(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងសុន្ទរកថា អំពីករណីដែលមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ បដិសោធសេចក្តីស្នើពាក់ព័ន្ធនឹងតៃវ៉ាន់។
នៅថ្ងៃទី១៩ ខែឧសភា គណៈកម្មាធិការកិច្ចការទូទៅ និងកិច្ចប្រជុំពេញអង្គរបស់មហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ បានធ្វើសេចក្តីសម្រេចចិត្តដោយឡែកពីគ្នា ដោយបានបដិសោធយ៉ាងជាក់លាក់ចំពោះករណី ដែលដាក់បញ្ចូលសេចក្តីស្នើរបស់ប្រទេសមួយចំនួនតូច ស្តីពីអ្វីដែលហៅថា “អញ្ជើញតៃវ៉ាន់ចូលរួម មហាសន្និបាតអង្គការសុខភាពពិភពលោក ក្នុងនាមជាអ្នកសង្កេតការរណ៍”ក្នុងរបៀបវារៈមហាសន្និបាត នេះជាឆ្នាំទី៩ ជាប់ៗគ្នាហើយ ដែលមហាសន្និបាតអង្គការសុខភាពពិភពលោកបដិសធ សេចក្តីស្នើពាក់ព័ន្ធនឹងតៃវ៉ាន់។
ទាក់ទិននឹងបញ្ហាដែលតំបន់តៃវ៉ាន់នៃប្រទេសចិនចូលរួមកិច្ចការអង្គការអន្តរជាតិ ក្នុងនោះក៏បូករួមទាំងការចូលរួម សកម្មភាពអង្គការសុខភាពពិភពលោកផងដែរ គោលជំហររបស់ចិនគឺជាប់លាប់និងជាក់លាក់ ពោលគឺត្រូវរៀបចំចាត់ចែង តាមគោលការណ៍ចិនតែមួយ ហើយនេះក៏ជាគោលការណ៍មូលដ្ឋាន ដែលបានបញ្ជាក់ក្នុងសេចក្តីសម្រេចចិត្តលេខ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចចិត្តលេខ២៥.១ របស់មហាសន្និបាតអង្គការសុខភាពពិភពលោកផងដែរ។
រដ្ឋាភិបាលមជ្ឈិមចិនយកចិត្តទុកដាក់ខ្ពស់ដល់សុខភាព និងសុខុមាលភាពរបស់ជនរួមជាតិតៃវ៉ាន់ ។ ក្រោមបុរេលក្ខខណ្ឌ នៃគោលការណ៍ចិនតែមួយ រដ្ឋាភិបាលមជ្ឈិមចិនបានធ្វើការរៀបចំចាត់ចែង ដោយសមរម្យចំពោះការចូលរួមរបស់តំបន់តៃវ៉ាន់ ក្នុងកិច្ចការសុខភាពពិភពលោក។ ក្នុងក្របខ័ណ្ឌនៃ <<លក្ខន្តិកៈសុខភាពអន្តរជាតិ>> យន្តការផ្លាស់ប្តូរព័ត៌មានរវាងតំបន់តៃវ៉ាន់ និងអង្គការសុខភាពពិភពលោក ក៏ដូចជាបណ្តាប្រទេសនានា គឺមានភាពរលូននិងល្អពេញលេញ តៃវ៉ាន់អាចទទួលបាន ដោយទាន់ពេលវេលា នូវព័ត៌មានអំពីហេតុការណ៍សន្តិសុខសាធារណៈជាបន្ទាន់ ដែលប្រកាសដោយអង្គការសុខភាពពិភពលោក ហើយក៏អាចរាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោក ដោយទាន់ពេលវេលាផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន