(ហ្សាកាតា)៖ ប្រទេសបារាំង និងឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិបឋមមួយ នៅថ្ងៃពុធ ទី២៨ ខែឧសភា ដែលអាចនាំឲ្យមានការបញ្ជាទិញសម្ភារៈយោធាថ្មីពីទីក្រុងប៉ារីស រួមទាំងយន្តហោះចម្បាំង Rafale និងនាវាមុជទឹក Scorpene។ មេដឹកនាំទាំងពីរក៏បានពិភាក្សាពីវិបត្តិនៅតំបន់ហ្គាហ្សាផងដែរ។ នេះបើយោងតាមការថ្លែងរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto, លោក Macron បានមានប្រសាសន៍ថា <<ខ្ញុំរីករាយដែលលិខិតបង្ហាញពីចេតនា ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដើម្បីអាចបើកទ្វារទៅរកការបញ្ជាទិញថ្មីសម្រាប់ Rafale, Scorpene និងនាវាចម្បាំងធុនស្រាល>>។ កាលពីឆ្នាំ ២០២២ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងការពារជាតិតម្លៃ ៨.១ពាន់លានដុល្លារ រួមមានការបញ្ជាទិញ Rafale ៤២គ្រឿង ដែលឥណ្ឌូណេស៊ីមិនទាន់ទទួលបាន។
ពាក់ព័ន្ធនឹងវិបត្តិនៅមជ្ឈិមបូព៌ា លោក Prabowo បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនមូស្លីមច្រើនជាងគេលើពិភពលោក មានឆន្ទៈទទួលស្គាល់អ៊ីស្រាអែល និងបង្កើតទំនាក់ទំនងការទូត ប្រសិនបើអ៊ីស្រាអែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។
លោក Macron បានរំលឹកពីគោលជំហររបស់បារាំងដែលគាំទ្រដំណោះស្រាយរដ្ឋពីរ ហើយបានសង្កត់ធ្ងន់ថា បារាំងមិនមាន <<ស្តង់ដារពីរ>> ចំពោះបញ្ហាមជ្ឈិមបូព៌ាទេ។ លោកបានបន្ថែមថា <<យើងនឹងរៀបចំក្នុងពេលឆាប់ៗនេះ ដោយសហការជាមួយអារ៉ាប៊ីសាអូឌីត នូវសន្និសីទមួយស្តីពីតំបន់ហ្គាហ្សានៅទីក្រុងញូវយ៉ក ដើម្បីផ្តល់កម្លាំងរុញច្រានថ្មីដល់ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងការទទួលស្គាល់សិទ្ធិរស់នៅដោយសន្តិភាព និងសន្តិសុខរបស់អ៊ីស្រាអែល>>។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាគោលដៅទីពីរក្នុងដំណើរទស្សនកិច្ចថ្នាក់តំបន់របស់លោក Macron បន្ទាប់ពីវៀតណាម ជាកន្លែងដែលកិច្ចព្រមព្រៀងជាង ១០ពាន់លានដុល្លារត្រូវបានចុះហត្ថលេខា។ លោកគ្រោងនឹងបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍។ដំណើរទស្សនកិច្ចរបស់លោក Macron នៅអាស៊ីអាគ្នេយ៍ មានគោលបំណងពង្រឹងឥទ្ធិពលរបស់បារាំង និងអឺរ៉ុបនៅក្នុងតំបន់ ដែលមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច៕