(តូក្យូ, ជប៉ុន)៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន MinebeaMitsumi Inc., និងសហការី ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណសម្តេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម និងបានសម្តែងការអរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការ និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមីនេបៀកម្ពុជា-Minebea (Cambodia)។
លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចមហាបវរធិបតីអំពីវឌ្ឍនភាពនៃការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបច្ចុប្បន្ន ក្រុមហ៊ុនបានផ្តល់ឱកាសការងារជាង ២,០០០កន្លែង និងគ្រោងជ្រើសរើសពលរដ្ឋបន្ថែមទៀតចូលបម្រើការងារជាបន្តបន្ទាប់។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីដំណើរការសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ។ លោកប្រធានក្រុមហ៊ុនក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជាគឺជាគោលដៅដ៏ល្អបំផុតសម្រាប់ការវិនិយោគ។
ជាការឆ្លើយតប សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងសោមនស្សដែលបានជួបលោកប្រធានក្រុមហ៊ុន និងសហការីជាថ្មីម្ដងទៀត។ សម្តេចមហាបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន ក៏ដូចជាការពង្រីកប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់របស់ក្រុមហ៊ុនមីនេបៀកម្ពុជា។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ភាពជោគជ័យនេះមិនត្រឹមតែបង្ហាញពីការរីកចម្រើនរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ សម្តេចមហាបវរធិបតីក៏បានគូសបញ្ជាក់អំពីការបន្តដាក់ចេញនូវគោលនយោបាយ ក្នុងការគាំទ្រ និងយកចិត្តទុកដាក់ចំពោះក្រុមហ៊ុនវិនិយោគទាំងអស់នៅកម្ពុជា ព្រមទាំងធានានូវបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងសម្រាប់វិនិយោគិននៅកម្ពុជា៕