តុលាការអាមេរិក បិទខ្ទប់ពន្ធគយរបស់លោក ត្រាំ មិនឱ្យចូលជាធរមាន

Posted By: RoogRog Robot | 28-May-2025 20:22:29

2025-05-29 10:19am

(ញូវយ៉ក)៖ តុលាការពាណិជ្ជកម្មមួយរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី២៨ ខែឧសភា បានរាំងខ្ទប់មិនឱ្យការយកពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលជាធរមានឡើយ ដោយធ្វើសេចក្ដីសម្រេចមួយថាលោក ត្រាំ បានប្រើប្រាស់សិទ្ធិអំណាចហួសព្រំដែនកំណត់ ក្នុងការអនុវត្តការយកពន្ធគយលើទំនិញនាំចូលពីប្រទេសជាច្រើននៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តុលាការពាណិជ្ជកម្មអន្តជាតិរបស់សហរដ្ឋអាមេរិក បាននិយាយថារដ្ឋធម្មនុញ្ញអាមេរិកបានផ្ដល់សិទ្ធិអំណាចផ្ដាច់មុខទៅឱ្យសភា ក្នុងការចាត់ចែងលើការធ្វើពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដទៃ ដែល មិនអាចត្រូវបានលុបចោលដោយអំណាចបន្ទាន់របស់ប្រធានាធិបតីនោះទេ ដើម្បីការពារសេដ្ឋកិច្ចអាមេរិក។

ប៉ុន្មាននាទីក្រោយការប្រកាសនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ជូនកំណត់ហេតុនៃបណ្ដឹងឧទ្ធរណ៍ ព្រមទាំងបានចោទសួរផងដែរនូវសិទ្ធិអំណាចរបស់តុលាការ។ ការសម្រេចចិត្តណាមួយរបស់ តុលាការពាណិជ្ជកម្មអន្តរជាតិមានមូលដ្ឋានក្នុងសង្កាត់ Manhattan ដែលមាននាទីដោះស្រាយជម្លោះពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិ និងច្បាប់ពន្ធគយ អាចត្រូវបានប្តឹងឧទ្ធរណ៍ជំទាស់តាមរយៈ ការដាក់ពាក្យបណ្ដឹងទៅកាន់សាលាឧទ្ធរណ៍អាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងអាចទៅដល់តុលាការកំពូលអាមេរិក។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីខែមេសាកន្លងទៅ បានប្រកាសពីការយកពន្ធគយទៅវិញទៅមកលើទំនិញនាំចូលមកពីបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក។ ប៉ុន្តែ លោកបានសម្រេចចិត្តផ្អាកការអនុវត្តការយកពន្ធគយនេះរយៈពេល៩០ថ្ងៃ ដើម្បីបើកផ្លូវចរចា៕


News Source: freshnewsasia.com
LATEST NEWS
វិទ្យុពេលព្រឹក - ឧសភា ២៩, ២០២៥
MORE NEWS CLICK HERE...