(ភ្នំពេញ)៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ចុះសំណេះសំណាល និងលើកទឹកចិត្ត ដល់កងកម្លាំងយោធា ដែលកំពុងបំពេញភារកិច្ច ឈរជើងការពារព្រំដែននៅតំបន់ ច្រកទ្វារអានសេះ ភ្នំដងរែក ដែលជាតំបន់ស្ថិតនៅព្រំដែនកម្ពុជា-ថៃ។
ទីតាំងខាងលើនេះ ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីទីតាំងផ្ទុះអាវុធ នៅចំណុចមុំ៣ កាលពីព្រឹកមិញ។
ក្នុងឱកាសនោះ លោក សាំ ពិសិដ្ឋ បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅដល់កងកម្លាំងទាំងអស់ ដែលបានឈរជើងយ៉ាងរឹងមាំ តាមខ្សែបន្ទាត់ព្រំដែន ការពារបូរណភាពទឹកដីរបស់ជាតិយើង។
សូមជម្រាបថា ការសំណេះសំណាល និងការទៅលើកទឹកចិត្ត ដល់កងកម្លាំងយោធានេះ បង្ហាញពីស្មារតីទំនាក់ទំនងជិតស្និទ្ធ រវាងមន្រ្តីនៅតាមក្រសួងមន្ទីរ និងកងកម្លាំងយោធា ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្រការពារប្រទេសជាតិ និងថែរក្សាសង្គមសន្ដិភាព នាពេលបច្ចុប្បន្ន៕