ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ព្រមទាំងចែកផ្ទះ និងដីជូនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតពិតប្រាកដ ចំនួន០៨គ្រួសារ

Posted By: RoogRog Robot | 28-May-2025 08:09:15

2025-05-28 08:05am

(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក) និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស (ស.អ.ក)ខេត្ត នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅស្នាក់ការភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងការរៀបចំទីតាំង ដីសម្បទានសង្គមកិច្ចក្នុងខេត្តពោធិ៍សាត់ ព្រមទាំងចែកផ្ទះ និងដីជូនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតពិតប្រាកដ ចំនួន០៨គ្រួសារ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងថា ភូមិអភិវឌ្ឍន៍ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ត្រយឹងនេះ ជាភូមិពិសេសក្រោមការយកចិត្តទុកដាក់ពេញទំហឹង ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ពីសម្តេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងពីលោកអភិបាលខេត្តផ្ទាល់ ដោយបានស្ថាបនាផ្លូវខ្វាត់ខ្វែង មានសាលារៀន មណ្ឌលសុខភាព វត្តអារាម ប្រព័ន្ធភ្លើងអគ្គិសនី ភ្លើងសូឡា និងប្រព័ន្ធទឹកស្អាតចូលដល់លំនៅឋានីមួយៗ។

លោកទេសរដ្ឋមន្ត្រីបន្តថា គោលបំណងនៃការយកចិត្តទុកដាក់របស់សម្តេច គឺចង់ឱ្យភូមិមួយនេះ ក្លាយជាភូមិពិសេសនិងជាភូមិគំរូមួយ នៅទូទាំងប្រទេស ដោយហេតុថា អតីតយុទ្ធជន គឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ជានិមិត្តរូបនៃស្មារតីលះបង់ ពលីកម្ម ដើម្បីជាតិ និងជាអ្នកស្នេហាជាតិពិតប្រាកដ ដោយសកម្មភាពជាក់ស្តែង រហូតទទួលបានសុខសន្តិភាព មកទល់បច្ចុប្បន្ន។

ត្រង់ចំណុចនេះ លោកសូមឱ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស (ស.អ.ក)ខេត្តផ្ទាល់ ត្រូវប្តេជ្ញាជំរុញ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខ កង្វះខាត ក៏ដូចជាបញ្ហាប្រឈមរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជននៅទីនេះ ខណៈដែររដ្ឋបាលខេត្ត និងមន្ទីរអង្គភាព មានសម្ព័ន្ធមេត្រីភាពរួចស្រេចមកហើយ។

លោក គន់ គីម បានកោតសរសើរផងដែរ ចំពោះអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនមួយចំនួនធំ ដែលបានមកស្នាក់នៅជាអចិន្ត្រៃយ៍ ហើយបានខិតខំដាំដុះបង្កបង្កើនផលលើដីទាំងនោះ ដោយទាញបាននូវប្រាក់ចំណូលជាច្រើន ក្នុងមួយរដូវៗសម្រាប់ផ្គត់ផ្គង់ជីវភាព កត្តាទាំងនេះគឺផ្តើមចេញពីការខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាម មានឆន្ទៈ និងមានសេចក្តីភ្ញាក់រឭក។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ក៏សូមថ្លែងអំណរគុណ និងសាទរផងដែរ ចំពោះការលើកឡើង របស់លោកអភិបាលខេត្ត ជុំវិញគម្រោងផ្តល់គ្រាប់ពូជដំឡុងមី មួយប្រភេទ (ពូជថ្មី) ជូនដល់គ្រួសារអតីតយុទ្ធជនភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង បានសាកល្បងធ្វើការដាំដុះ បង្កើនសេដ្ឋកិច្ចគ្រួសារ ក្រោយពីបានធ្វើពិសោធន៍១៥ឆ្នាំរួចមកហើយ ឃើញថាទទួលបានទិន្នផលខ្ពស់ ក្នុង១ហិកតា ចន្លោះពី៦០ ទៅ ១០០តោន ហើយធន់នឹងជំងឺ និងអាកាសធាតុ មានទីផ្សារ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម និងលោក ខូយ រីដា ក៏បានបន្តប្រគល់ផ្ទះ និងដីកសិកម្ម ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន ជូនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតពិតប្រាកដ ចំនួន០៨គ្រួសារ បានចូលមករស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ជាមួយគ្នានោះ លោកបានជំរុញឱ្យប្រជាពលរដ្ឋទាំង០៨គ្រួសារ រួមទាំងគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំបង្កើនការដាំដុះដូចជាដំណាំឈើហូបផ្លែ ដំឡូងមី ពោត សណ្តែត ចេក អំពៅ បន្លែ និងចឹញ្ចឹមសត្វជាដើម ដើម្បីធ្វើឱ្យភូមិមួយនេះ បានក្លាយជាភូមិគំរូនៅទូទាំងប្រទេសផងដែរ។

គួរជម្រាបជូនថា ប្រជាពលរដ្ឋក្រីក្រខ្វះខាតពិតប្រាកដ ទាំង០៨គ្រួសារ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សង្គ្រោះជីវិតពីការរស់នៅពនេចរ ផ្លាស់ពីកន្លែងមួយទៅមួយ គ្មានទីតាំងច្បាស់លាស់ ពិសេសក្នុងតំបន់ការពារធនធានធម្មជាតិ ឆ្ងាយពីទីប្រជុំជន និងសាលារៀន ឱ្យពួកគេបានចូលមកចាប់ឆ្នោតរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង មានផ្ទះសម្បែង និងដីកសិកម្មសមរម្យ បានដាំដុះ បង្កបង្កើនផល និងមានអាជ្ញាធរខេត្ត នៅចាំជួយជាប្រចាំ៕










































News Source: freshnewsasia.com
LATEST NEWS
វិទ្យុពេលព្រឹក - ឧសភា ២៩, ២០២៥
MORE NEWS CLICK HERE...