(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ នៅថ្ងៃពុធ ទី២៨ ខែឧសភា ថា លោក Mohammad Sinwar មេដឹកនាំក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា និងជាប្អូនប្រុសរបស់អតីតមេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីដើមខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ថ្លែងនៅក្នុងសភា លោក Netanyahu បានមានប្រសាសន៍ថា អ៊ីស្រាអែលកំពុងស្ថិតក្នុង <<ចំណុចរបត់ដ៏សំខាន់>> ក្នុងសង្គ្រាមប្រឆាំងក្រុមហាម៉ាស់ ហើយយោធាបាន <<កម្ចាត់ Mohammad Sinwar>>។ លោកបានបន្ថែមថា ប្រតិបត្តិការថ្មីៗរបស់អ៊ីស្រាអែល គឺផ្តោតលើការរុះរើសមត្ថភាពគ្រប់គ្រងរបស់ក្រុមហាម៉ាស់។
នេះគឺជាការទទួលស្គាល់ជាផ្លូវការលើកដំបូងនៃការស្លាប់របស់លោក Mohammad Sinwar បន្ទាប់ពីប្រតិបត្តិការរួមគ្នារវាងយោធាអ៊ីស្រាអែល និងសេវាសន្តិសុខ Shin Bet កាលពីថ្ងៃទី១៣ ខែឧសភា ដែលបានកំណត់គោលដៅលើលេណដ្ឋានក្រោមមន្ទីរពេទ្យ Gaza European ក្នុងទីក្រុង Khan Younis។ ការវាយប្រហារនោះ បានសម្លាប់មនុស្ស ២៦នាក់ផ្សេងទៀត នេះបើតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា ប៉ុន្តែជោគវាសនារបស់ Mohammad Sinwar មិនត្រូវបានបញ្ជាក់នៅពេលនោះទេ។
លោក Mohammad Sinwar អាយុ ៤៩ឆ្នាំ គឺជាឥស្សរជននយោបាយ និងយោធាជាន់ខ្ពស់របស់ហាម៉ាស់ ដែលត្រូវបានគេជឿថា បានឡើងកាន់តំណែងជាមេដឹកនាំប្រតិបត្តិការនៅហ្គាហ្សា និងជាមេបញ្ជាការកងពលតូច Izz al-Din al-Qassam កាលពីខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីការស្លាប់របស់បងប្រុសលោក។
លោក Netanyahu ក៏បានផ្តល់ព័ត៌មានថ្មីៗអំពីចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សាដែរ ដោយនិយាយថា តាមការស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល មាន ២០នាក់នៅរស់ និង ៣៨នាក់ត្រូវបានគេជឿថាបានស្លាប់។ យោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា ការវាយលុករបស់អ៊ីស្រាអែលនៅហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងតិច ៥៤,០៨៤នាក់ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ការបញ្ជាក់ពីការស្លាប់របស់មេដឹកនាំហាម៉ាស់រូបនេះ អាចនឹងមានផលប៉ះពាល់ដល់រចនាសម្ព័ន្ធបញ្ជាការរបស់ក្រុម និងកិច្ចចរចាដែលកំពុងបន្ត ទោះបីជាក្រុមហាម៉ាស់មិនទាន់បញ្ជាក់ក៏ដោយ៕