(ភ្នំពេញ)៖ ក្រោមកិច្ចសម្របសម្រួលរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្ថានទូតចិនប្រចាំនៅកម្ពុជា និងបណ្តាញសង្គមស៊ីវិលនៅកម្ពុជា ក្រុមគ្រូពេទ្យឯកទេសចំនួន៦រូប នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានធ្វើដំណើរទៅចូលរួមក្នុងសិក្ខាសាលាស្តីពីការបង្ការ និងការគ្រប់គ្រងជំងឺប្រព័ន្ធប្រសាទ និងជំងឺផ្លូវចិត្តសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ រយៈពេល១៥ថ្ងៃ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
សិក្ខាសាលានេះមានការចូលរួមពីសិក្ខាកាម ដែលជាវេជ្ជបណ្ឌិតឯកទេសមកពីប្រទេសចំនួន៥ គឺ កម្ពុជា ស្រីលង្ការ អេត្យូពី នីហ្សេរីយ៉ា និងប្រទេសកេនយ៉ា ដែលធ្វើការបណ្តុះបណ្តាលដោយផ្ទាល់ពី ក្រុមសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតកំពូលៗមកពី Beijing University of Chinese Medicine ក៏ដូចជា Xuanwu Hospital, Capital Medical University។
សិក្ខាសាលានេះ បានផ្តល់វគ្គបណ្តុះបណ្តាលសំខាន់ៗដូចជា៖
* វិធីសាស្រ្តក្នុងការព្យាបាល ការវះកាត់ប្រព័ន្ធប្រសាទសម្រាប់កុមារ និងកុមារដែលមានជំងឺឆ្កួតជ្រូក* បច្ចេកទេសក្នុងការព្យាបាលការហូរឈាមក្នុងខួរក្បាល និងការប៉ះទង្គិចធ្ងន់ធ្ងរក្នុងខួរក្បាល* ការចែករំលែកបទពិសោធន៍ពាក់ព័ន្ធជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល* វិធីសាស្រ្តក្នុងការស្តារសម្បទាខួរក្បាល និងសារពាង្គកាយឡើងវិញ* វិធានការ និងពិធីសារសំខាន់ៗសម្រាប់បង្ការ និងគ្រប់គ្រងជំងឺប្រព័ន្ធប្រសាទ និងជំងឺផ្លូវចិត្ត ដែលកំពុងកើតមានកាន់តែច្រើននៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ផងដែរ ដែលបញ្ហាចំបងបណ្តាលមកពីការរីកចម្រើនលឿនពេក នៃបច្ចេកវិទ្យា និងការកាត់បន្ថយការធ្វើទំនាក់ទំនងសង្គម។
ជាមួយនឹងការបញ្ចប់ដោយជោគជ័យ នូវសិក្ខាសាលាដ៏មានសារសំខាន់ខាងលើ ក្រុមវេជ្ជបណ្ឌិតឯកទេស នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណ: និងជាប្រធានស.ស.យ.ក ដែលជានិច្ចកាលតែងតែចង្អុលបង្ហាញ តម្រង់ទិស ផ្តល់អនុសាសន៍ល្អ និងផ្តល់ឱកាសដល់យុវជន ក្នុងការទទួលបានទាំងចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗសម្រាប់ជីវិត និងអាជីពការងារ។
ក្រុមវេជ្ជបណ្ឌិតឯកទេស នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ក៏បានថ្លែងអំណរគុណដល់លោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលតែងតែខិតខំប្រឹងប្រែងពុះពារទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជាមិត្ត និងបានចុះអនុស្សរណ:នៃការយោគយល់ជាច្រើនជាមួយបណ្តាមន្ទីរពេទ្យ និងសាកលវិទ្យាល័យវេជ្ជសាស្រ្តនានា ក្នុងបណ្តាប្រទេសដែលមានការរីកចម្រើន ផ្នែកវេជ្ជសាស្រ្តដូចជា ប្រទេសចិន កូរ៉េ ជប៉ុន ឥណ្ឌា អូស្រ្តាលី និងសឹង្ហបុរីជាដើម ព្រមទាំងរៀបចំសិក្ខាសាលាវេជ្ជសាស្រ្តអន្តរជាតិជារៀងរាល់ឆ្នាំ សម្រាប់បង្កើនចំណេះដឹង និងបទពិសោធន៍របស់ក្រុមគ្រូពេទ្យកម្ពុជាផងដែរ ព្រមទាំងយកចិត្តទុកដាក់តាមដានជាប្រចាំអំពីការធ្វើដំណើរ ស្នាក់នៅ ហូបចុក និងរៀនសូត្ររបស់សិក្ខាកាម៕