សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គាំទ្រការវិនិយោគកែច្នៃសំណល់ប្លាស្ទិក ដើម្បីកាត់បន្ថយសំរាមនៅកម្ពុជា

Posted By: RoogRog Robot | 28-May-2025 21:00:44

2025-05-28 08:54pm

(តូក្យូ, ជប៉ុន)៖ រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក OKUMURA Yusuke ប្រធានក្រុមហ៊ុន KOUA SHOJI Co., Ltd. និងសហការីចូលជួបសម្ដែងការគួរសម ក្នុងឱកាសនៃដំណើរ​ទស្សនកិច្ច​ការ​ងារផ្លូវការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានសម្ដែងការអរគុណយ៉ាង​ជ្រាល​ជ្រៅចំពោះសម្ដេចមហាបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក​អនុញ្ញាតឱ្យរូបលោក និងសហការីបានចូលសម្ដែងការគួរសម និងបាន​គោរព​ជម្រាបជូនសម្ដេចមហាបវរធិបតី អំពីប្រតិបត្តិការអាជីវកម្ម​របស់​ក្រុម​ហ៊ុននៅកម្ពុជា។ ក្រុមហ៊ុនបានចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មចាប់តាំង​ពី​ឆ្នាំ​២០១៥ មក ដោយមានកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិ​បត្តិការ​អន្តរ​ជាតិនៃប្រទេសជប៉ុន (JICA) ក្នុងការកែច្នៃសំរាមនៅក្នុង​ខេត្តស្វាយ​រៀង។

បច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងមានប្រតិបត្តិការ​អាជីវកម្ម​កែច្នៃ​សំរាម​នៅក្នុង​តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ​​ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងកែច្នៃផលិត​ផល​ប្លាស្ទិកឱ្យទៅជាសម្ភារៈប្រើប្រាស់ឡើងវិញ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារ​ក្នុងស្រុក និងសម្រាប់នាំចេញ។

លោកប្រធានបន្ថែមថា បច្ចុប្បន្ននេះ ក្រុម​ហ៊ុនកំពុងតែមានកិច្ចសហការជាមួយនឹងដៃគូនៅក្នុងប្រទេសជប៉ុន ដើម្បី​ជំរុញ និងបង្កើនសកម្មភាពប្រតិបត្តិការអាជីវកម្មរបស់​ខ្លួនលើការ​កែច្នៃ​សំណល់ប្លាស្ទិកបន្ថែមទៀត តាមរយៈគំនិតផ្តួចផ្តើមថ្មីៗដូចជាការកែច្នៃ​សំរាម​ចល័ត និងការកែច្នៃតាមទូកុងតឺន័រជាដើម។ កន្លងមក ក្រុមហ៊ុន​ក៏បាន​សហការជាមួយបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា​ក្នុងការ​ចែក​ធុងសំរាម ក៏ដូចជាសហការជាមួយក្រសួងបរិស្ថាន និងសាលារៀនលើការ​បណ្ដុះបណ្ដាលផ្នែកអនាម័យ និងធ្វើយុទ្ធនាការប្រមូលសំរាម។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានក្រុមហ៊ុន បានសម្ដែងការអរគុណយ៉ាង​ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការ​សម្រប​សម្រួល​ និងការគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់​ក្រុមហ៊ុនក្នុង​រយៈ​ពេល​ជាង១០ឆ្នាំកន្លងមកនេះ។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតីបានសម្ដែងការពេញចិត្ត និងវាយ​តម្លៃ​ខ្ពស់ចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្ដេច​មហា​បវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ចំពោះ​គ្រប់​​បណ្ដាក្រុមហ៊ុនវិនិយោគទាំងឡាយ ដែលបានធ្វើប្រតិបត្តិការអាជីវកម្ម​ផ្ទាល់​នៅកម្ពុជា ដោយសម្តេចបវរធិបតីបានគូសបញ្ជាក់ពីការដាក់​ចេញ​នូវ​គោលនយោបាយ, យន្តការនៃការលើកទឹកចិត្ត និងការគាំទ្រផ្សេងៗ​ សម្រាប់​វិនិយោគិន។

សម្ដេចមហាបវរធិបតី បានបន្ថែមទៀតថា ស្របពេលដែលកម្ពុជាកំពុង​មាន​ការអភិវឌ្ឍរីកចម្រើន ហើយកំណើនប្រជាជនមានការកើនឡើង, បរិមាណសំរាម និងសំណល់ផ្សេងៗ ក៏មានការកើនឡើងជាបន្តបន្ទាប់។ ដូច្នេះសកម្មភាពការកែច្នៃសំណល់របស់ក្រុមហ៊ុនពីប្លាស្ទិក ក៏ដូចជាសំរាម​ផ្សេងៗ​ ទៅជាផលិតផលប្រើប្រាស់ឡើងវិញនេះ គឺជាអាជីវកម្មដ៏មាន​សារៈ​សំខាន់ ហើយរាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តគាំទ្រដល់​សកម្មភាព​អាជី​វកម្មប្រភេទនេះ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រីកសកម្មភាពអាជីវ​កម្ម​របស់ខ្លួនបន្ថែមទៀត។

សម្ដេចមហាបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមចំណែកដល់ការលុបបំបាត់ ឬកាត់បន្ថយសំរាម និង​ សំណល់នៅកម្ពុជា៕









News Source: freshnewsasia.com
LATEST NEWS
វិទ្យុពេលព្រឹក - ឧសភា ២៩, ២០២៥
MORE NEWS CLICK HERE...