(តូក្យូ, ជប៉ុន)៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក HIROKI Kuriyama ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន NTT DOCOMO GLOBAL Inc., និងសហការីចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសនៃជំនួបនោះ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូន សម្ដេចមហាបវរធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលកំពុងដំណើរការនៅតាមបណ្តាប្រទេសជាច្រើនលើសកលលោក ដោយផ្តោតជាសំខាន់លើការវិនិយោគក្នុងវិស័យឌីជីថល និងទូរគមនាគមន៍។
ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., ជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅប្រទេសជប៉ុន ដែលផ្តល់សេវាកម្ម 4G, 5G និងប្រព័ន្ធផ្កាយរណប។ បច្ចុប្បន្នក្រុមហ៊ុនកំពុងសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមលើបច្ចេកវិទ្យា 6G ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុនបានបង្ហាញពីគោលបំណងក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានសម្តែងស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយចំពោះគោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យឌីជីថល ជាពិសេសការពង្រីកការគ្របដណ្តប់សេវា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានឱកាសកាន់តែច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
សម្ដេចមហាបវរធិបតីបានបន្ថែមថា បច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា កំពុងបញ្ចប់ដំណើរការ និងត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ទូទាំងប្រទេស។
មុននឹងបញ្ចប់ សម្ដេចមហាបវរធិបតី បានណែនាំឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសិក្សាលម្អិតអំពីលទ្ធភាពជាក់ស្តែងក្នុងការវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា៕