនោះច្បាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លែងដែលផ្ទុះអាវុធ គឺជាកន្លែងដែលសម្តេចបានទៅដល់កាលពីឆ្នាំ២០០៩ ហេតុអ្វីថៃថាជាដីរបស់ពួកគេ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនមែនជាមេដឹកនាំដែលអង្គុយតែក្នុងការិយាល័យនោះទេ គឺតែងតែចុះតាមមូលដ្ឋាន ហើយនៅសមរភូមិសង្គ្រាម ក៏សម្តេចចុះដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលកម្ពុជាចង់បាន គឺចង់បានស្ថានការណ៍នៅព្រំដែនវិលត្រឡប់ទៅសភាពដើមវិញ ហើយសុំឱ្យវាកើតត្រឹមនៅមុំបី កុំឱ្យរីករាយរាលដាលទូទាំងព្រំដែន និងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ក្រុមហ៊ុនជីបម៉ុង ដែលបានប្រកាសនាំយកអំណោយជាទឹក ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគជូនដល់កងទ័ព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានសប្បុរសជនម្នាក់ បានបរិច្ចាគថវិកា១ម៉ឺនដុល្លារជូនដល់គ្រួសារកងទ័ពខ្មែរ ដែលបានពលីជីវិតដោយសារការបាញ់របស់ទាហានថៃ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅជនជាតិថៃ សិទ្ធិ លីមថងគុល លោកឯងមិនមែនជាកងទ័ពទេ។ សម្តេចតេជោ បានថ្លែងថា យុទ្ធសាស្ត្រសម្តេច បើទ័ពថៃចង់វាយចូលមកដល់អង្គរវត្តដូច សិទ្ធិ លីមថងគុល លើកឡើងនោះ សម្តេចក៏បើកឱ្យវាចូល ដើម្បីបង្ហាញពីការឈ្លានពានដល់អង្គការសហប្រជាជាតិ ហើយសម្តេចនឹងប្រើទ័ពវាយកាត់ផ្តាច់ទ័ពថៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តេជោសែន ច្បាស់ណាស់ពីយុទ្ធសាស្ត្រសង្គ្រាម។ សម្តេចតេជោ បានថ្លែងថា យន្តហោះអាមេរិក ធ្លាប់ដេញបាញ់សម្តេច តែធ្វើអ្វីមិនបែកនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងសង្គ្រាមបែបនេះ សម្តេចមិនប្រើយន្តហោះនោះទេ តែសម្តេចមានសំណាញ់មេឃ គឺកាំភ្លើងបាញ់ទម្លាក់យន្តហោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះកម្ពុជា មានកាំភ្លើងការពារអាកាសដែលល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋឧបត្ថម្ភដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់នៃខឿនការពារជាតិរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំសួរសុខទុក្ខទៅដល់កងទ័ពទាំងអស់នៅជួរមុខ ហើយអំពាវនាវដល់កាកបាទក្រហមនៅខេត្តព្រះវិហារ ជួយដល់ជនភៀសសឹក៕

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសារពិសេសនៅវេលាម៉ោង ១០៖០៥នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕






























News Source: freshnewsasia.com
LATEST NEWS
វិទ្យុពេលព្រឹក - ឧសភា ២៩, ២០២៥
MORE NEWS CLICK HERE...